ដោយៈគង់់ សូរិយា
ភ្នំពេញៈ បុរីជាច្រើនបានលេចឡើងនៅក្នុងទឹកដីខ័ណ្ឌដង្កោ ដែលតំបន់ភាគច្រើនធ្លាប់ជាវាលស្រែល្វឹងល្វើយ ទឹកលិចនៅរដូវវស្សាពេលនេះបានជំនួសវិញ ដោយបុរីលំនៅដ្ឋានព្រោងព្រាត ដែលភាគច្រើនជាលំនៅ ដ្ឋានតម្លៃ មធ្យម និងបុរីលំដាប់អភិជនបានចាប់ផ្តើមបណ្តើរៗ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ លោកឧកញ៉ាឈាង រ័ត្ននិងលោកជំទាវស្រី អូន និងសហភាគហ៊ុនិកដទៃទៀត បានបោះទុនវិនិយោគរហូតដល់៧៧លានដុល្លារអាមេរិក ដើម្បីសាងសង់បុរីថ្មីមួយ ស្ថិតនៅលើផ្ទៃដីជាង២០ហិកតា នៅក្នុងខ័ណ្ឌកំពុងមានភាពរីកចម្រើននេះ។
បុរីបុស្បា ជាបុរីលំដាប់អភិជនដំបូងគេ លេចវត្តមាននៅលើទឹកដីខ័ណ្ឌដង្កោ ដែលបាននិងកំពុងវិនិយោគ ដោយលោកឧកញ៉ាឈាង រ័ត្ន។ បុរីនេះបាននិងកំពុងផ្តល់ទស្សនទាន នៃការរស់នៅតាមបែបសម័យថ្មី ជាមួយនឹងការរៀបចំហេដ្ឋារចនាសម្ព័ន្ឋធំទូលាយ លំនៅដ្ឋាននិមួយៗត្រូវបានរចនាឡើងសមស្របនឹងលក្ខខ័ណ្ឌអាកាសធាតុ និងរៀបចំសួនលំហែរបៃតង ដែលជាការផ្សារភ្ជាប់លំនៅដ្ឋានជាមួយធម្មជាតិ ផ្សារភ្ជាប់ជីវិតជាមួយនឹងផាសុខភាពនៃបរិស្ថាន និងដើមឈើខៀវស្រងាត់។
យោងតាមរបាយការណ៍សិក្សា ទីតាំងភូមិសាស្រ្តនៅភាគខាងត្បូង រាជធានីភ្នំពេញរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានបង្ហាញថា នៅក្នុងពេលអនាគតដ៏ខ្លី ដីធ្លីដែលមានតម្លៃទាប រួមទាំងគម្រោងហេដ្ឋារចនាសម្ព័ន្ធកំពុងសាងសង់ នឹងទាក់ទាញវិនិយោគិនជាច្រើន មកអភិវឌ្ឍន៍គម្រោងលំនៅឋានជាបន្តបន្ទាប់នៅភាគខាងត្បូង។ បច្ចុប្បន្ន គម្រោង R&F City Mansion ស្ថិតនៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ គឺជាគម្រោងអភិវឌ្ឍលំនៅឋានធំជាង ដែលក្នុងនោះមានគម្រោងអភិវឌ្ឍពាណិជ្ជកម្ម និងលំនៅឋាន ដែលគ្របដណ្ដប់លើផ្ទៃដីប្រមាណ៧.៧ហិកតា ដោយផ្ទៃសាងសង់មានទំហំ៥៦០.០០០ ម៉ែត្រការ៉េ។
របាយការណ៍របស់ CBRE បានលើកឡើងថា គម្រោងលំនៅឋាន ក្នុងតំបន់ភាគខាងត្បូង នឹងកើនឡើងច្រើនថែមទៀត ដោយសារតម្លៃដីធ្លីក្នុងតំបន់នោះនៅទាបនៅឡើយ។ គម្រោងលំនៅឋាន ដែលស្ថិតនៅក្នុងខណ្ឌដង្កោ ខណ្ឌមានជ័យ ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ រហូតមកដល់ពេលនេះបានបញ្ចប់ការសាងសង់ចំនួន៥៤គម្រោង ខណៈដែលគម្រោងចំនួន៣០ផ្សេងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់នៅឡើយ។
តំបន់ស្ថិតនៅក្នុងខ័ណ្ឌដង្កោ មានភាពអំណោយផលច្រើនលើការអភិវឌ្ឍន៍លំនៅដ្ឋាន ដោយសារហេតុផលជាច្រើនរួមមាន ទី១ មានប្រជាជនរស់នៅច្រើន ទី២ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋមានភាពងាយស្រួល ព្រោះជាតំបន់ថ្មី ទី៣ ជាតំបន់ងាយស្រួលក្នុងការភ្ជាប់ ជាមួយបណ្តាញគមនាគមន៍ ដូចជា ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម៕