ដោយ៖ វឌ្ឍនៈ
ភ្នំពេញ ៖ កំណើនករណីកូវីដ១៩ បំប្លែងថ្មីអូមីក្រុង បាននិងកំពុងរាលដាលក្នុងសហគមន៍នៃប្រទេសកម្ពុជា បង្កការព្រួយបារម្ភជាថ្មីដល់សេដ្ឋកិច្ច ហើយវិស័យអចលនទ្រព្យក៏នឹងអាចប៉ះពាល់ដែរ ក្នុងករណីស្ថានភាពកាន់តែធ្ងន់ធ្ងរ។ យ៉ាងណាក្ដីអ្នកជំនាញបានផ្ដល់ក្ដីរំពឹងខ្ពស់ទៅលើវ៉ាក់សាំងដូសជំរុញទី៣និងទី៤ ដែលអាចជួយឱ្យរដ្ឋាភិបាលគ្រប់គ្រងស្ថានភាពបានល្អ។
លោក ពៅ លីដា អគ្គនាយកនៃក្រុមហ៊ុន LD Property Investment បានឱ្យដឹងថា បើសិនជាពលរដ្ឋកម្ពុជាចូលរួមនិងបានចាក់វ៉ាក់សាំងដូសជំរុញបានកាន់តែច្រើន វានឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមិនអាចនិយាយបានថា អ្នកចាក់វ៉ាក់សាំងរួចហើយមិនឆ្លងជំងឺកូវីដ១៩នោះទេ គ្រាន់តែឆ្លងហើយយើងងាយស្រួលក្នុងការព្យាបាល ។
លោកបន្តថា តំបន់ណាដែលមានមានប្រជាជនចាក់វ៉ាក់សាំងបានច្រើន តំបន់នោះនឹងមិនសូវមានហានិភ័យនៃការឆ្លងក៏ដូចជាប៉ះពាល់ដល់សេដ្ឋកិច្ចនោះឡើយ ដូច្នេះហើយមានតែពលរដ្ឋទាំងអស់ចូលរួមក្នុងការទទួលវ៉ាក់សាំងជំរុញឱ្យបានគ្រប់គ្នាក្នុងការកាត់បន្ថយហានិភ័យខ្ពស់នៃការរាលដាលនៃកូវីដ១៩ប្រភេទថ្មីៗនេះ។
លោក កែវ សុធារ៉ា ប្រធានសាខានៃក្រុមហ៊ុនអចលនទ្រព្យ KW Cambodia ប្រចាំខេត្តសៀមរាបបានឱ្យដឹងថាមេរោគកូវីដ១៩នៅតែជាឧបសគ្គដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ហើយនៅពេលវិស័យនេះរងផលប៉ះពាល់ហើយវិស័យអចលនទ្រព្យក៏នឹងមានផលប៉ះពាល់ ជាមួយនឹងវិស័យផ្សេងទៀតក៏ដូចគ្នាដែរគ្នា។
លោកថា “យ៉ាងណាក្ដី តាមរយៈបទពិសោធន៍នៃការគ្រប់គ្រងរបស់រដ្ឋាភិបាលនាពេលកន្លងមកទៅលើការរាលដាលនៃកូវីដ១៩ យើងសង្ឃឹមថារដ្ឋាភិបាលនឹងអាចគ្រប់គ្រងបានល្អ ក្នុងស្ថានភាពនៃការរាលដាលម្ដងទៀតក្នុងប្រទេសកម្ពុជានៅពេលនេះ។ ម្យ៉ាងវិញ ពលរដ្ឋកម្ពុជាភាគច្រើនលើសលប់ក៏បានចាក់វ៉ាក់សាំងដូសមូលដ្ឋានរួចហើយផងដែរ ដែលអាចធ្វើឱ្យបន្ស៊ាំនៃមេរោគនេះនៅក្នុងសហគមន៍កម្ពុជាផងដែរ”។
លោកបន្តថា ដើម្បីកាត់ផ្ដាច់ការចម្លងនិងឆ្លងមេរោគកូវីដ១៩នេះនៅកម្ពុជាបន្ថែមទៀតនោះ ប្រជាពលរដ្ឋកម្ពុជាគួរតែរួសរាន់ចាក់វ៉ាក់សាំងដូសជំរុញឱ្យបានគ្រប់គ្នា ហើយវិស័យអចលនទ្រព្យក៏ពឹងលើវ៉ាក់សាំងដូសជំរុញនេះដែរ ដែលអាចជួយកាត់បន្ថយការរាលដាលធ្វើឱ្យរដ្ឋាភិបាលបន្តបើកសេដ្ឋកិច្ច បើកអាជីវកម្មនៅតាមវិស័យវិស័យហើយអ្នកដំណើរបរទេសក៏នឹងអាចចូលមកកម្ពុជាបានបន្ថែមទៀតផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានលើកឡើងថា ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជាផ្នែកមួយជួយគាំពារនិងជួយការពារដល់ប្រជាពលរដ្ឋក្នុងស្រុក ដូច្នេះសកម្មភាពវិនិយោគក្នុងនឹងនៅតែបន្តតែអ្វីដែលបញ្ហានោះ គឺវិនិយោគិនមកពីបរទេសនៅក្នុងវិស័យអចលនទ្រព្យ។
លោកបន្តថា “កូវីដ១៩ដែលរាលដាលនៅក្នុងប្រទេសកម្ពុជាយើងបច្ចុប្បន្ននេះ ប្រទេសមួយចំនួនគេសឹងតែចាត់ជាជំងឺផ្ដាសាយធំទៅហើយ ព្រោះវាមិនបង្កការប៉ះពាល់សុខភាពធ្ងន់ធ្ងរ យើងអាចទិញថ្នាំនៅតាមឱសថស្ថានដើម្បីញ៉ាំព្យាបាលប៉ុណ្ណោះ ដូច្នេះបើសិនជាពលរដ្ឋបានចាក់វ៉ាក់សាំងបន្ថែមទៀតវានឹងមិនធ្វើឱ្យប៉ះពាល់ខ្លាំងឡើយ”។
អ្នកជំនាញនៃវិស័យអចលនទ្រព្យជាច្រើនក៏រំពឹងថាវិស័យអចលនទ្រព្យកម្ពុជាក្នុងឆ្នាំ២០២២នេះ នឹងមានភាពល្អប្រសើរទាំងការអភិវឌ្ឍនិងសកម្មភាពនៃការទិញលក់ ក្នុងនោះអ្នកអភិវឌ្ឍន៍នឹងបង្កើនល្បឿនដើម្បីផ្គត់ផ្គង់ទៅកាន់អតិថិជនបន្ថែមទៀតក្នុងឆ្នាំ២០២២ ប៉ុន្តែអ្នកអភិវឌ្ឍន៍អចលនទ្រព្យនឹងនៅតែជាអ្នកក្នុងស្រុក ស្របពេលបរទេសបន្តមានចំនួនតិចតួចប៉ុណ្ណោះដែលអាចចូលមកកម្ពុជាដើម្បីស្វែងរកការវិនិយោគ។