ដោយៈសុខុម
គូឡាឡាំពួ: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យលំដាប់ខ្ពស់IBN Corp Ltd (IBN Corp) និយាយថា ទីផ្សារអចលនទ្រព្យម៉ាឡេស៊ី នៅតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីអ្នកទិញអន្តរជាតិ ជាពិសេសអចលនទ្រព្យនៅក្រុងគូឡាឡាំពួ ក្រុង Genting Highlands និងរដ្ឋ Sabah។
លោក Megat Khalil Izzuddin Shah នាយកក្រុមហ៊ុន IBN Corp បានចេញសេចក្តីថ្លែងការណ៍ កាលពីថ្ងៃច័ន្ទ ទី៧ កុម្ភៈ ថា ម៉ាឡេស៊ី នៅតែស្ថិតក្នុងចំណោមប្រទេសល្អបំផុត សម្រាប់ការចូលនិវត្តដោយសារប្រទេសនេះ មានអាកាសធាតុ និងបរិយាកាសរស់នៅដ៏ល្អឥតខ្ចោះ។
លោកបន្ថែមទៀតថា “ប្រព័ន្ធដឹកជញ្ជូនសាធារណៈដ៏សម្បូរបែប ថ្លៃព្យាបាលសមរម្យ និងថ្លៃសិក្សាដ៏សែនធូរថ្លៃ ក៏ជាចំណុចដ៏ទាក់ទាញផងដែរ”។ លោកបន្តថា “លើសពីនេះ អ្នកវិនិយោគចូលចិត្តជម្រើសកម្មសិទ្ធិផ្ដាច់មុខ (ទិញផ្ដាច់) និងតម្លៃដែលជាថ្នូរ នឹងបែបបទរស់នៅដ៏ល្អ បើធៀបនឹងអ្វីដែលពួកគេអាចទទួលបាន នៅក្នុងប្រទេសកំណើតរបស់ខ្លួនដូចជាប្រទេសចិន ហុងកុង សិង្ហបុរី និងជប៉ុន ជាដើម”។
ផ្អែកតាមការព្យាករ ទីផ្សារនេះនឹងទទួលបានកំណើនបន្ថែមទៀតនៅពេលបើកព្រំដែនឡើងវិញ។ ទោះជាយ៉ាងណា ដោយសារតែការរឹតបន្តឹងការធ្វើដំណើរនាពេលបច្ចុប្បន្ន អតិថិជននៅក្រៅប្រទេសមិនអាចចូលទស្សនាទីតាំងគម្រោង និងShowroom លក់នៅក្នុងប្រទេសម៉ាឡេស៊ី បានទេនៅពេលនេះ។
លោក Megat Khalil Izzuddin Shah បានធ្វើការកត់សម្គាល់ថា “ហេតុដូច្នេះហើយ ក្រុមហ៊ុនIBN Corp បានកែសម្រួលយុទ្ធសាស្រ្តលក់ និងទីផ្សាររបស់ខ្លួន ដើម្បីផ្តោតលើទីផ្សារក្នុងស្រុកច្រើនជាងមុន តាមរយៈការចូលរួមជាមួយ បណ្ដាទីភ្នាក់ងារអចលនទ្រព្យ ក្នុងស្រុកឈានមុខគេ ហើយមានបំណងបង្កើន ចំនួនអតិថិជនក្នុងស្រុករបស់ខ្លួន ឱ្យឈានដល់៥០%”។
គម្រោងអភិវឌ្ឍន៍សំខាន់ៗរបស់ក្រុមហ៊ុន IBN Corp រួមមានទាំង IBN Bukit Bintang ដែលជាគម្រោងអគារខ្ពស់ប្រណីតមួយ ក្នុងទីក្រុងគូឡាឡាំពួ ជាមួយនឹងទុនវិនិយោគ៣១០,៦លានដុល្លារអាមេរិក និងIBN Highlands City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅក្រុង Genting Highlands ជាមួយនឹងទុនវិនិយោគ១,៤៨ពាន់លានដុល្លារអាមេរិក ផងដែរ។
លោក Megat Khalil Izzuddin Shah បញ្ជាក់ថា “ដំណាក់កាលទី១ នៃគម្រោងIBN Highlands City គ្រោងនឹងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២៣ ខណៈគម្រោង IBN Bukit Bintang គ្រោងនឹងបញ្ចប់នៅត្រីមាសទី២ ឆ្នាំ២០២៤”។
លោកបានបន្ថែមទៀតថា “យើងក៏មានគម្រោងថ្មីៗគួរឱ្យទាក់ទាញមួយចំនួនផ្សេងទៀត ដែលបានគ្រោងទុកសម្រាប់ឆ្នាំនេះ រួមទាំងសួនកម្សាន្តមួយលើផ្ទៃដីជាង១៦ហិកតា នៅជិតគម្រោង IBN Highlands City ផងដែរ”៕ The Edge Markets៕