ដោយៈជេស៊ីកា
កែបៈ នៅទីបំផុតអ្នកឧកញ៉ាទ្រី ភាពបានទទួល សជ ណ ពីរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍន៍កោះទន្សាយជាផ្លូវការហើយ ខណៈក្រុមហ៊ុននេះបាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកអភិវឌ្ឍន៍កោះនេះ។
អភិបាលនៃគណៈអភិបាលខេត្តកែប លោកសោម ពិសិដ្ឋបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីល្ងាចថ្ងៃទី៧ កុម្ភៈកន្លងមកថា ក្រុមហ៊ុនទ្រី ភាពគ្រុបរបស់អ្នកឧកញ៉ាទ្រី ភាពបានទទួលស ជ ណពិតប្រាកដនិងជាផ្លូវការពីរាជរដ្ឋាភិបាលហើយ ខណៈក្រុមហ៊ុនកំពុងសាងសង់ហេដ្ឋារចនាសម្ព័ន្ឋធ្វើផ្លូវជុំវិញកោះទំហំ១៤០ហិកតានេះ។
លោកបន្តថា “ក្រុមហ៊ុនទ្រី ភាពនឹងអភិវឌ្ឍន៍ផ្នែកម្ខាងនៃកោះទន្សាយ ពោលគឺមិនអភិវឌ្ឍន៍៍ទាំងអស់ទេ ដោយសហគមន៍៍ទេសចរណ៍ ដែលមានបច្ចុប្បន្ននេះមិនរងផលប៉ះពាល់ឡើយ ព្រោះប្រជាសហគមន៍នៅលើកោះនេះ ជាប្រជាជនចាស់ ប៉ុន្តែពួកគេរស់នៅលើដីឯកជនរបស់រដ្ឋ”។
លោកសោម ពិសិដ្ឋបានបន្តថា នៅផ្នែកម្ខាងនៃកោះ នឹងមានការរៀបចំឆ្នេរឡើងវិញ ពីសំណាក់ក្រុមហ៊ុននេះ ព្រោះឆ្នេរលើកោះភាពច្រើនសម្បូរដោយថ្មរដិបរដុប។
ក្រុមហ៊ុនទ្រី ភាពគ្រុបគ្រោងអភិវឌ្ឈន៍កោះទន្សាយ ជារមណីយដ្ឋានលំហែរកាយកម្រិតខ្ពស់មួយ ដោយមាននូវសេវាកម្មជាច្រើន រួមមានភោជនីយដ្ឋាន សណ្ឋាគារប្រណីត មជ្ឈមណ្ឌលកំសាន្ត ទីលានវាយកូនហ្គោលជាដើម៕