ដោយៈវិវត្តន៍
ភ្នំពេញៈ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ឬបរធនបាល ជាប្រភេទសេវាកម្មថ្មីមួយ ទើបត្រូវបានបង្កើតឡើង ដែលស្ថិតក្រោមការគ្រប់គ្រងដោយនិយ័តករបរធនបាលកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ដោយៈវិវត្តន៍
ភ្នំពេញៈ ក្រុមហ៊ុនថែរក្សាទ្រព្យសម្បត្តិជំនួស ឬបរធនបាល ជាប្រភេទសេវាកម្មថ្មីមួយ ទើបត្រូវបានបង្កើតឡើង ដែលស្ថិតក្រោមការគ្រប់គ្រងដោយនិយ័តករបរធនបាលកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
អ្នកជំនាញមើលឃើញថា វិស័យបរធនបាលកិច្ចនេះនឹងជំរុញការវិនិយោគបរទេសមកទិញអចលនទ្រព្យកាន់តែច្រើននៅកម្ពុជា។
នាយកប្រតិបត្តិក្រុមហ៊ុន Zillion Trust PLC លោក ស៊ឹម ស៊ីសាវុត្ថារ៉ាបានមានប្រសាសន៍ឲ្យដឹងថា ការបង្កើតឱ្យមានប្រភេទសេវាកម្មបរធនបាលនេះ គឺដើម្បីសម្រួលដល់ជនបរទេសជាលក្ខណៈបុគ្គល ឬជាក្រុមហ៊ុន អាចមកទិញអចលនទ្រព្យនៅកម្ពុជា ដោយមិនបារម្ភរឿងបញ្ហាផ្លូវច្បាប់។
យោងតាមច្បាប់របស់កម្ពុជា ជនបរទេសមិនត្រូវបានអនុញ្ញាតឱ្យកាន់កាប់ជាកម្មសិទ្ធករ លើអចលនទ្រព្យជាដីធ្លី និងផ្ទះជាប់ដីនោះទេ។
លោកថ្លែងថា “បរធនបាល ជាដំណោះស្រាយមួយ ក្នុងចំណោមដំណោះស្រាយដទៃទៀត ដែលអាចឱ្យជនបរទេសទិញអចលនទ្រព្យនៅកម្ពុជាបានដោយស្របច្បាប់”។ លោកបន្តថា “តាមរយៈបរធនបាលនេះ គឺយើងអាចឈរឈ្មោះជាកម្មសិទ្ធិករឱ្យបុគ្គល ឬជាក្រុមហ៊ុនដល់បរទេស”។
លោកពន្យល់បន្ថែមថា កត្តានេះហើយ បានបង្កើតឱ្យមានក្រុមហ៊ុនបរធនបាល ឬក្រុមហ៊ុនថែរក្សាទ្រព្យជំនួស ដោយសារយើងមើលឃើញពីសក្តានុពល ហើយទីផ្សារក្នុងវិស័យនេះក៏មានទំហំធំផងដែរ។
គិតមកទល់បច្ចុប្បន្ន មានក្រុមហ៊ុនបរធនបាលប្រហែល១០ក្រុមហ៊ុនហើយ ដែលបានបង្កើតឡើងនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការពីការទិញអចលនទ្រព្យរបស់ជនបរទេសនៅកម្ពុជា។
ក្រុមហ៊ុន Zillion Trust PLC គឺជាក្រុមហ៊ុនបរធនបាល មួយដែលបានចុះបញ្ជីនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងទទួលស្គាល់ពេញលេញដោយនិយ័តករមូលបត្រកម្ពុជា (SERC) ដែលអាចជាតំណាងដ៏សក្តិសមសម្រាប់ជនបរទេសក្នុងការទិញដី និងអចលនទ្រព្យផ្សេងៗ។
លោក ស៊ីសាវុត្ថារ៉ា ក្រុមហ៊ុន Zillion Trust PLC បានបើកដំណើរការជិត២ឆ្នាំហើយមកដល់បច្ចុប្បន្ន ហើយក្រុមហ៊ុននេះកំពុងផ្តល់សេវាកម្ម២ធំៗដូចជា ទី១ បរធនបាលបុគ្គល (personal trust) ជាសេវាផ្តល់លើការឈរឈ្មោះ ជាកម្មសិទ្ធិករឱ្យជនបរទេស ដែលចង់ទិញអចលនទ្រព្យដូចជាដីធ្លី និងផ្ទះ។ ទី២ គឺសេវាបរធនបាលពាណិជ្ជកម្ម (commercial trust) ជាការថែរក្សាទ្រព្យនៃគម្រោងវិនិយោគរួម។
ក្រុមហ៊ុនបរធនបាលដើរតួ ជាអ្នកគ្រប់គ្រងទ្រព្យសម្បត្តិឱ្យជនបរទេស ដោយគ្មានសិទ្ធិយកទៅលក់បន្តឡើយ ទោះជាដី ឬផ្ទះនោះជាឈ្មោះកម្មសិទ្ធិរបស់ក្រុមហ៊ុនក៏ដោយ ហើយការទិញដោយវិធីនេះ ជនបរទេសតែងមានទំនុកចិត្តខ្ពស់៕