លោកបណ្ឌិត គីម ហ៊ាង ប្រាប់វិធីសាស្រ្តទារកម្រៃជើងសារក្នុងវិស័យ អចលនទ្រព្យ

0

ដោយ : ស៊ីវ ម៉េង
ភ្នំពេញ : កំរ៉ៃជើងសារពីការទិញលក់ ឬជួលអចលនទ្រព្យ មិនមែនគេឲ្យយើងស្រួលៗឬងាយនោះទេ បើសិនជាយើងគ្មានវិធីសាស្រ្តច្បាស់លាស់ និងគ្មានសិល្ប៍វិធីក្នុងការនិយាយឲ្យបានច្បាស់ជាមួយម្ចាស់អចលនវត្ថុនានា។
លោកបណ្ឌិត គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុបានមានប្រសាសន៍ឲ្យដឹងនៅពេលថ្មីៗនេះថា ការមិនមានវិធីសាស្រ្តក្នុងការនិយាយ និងមិនមានជំហជាក់លាក់ និងច្បាស់លាស់ ភ្នាក់ងារអចលនវត្ថុ នឹងមិនអាចរកកំរ៉ៃជើងសារពីអ្នកលក់ អ្នកជួលអចលនទ្រព្យបាន​៣ភាគរយ ដែលសមា​គមកំណត់ឡើយ។ លោកបន្តថា ភ្នាក់ងារអចលនវត្ថុថ្មីៗ ពួកគេ១ភាគរយក៏យក ពីរភាគរយក៏យក និងកម្រទទួលយកបានបីភាគរយណាស់។


លោកបន្តថា “សម្រាប់ខ្ញុំយក៣ទៅ៥ភាគរយ ហើយដើម្បីទទួ​ល​យកបានកំរ៉ៃជើងសារបែបនេះ យើងត្រូវប្រកាន់តួនាទីរបស់យើង និងធ្វើការប្រ​កបដោយក្រមសីលធ៌មវិជ្ជាជីវៈ”។លោកបន្តថា “យើងត្រូវនិយាយថា យើង”យក”បី ឬ៥ភាគរយ មិនមែនប្រើពាក្យ”សុំ”នោះទេ នៅពេលយើងប្រើពាក្យ”សុំ” គេមិនឲ្យយើងទេ”។
លោកបណ្ឌិតគីម ហ៊ាងបានបន្តថា ធ្វើជាភ្នាក់ងារអចលវត្ថុយើងត្រូវតែស្អា​ត រៀបចំឬកពារឲ្យឡូយ មិនមែនខោមិនខោ អាវមិនអាវនោះទេ ព្រោះបើយើង
មិនចេះរៀបចំឬកពារ ម្ចាស់អចលនទ្រព្យដែលមានតម្លៃរាប់ម៉ឺន រាប់លានដុល្លារ គេមិនទុកចិត្តយើង និងមិនឲ្យតម្លៃយើងនោះទេ ហើយយើងក៏នឹងមិន​ទទួលបានជោគជ័យជាមួយពួកគេដែរ។
លោកបន្តថា ភាពជាភ្នាក់ងារអចលនទ្រព្យជំនាញ ធ្វើការងារច្បាស់លាស់ ស្មោះត្រង់ និងអាចជួយម្ចាស់អចលនទ្រព្យ​លើការរៀបចំ ឬរត់ឯកសារនានាបានកាន់តែច្រើន កាន់តែប្រសើរ ហើយគេនឹងមានទំនុកចិត្តលើយើង ហើយគេនឹងរត់​រកយើងនៅពេលពួកគេត្រូវការទិញ ឬលក់អចលនទ្រព្យលើកក្រោយៗទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here