ដោយៈ វឌ្ឍនៈ
ភ្នំពេញៈ តាមការសិក្សារបស់ក្រុមហ៊ុនអន្តរជាតិមួយប្រចាំកម្ពុជា បានបង្ហាញថា ក្នុងឆ្នាំ២០២២នេះ ការផ្គត់ផ្គង់លំនៅឋានជាន់ផ្ទាល់ដី រំពឹងថានឹងមានចំនួនជាង៥០គម្រោងទៅកាន់ទីផ្សារ ខណៈអ្នកជំនាញក៏រំពឹងថាគម្រោងលំនៅឋាននៅកម្ពុជា នឹងមានសកម្មភាពឡើងវិញ ហើយតម្រូវការនឹងមានកាន់តែច្រើន។
តាមការសិក្សាស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE Cambodia បានបង្ហាញថា ការផ្គត់ផ្គត់គម្រោងលំនៅឋានជាផ្ទះជាប់ដី មានកម្រិតខ្ពស់ចំនួន២គម្រោង គម្រោងមធ្យមមាន៣០គម្រោង និងគម្រោងតម្លៃសមរម្យមាន២០គម្រោង ។ ដើមឆ្នាំ២០២២ផងដែរបានរំពឹងថា ក្រុមហ៊ុន៤សំខាន់ៗនៅកម្ពុជានឹងបន្តផ្គត់ផ្គង់លំនៅឋាន ដើម្បីបំពេញតម្រូវការ រួមមាន បុរីប៉េងហួត នៅជ្រោយចង្វា បុរីជីបម៉ុងផាកលែនដ៍នៅមានជ័យ បុរីភ្នំពេញថ្មី អេលីតផាក នៅសែនសុខ និងបុរីវ៉ារីណា នៅសែនសុខ។
អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodiaបានឱ្យដឹងថា គម្រោងលំនៅឋានភាគច្រើន នៅក្នុងប្រទេសកម្ពុជាឆ្នាំ២០២២នេះ នៅតែរំពឹងថា ក្រោមការវិនិយោគរបស់វិនិយោគិន ក្នុងស្រុក ហើយលំនៅឋានដែលមានការច្នៃប្រឌិតថ្មីៗ នៅតែទទួលបានការគាំទ្រខ្ពស់ពីអ្នកទិញក្នុងប្រទេសកម្ពុជា។
ជាមួយគ្នានេះ លោកអ៉ឹង ប៊ុនហួត ប្រធានផ្នែកលក់គម្រោងរបស់ក្រុមហ៊ុនPIXUI Property បានឱ្យដឹងថា ផ្ទះដែលមានការធ្វើបច្ចុប្បន្នភាពថ្មី នឹងនៅតែមានការគាំទ្រ ហើយជឿថាអតិថិជនជាច្រើន នឹងស្វែងរកលំនៅឋាន ដែលមានការរចនារូបរាងថ្មី ជាពិសេសទៅលើផ្ទះវីឡា។ ផ្ទះប្រភេទថ្មីៗ ទោះបីនៅតំបន់ជាយក្រុង ក៏នៅតែទទួលបានការគាំទ្រ និងមានការទិញលក់ជាបន្តបន្ទាប់។ ម្យ៉ាងទៀតលក្ខខណ្ឌបង់ប្រាក់របស់ម្ចាស់បុរី និងការគាំទ្ររបស់ធនាគារ ទៅលើកម្ចីសម្រាប់ទិញផ្ទះ ក៏បានធ្វើឱ្យប្រជាពលរដ្ឋមានបំណងទិញផ្ទះកាន់តែច្រើន អាចមានលទ្ធភាពក្នុងការទិញផ្ទះ សម្រាប់ស្នាក់នៅ។
តាមរបាយការណ៍របស់ធនាគារជាតិ ក៏បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២១កន្លងទៅនេះ វិស័យធនាគារនិងហិរញ្ញវត្ថុ នៅតែបន្តផ្ដល់កម្ចីសម្រាប់ទិញផ្ទះច្រើនផងដែរ ក្នុងគិតត្រឹមដំណាច់ឆ្នាំ២០២១កន្លងទៅ ការផ្ដល់កម្ចីសម្រាប់ទិញផ្ទះ មានជាង៥ពាន់លានដុល្លារអាមេរិក ខណៈកម្ចីទិញអចលនទ្រព្យទាំងមូល បានកើនឡើងដល់ជាង៦,៤ពាន់លានដុល្លារអាមេរិក ដែលតួលេខនេះបានបង្ហាញ ពីទំនុកចិត្តរបស់ធនាគារទៅលើវិស័យអចលនទ្រព្យក្នុងប្រទេសកម្ពុជា៕