អគ្គនាយកក្រុមហ៊ុន ERA Cambodia ៖ កត្តាចំនួន៤ជំរុញឱ្យទីផ្សារខុនដូនៅកម្ពុជានៅតែមានតម្រូវការខ្ពស់

0

ដោយ៖ ម៉ាលិស

ភ្នំពេញ៖ ដោយសារតែផ្នត់គំនិតរបស់ប្រជាពលរដ្ឋកម្ពុជា ដែលចាប់ផ្តើមចាប់អារម្មណ៍រស់នៅក្នុងខុនដូ ធ្វើឱ្យទីផ្សារមួយនេះនៅតែរក្សាបាននូវស្ថិរភាពល្អប្រសើរឡើងក្នុងឆ្នាំ២០២២នេះ។

លោក ខន គង្គា អគ្គនាយកក្រុមហ៊ុន ERA Cambodia បានមានប្រសាសន៍តាមទូរសព្ទ័ប្រាប់គេហទំព័រ Property Area កាលពីរសៀលថ្ងៃ១៤ ខែកុម្ភៈ នេះថា មានកត្តាមួយចំនួនដែលធ្វើឱ្យតម្រូវការនិងការផ្គត់ផ្គង់ខុនដូនៅក្នុងប្រទេសកម្ពុជាមកទល់ឆ្នាំ២០២២នេះមាននៅតែមានភាពប្រសើរឡើង។

លោកបានមានប្រសាសន៍ថា វិស័យខុនដូនៅកម្ពុជាមានការរីកចម្រើន ក្នុងនោះគឺដោយសារតែរបត់នៃការរស់នៅនិងប្រភពចំណូលរបស់ប្រជាជនមានការប្រសើរឡើង។ ការយល់ដឹងធ្វើឱ្យពួកគាត់មានការរស់នៅមួយប្រកបដោយភាពទាន់សម័យស៊ីវិល័យ ព្រមជាមួយនឹងប្រាក់ចំណូលល្អផងនោះ គាត់បានប្តូររបៀបរស់នៅពីផ្ទះជាប់ដីមកជាលំនៅឋានបែបខុនដូកានតែច្រើន។

ជាមួយគ្នានេះ ការទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលបានល្អ ក៏ជាកត្តាជំរុញឱ្យវិស័យសេដ្ឋកិច្ចកម្ពុជាមានស្ថេរភាពល្អផងដែរ។ ការបើកប្រទេសឡើងវិញគឺជាការស្តារឱ្យវិនិយោគិនបរទេសចាប់ផ្តើម មានការហោះហើរត្រលប់មកកម្ពុជាវិញជាបណ្តើរៗ ដែលនេះជាឱកាសអំណោយផលដល់ទីផ្សារខុនដូនឹងមានការទិញលក់កាន់តែប្រសើរឡើងជាលំដាប់។

លោកបានបន្តថា ម្យ៉ាងវិញទៀតប្រជាពលរដ្ឋកម្ពុជា ដែលធ្លាប់ទៅរស់នៅបរទេសហើយត្រលប់មកកម្ពុជាវិញក៏បានចាប់អារម្មណ៍ក្នុងការរស់នៅក្នុងខុនដូ។ នេះជាកត្តាធ្វើឱ្យវិស័យខុនដូកម្ពុជាក៏ចាប់ផ្ដើមមានអតិថិជនជាជនជាតិខ្មែរកាន់តែច្រើនបានទិញនិងស្នាក់នៅក្នុងខុនដូ ខុសពីការអភិវឌ្ឍដំបូង ដែលខុនដូភាគច្រើនឬស្ទើរតែទាំងអស់គឺជាជនបរទេស។

លោកបន្ថែមថា ក្រៅពីកត្តាផ្នត់គំនិតប្រជាពលរដ្ឋនេះដែរ កត្តាចរាចរណ៍ដែលកកស្ទះនៅតាមដងផ្លូវក៏ជាកត្តាសំខាន់ដែលធ្វើឱ្យពលរដ្ឋមិនចង់ទៅរស់នៅផ្ទះជាប់ដី ដែលមានទីតាំងនៅជាយក្រុងឆ្ងាយពីកន្លែងធ្វើការ ដោយពួកគេមួយចំនួនបានទិញខុនដូនៅកណ្ដាលក្រុងជិតកន្លែងការងារ។

លោកថា “បើពលរដ្ឋចង់ទិញផ្ទះជាប់ដីនៅកណ្ដាលក្រុង ត្រូវចំណាយលុយច្រើន ដោយសារតែដីកណ្ដាលក្រុងក៏មានតម្លៃខ្ពស់ ហើយមិនមានការសាងសង់ផ្ទះជាប់ដី ដើម្បីលក់នោះដែរ។ ដូច្នេះមានតែការទិញខុនដូនៅកណ្ដាលក្រុងទេដែលអាចឱ្យពួកគេអាចស្នាក់នៅជិតកន្លែងការងារបាន”។

ទីផ្សារខុនដូក្នុងឆ្នាំ២០២២នេះ ទាំងការអភិវឌ្ឍនិងការទិញលក់ ត្រូវបានរំពឹងថាជាអ្នកក្នុងស្រុកច្រើន ហើយជនបរទេសនឹងអាចចូលមកកម្ពុជាឡើងវិញជាបណ្តើរក្រោយវិបត្តិបានធូរស្រាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here