ក្រុមហ៊ុនលំដាប់យក្សចិន R&F Properties បានជាប់គាំងគំរោងនៅអង់គ្លេស និងកម្ពុជា

0

ដោយៈសុខុម

ក្រុងឡុងដ៍: ការងារសាងសង់អគារកប់ពពក One Nine Elms តម្លៃ១,២២ពាន់លានដុល្លារអាមេរិក នៅទីក្រុងឡុងដ៍ បានជាប់គាំងកាលពីសប្ដាហ៍កន្លងទៅ ដោយសារបញ្ហាទូទាត់ប្រាក់ ជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ដ៏ធំ R&F Properties ដែលមានមូលដ្ឋាននៅប្រទេសចិន។

យោងតាមសារព័ត៌មានបរទេស Construction News ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៨ កុម្ភៈ ឱ្យដឹងថា ក្រុមហ៊ុន R&F Properties បានឈានចូលទីផ្សារអង់គ្លេស ក្នុងឆ្នាំ២០១៧ ហើយបច្ចុប្បន្នមានគម្រោងធំៗចំនួន៤ដែលមានតម្លៃសរុប មិនតិចជាង៣ពាន់លានដុល្លារអាមេរិកឡើយ។ ប៉ុន្តែពេលនេះក្រុមហ៊ុននេះ កំពុងតែជួបការលំបាកផ្នែកហិរញ្ញវត្ថុ។

កាលពីដើមខែមករា ឆ្នាំ២០២២ បុត្រសម្ព័ន្ធនៅក្រុងហុងកុង របស់ក្រុមហ៊ុន R&F Properties បានខកខានសងបំណុល តាមពេលវេលាកំណត់ ក្រោយពីបុត្រសម្ព័ន្ធនោះ បានព្រមព្រៀងជាមួយម្ចាស់បំណុលរបស់ខ្លួន ដើម្បីពន្យារពេលទូទាត់សងបំណុល៧២៥លានដុល្លារអាមេរិក។

គំរោងរបស់ក្រុមហ៊ុន R&F Property ស្ថិតនៅលើមហាវិថីព្រះមុនីវង្ស ទល់មុខក្រសួងធនធានទឹក និងឧត្តុកនិយមក៏បានជាប់គាំង អស់រយៈពេលជាង២ឆ្នាំកន្លងមកផងដែរ។

ជុំវិញករណីនេះ ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអាមេរិក S&P Global មិនបានផ្លាស់ប្ដូរកម្រិតគុណភាព ឥណទានរបស់ក្រុមហ៊ុនមេ R&F Properties នោះទេ ប៉ុន្តែនិយាយថា ខ្លួនអាចនឹងកាត់។

ទោះជាយ៉ាងណា ទីភ្នាក់ងារដាក់កម្រិតគុណភាពឥណទានអាមេរិក S&P Global ក៏បានព្រមានដែរថា ក្រុមហ៊ុន R&F Properties នៅតែបន្តប្រឈមនឹងបញ្ហាសាច់ប្រាក់ នៅក្នុងរយៈពេល១២ខែខាងមុខ។

ទន្ទឹមនេះទីភ្នាក់ងារដាក់កម្រិត គុណភាពឥណទានអាមេរិក មួយទៀតឈ្មោះ Fitch ជឿថា ក្រុមហ៊ុន R&F Properties នៅតែបន្តប្រឈមមុខនឹងបញ្ហាសាច់ប្រាក់ ដោយសារបំណុលរយៈពេលខ្លី មួយចំនួនធំរបស់ខ្លួន ដល់ពេលត្រូវទូទាត់សងនៅក្នុងឆ្នាំ២០២២នេះ ខណៈក្រុមហ៊ុននេះនៅតែពិបាកទទួលបានហិរញ្ញប្បទាន។

ក្រុមហ៊ុននេះ កំពុងរៀបចំផែនការលក់ទ្រព្យសកម្ម ដើម្បីទូទាត់សងបំណុល ដែលដល់ពេលត្រូវសងក្នុងពេលដ៏ខ្លីខាងមុខនេះ ប៉ុន្តែអ្នកជំនាញជឿថា មានហានិភ័យខ្ពស់នៅក្នុងលក់ទ្រព្យសកម្មនេះ ដោយសារបរិយា​កាសម៉ាក្រូសេដ្ឋកិច្ចកំពុងប្រឈមការលំបាក។

ខាងក្រោមនេះ ជាស្ថានភាពគម្រោងបច្ចុប្បន្នរបស់ក្រុមហ៊ុន R&F Properties នៅប្រទេសអង់គ្លេស៖

ទី១/ គម្រោងអគារកប់ពពក One Nine Elms
– ក្រុមហ៊ុនទទួលម៉ៅការ: Multiplex
– តម្លៃគម្រោង: ១,២២ពាន់លានដុល្លារអាមេរិក
– គម្រោងបញ្ចប់: ចុងឆ្នាំ២០២២
– ស្ថានភាពបច្ចុប្បន្ន: ការងារភាគច្រើនផ្អាក

ទី២/ គម្រោងអគារកប់ពពក Thames City
– ក្រុមហ៊ុនទទួលម៉ៅការ: ក្រុមហ៊ុន Mace (ដំណាក់កាលទី១) / ក្រុមហ៊ុន Midgard (ដំណាក់កាលទី២)
– តម្លៃគម្រោង: ជាង៦៥០លានដុល្លារអាមេរិក
– គម្រោងបញ្ចប់: ចុងឆ្នាំ២០២២
– ស្ថានភាពបច្ចុប្បន្ន: ដំណើរការតាមផែនការគ្រោងទុក

ទី៣/ គម្រោងអគារកប់ពពក Vauxhall Square
– ក្រុមហ៊ុនទទួលម៉ៅការ: មិនទាន់ប្រគល់ក្រុមហ៊ុនណាមួយទេ
– តម្លៃគម្រោង: ៥៤២លានដុល្លារអាមេរិក
– គម្រោងបញ្ចប់: មិនទាន់មានការបញ្ជាក់
– ស្ថានភាពបច្ចុប្បន្ន: ការងារសំខាន់ៗមិនទាន់បានចាប់ផ្ដើម

ទី៤/ គម្រោងអគារកប់ពពក Queen’s Square
– ក្រុមហ៊ុនទទួលម៉ៅការ: ក្រុមហ៊ុន Ardmore សម្រាប់ដំណាក់កាលទី១ ហើយដំណាក់កាលៗ ក្រោយមិនទាន់ប្រគល់ ទៅឱ្យក្រុមហ៊ុនណានៅឡើយទេ។
– តម្លៃគម្រោង: ជាង៦៧៧លានដុល្លារអាមេរិក
– គម្រោងបញ្ចប់: មិនទាន់ច្បាស់
– ស្ថានភាពបច្ចុប្បន្ន: ការងារផ្អាក ៕ Construction News៕

LEAVE A REPLY

Please enter your comment!
Please enter your name here