ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ម្ចាស់បុរីក៏ដូចជាធនាគារនានាក្នុងប្រទេសកម្ពុជាបានបន្ធូរបន្ថយលក្ខខណ្ឌដល់អតិថិជនរបស់ខ្លួនច្រើន ដែលធ្វើឱ្យអ្នកទិញលំនៅឋានបង់រំលស់នៅក្នុងប្រទេសកម្ពុជាទាំងបង់ជាមួយធនាគារនិងបង់ជាមួយអ្នកអភិវឌ្ឍន៍ផ្ទាល់កាន់តែមានចំនួនច្រើនឡើងៗ។
លោក ឡុង គឹមសួគ៌ អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury 21 Advanced Property បានឱ្យដឹងថា ទីផ្សារលំនៅឋាននៅក្នុងប្រទេសកម្ពុជាយើងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងឃើញថាមានការរីកចម្រើនខ្លាំង ដោយម្ចាស់បុរីបានបន្តសាងសង់គម្រោងរបស់ខ្លួនកាន់តែច្រើន។ ប៉ុន្តែក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ការលក់ចេញមានថមថយបន្តិចវិញដោយសារតែវិបត្តិកូវីដ១៩ ដែលធ្វើឱ្យប្រាក់ចំណូលរបស់ពលរដ្ឋធ្លាក់ចុះហើយពលរដ្ឋដែលចង់ទិញផ្ទះក៏បានរារែកបន្តិច។
លោកបន្តថា យ៉ាងណាក្ដី ទោះបីជាទីផ្សារលំនៅឋានមានបញ្ហាពិតមែនតែការទិញលក់នៅតែដំណើរការដោយឃើញថាបុរីធំតូចបន្តសាងសង់ដោយរលូន ក៏ព្រោះតែធនាគារបន្តផ្ដល់កម្ចីដល់អ្នកទិញលំនៅឋាន ហើយម្ចាស់បុរីក៏បានបន្ធូរបន្ថយលក្ខខណ្ឌក្នុងការទិញដោយបង់រំលស់ដោយមិនទាមទារឯកសាររញ៉េរញ៉ៃច្រើន។
កត្តាទាំងនេះហើយជំរុញឱ្យការទិញលំនៅឋានដោយបង់រំលស់ក្នុងប្រទេសកម្ពុជាកាន់តែមានចំនួនច្រើនឡើង។
លោកបន្ថែមថា ម្ចាស់បុរីដែលនៅតែបន្តសាងសង់លំនៅឋានមានលក្ខណៈជាបុរី បានបន្ថយបរិមាណនៃលំនៅឋានមួយចំនួន ហើយចំនួនទៀតសាងសង់ពេលនេះ និងសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ពេលដែលចប់វិបត្តិនឹងរំពឹងថាតម្រូវការលំនៅឋានក្នុងប្រទេសកម្ពុជានឹងកាន់តែមានកំណើនឡើងបន្ថែមទៀត។
អ្នកជំនាញ នៃវិស័យអចលនទ្រព្យជាច្រើនបានផ្ដល់ជាយោបល់ថា មុននឹងសម្រេចចិត្តទិញផ្ទះដោយបង់រំលស់ក៏គួរតែគិតគូពីហិរញ្ញវត្ថុរបស់ខ្លួនផងដែរ ដោយមិនត្រូវបង់ផ្ទះរំលស់ប្រចាំខែលើសពី៣០ភាគរយនៃប្រាក់ចំណូលរបស់ខ្លួនឡើយ បើពុំនោះ វានឹងអាចមានហានិភ័យនៃវិបត្តិហិរញ្ញវត្ថុ។
ក្នុងឆ្នាំ២០២១កន្លងទៅ គម្រោងសាងសង់សំណង់សរុបក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថាគម្រោងសាងសង់លំនៅឋានមាន៥០ភាគរយទៅហើយនៃគម្រោងសាងសង់សរុបដែលមានន័យថាការសាងសង់លំនៅឋានក្នុងឆ្នាំ២០២១កន្លងទៅមានចំនួនច្រើន និងមានតម្រូវការខ្ពស់ដដែលធៀបនឹងវិស័យផ្សេងៗ៕