ដោយៈវឌ្ឍនៈ
ភ្នំពេញៈ សក្ដានុពលលើការវិនិយោគ ក្នុងវិស័យដីធ្លីក្នុងប្រទេសកម្ពុជា នៅតែផ្ដល់ឱកាសរកប្រាក់ចំណេញ សម្រាប់វិនិយោគិនដែលមានទុនគ្រប់គ្រាន់ ហើយទិញដីសម្រាប់ទុកលក់យកផលចំណេញ ទោះបីជាកំពុងស្ថិតនៅក្នុងវិបត្តិដូចបច្ចុប្បន្ននេះក្ដី។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ឱ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១៤ កុម្ភៈកន្លងមកថា ការទិញដីទុកនៅជាយក្រុង ដើម្បីយកប្រាក់ចំណេញនៅពេលដីនោះឡើងថ្លៃ គឺជាការវិនិយោគមួយ ដែលល្អហើយលោកក៏បានលើកទឹកចិត្តដល់វិនិយោគិន ដែលចង់វិនិយោគលើវិស័យអចលនទ្រព្យ។
លោកបន្តថា “បើសិនជាវិនិយោគិន មានទឹកប្រាក់គ្រប់គ្រាន់ក្នុងដៃ អាចធ្វើការទិញដីធ្លីទុកទៅមិនខុសទេ ពីព្រោះពេលនេះចាត់ទុកថា ជាពេលវេលាមួយល្អសម្រាប់ការទិញលក់ ហើយអ្នកលក់បើយើងផ្ដល់លក្ខខណ្ឌល្មមៗ ក៏អាចនឹងលក់ឱ្យអ្នកទិញដែរ”។
លោកច្រឹក សុខនីមបន្តថា បញ្ហាប្រឈមនៃកូវីដ១៩ គឺជាបញ្ហារ៉ាំរ៉ៃ ហើយវាមិនទាន់បញ្ចប់ភ្លាមៗនោះទេ។ ទោះបីជាវាមានការរីករាលដាលច្រើនក៏ពិតមែន ប៉ុន្តែដូចយើងបានឃើញស្រាប់ វាបំប្លែងខ្លួនកាន់តែច្រើនទៅ តែឥទ្ធិពលរបស់វាបែរជាខ្សោយ ជាក់ស្ដែងដូចអូមីក្រុងឆ្លងច្រើនពិតមែន តែវាងាយនឹងព្យាបាល ដូច្នេះវាសឹងតែទៅជាជំងឺផ្ដាសាយធម្មតា។
លោកបន្ថែមថា ជាទស្សនៈរបស់លោក បើពួកគាត់មានឆន្ទៈក្នុងការវិនិយោគពិតប្រាកដ ពួកគាត់អាចធ្វើការវិនិយោគ តែសូមកុំឱ្យហួសហេតុពេក ហើយក៏ត្រូវធ្វើការសិក្សាស្រាវជ្រាវជាមុនសិនផងដែរ មុននឹងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ៕