ក្រុមហ៊ុន Guangzhou R&F Properties ដែលមានគម្រោងនៅកម្ពុជា សុំពន្យារពេលបញ្ចប់គម្រោងកាស៊ីណូនៅកូរ៉េ

0

ដោយៈសុខុម

សេអ៊ូល: ក្រុមហ៊ុនអភិវឌ្ឍន៍ R&F Korea បានដាក់សំណើថ្មីមួយទៀតទៅកាន់ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍កូរ៉េខាងត្បូង ដើម្បីសុំពន្យារបញ្ចប់ គម្រោងអភិវឌ្ឍន៍កាស៊ីណូ Midan City Resort Complex របស់ខ្លួន២ឆ្នាំរហូតដល់ខែមីនា ឆ្នាំ២០២៤។

យោងតាមសារព័ត៌មាន Asgam ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី១៤ កុម្ភៈ ឱ្យដឹងថា អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Incheon (IFEZA) នៃប្រទេសកូរ៉េខាងត្បូង បានបញ្ជាក់កាលពីសប្ដាហ៍មុនថា ក្រុមហ៊ុន R&F Korea ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Guangzhou R&F Properties Co Ltd ចុះបញ្ជីនៅក្រុងហុងកុង ពិតជាបានដាក់សំណើបែបនេះមែន។

អ្វីដែលជាការកត់សម្គាល់ ក្រុមហ៊ុន Guangzhou R&F Properties Co Ltd ក៏មានគម្រោងនៅប្រទេសកម្ពុជាយើងផងដែរ។

ក្រុមហ៊ុន R&F Korea គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Guangzhou R&F Properties ដែលបានក្លាយជាម្ចាស់ផ្ដាច់មុខ នៃគម្រោងកាស៊ីណូខាងលើនេះ បន្ទាប់ពីទិញយកភាគហ៊ុន៥០% ដែលកាន់កាប់ដោយក្រុមហ៊ុនកាស៊ីណូខ្នាតយក្សរបស់សហរដ្ឋអាមេរិក Caesars Entertainment ដែលជាអតីតដៃគូសហការរបស់ខ្លួន។

នេះជាលើកទី២ ហើយដែលក្រុមហ៊ុន R&F Korea បានស្នើសុំពន្យារពេលបញ្ចប់គម្រោងរហូតដល់ខែមីនា ឆ្នាំ២០២៤ គឺលើសផែនការកំណត់២ឆ្នាំ។ កាលពីពេលមុននេះ ក្រុមហ៊ុនបានស្នើសុំពន្យារពេលបញ្ចប់គម្រោងដល់ទៅ៣ឆ្នាំ មិនយូរប៉ុន្មានបន្ទាប់ពីទទួលបានសិទ្ធិកាន់កាប់ ពេញលេញលើគម្រោងនេះ។

ទោះជាយ៉ាងណា សំណើនោះត្រូវបានច្រានចោល ដោយទទួលបានការអនុញ្ញាតឱ្យពន្យា ពេលត្រឹមតែ១២ខែរហូតដល់ខែមីនា ឆ្នាំ២០២២ ដើម្បីបញ្ចប់គម្រោងនេះ និងដោយមានលក្ខខណ្ឌថា ក្រុមហ៊ុននេះត្រូវទូទា​ត់សង២៧លានដុល្លារអាមេរិក ដែលខ្លួនជំពាក់ក្រុមហ៊ុនសាងសង់កូរ៉េ Ssangyong E&C ដែលបានផ្អាកការងារសាងសង់ ក្នុងគម្រោងនេះកាលពីខែកុម្ភៈ ឆ្នាំ២០២០។

សារព័ត៌មានបានចុះផ្សាយថា ក្រុមហ៊ុន R&F Korea មិនទាន់បំពេញ បានតាមសំណើរបស់ក្រសួងនៅឡើយទេ ប៉ុន្តែសំណើចុងក្រោយដែលសុំពន្យារពេលបញ្ចប់គម្រោងនេះ ពិតជាបានរួមបញ្ចូលនូវការសន្យាបង្កើនថវិកាគម្រោងចំនួន៥%។

អាជ្ញាធរតំបន់សេដ្ឋកិច្ចសេរី Incheon (IFEZA) ធ្លាប់បានកំណត់ហើយថា ការបន្ថែមថវិកាគម្រោង៥%នេះ ពិតជាចាំបាច់ណាស់ទាំងសម្រា​ប់ក្រុមហ៊ុន R&F Korea ខ្លួនឯង និងក្រុមហ៊ុន Mohegan Gaming & Entertainment ដែលកំពុងអភិវឌ្ឍគម្រោងសណ្ឋាគារ& កាស៊ីណូក្បែរនោះមួយទៀត មានឈ្មោះថា Inspire Korea ដើម្បីទទួលបានការពន្យារពេលបញ្ចប់គម្រោង។

ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ គ្រោងបង្កើតគណៈកម្មកម្មការមួយ ដើម្បីពិនិត្យមើលសំណើរបស់ក្រុមហ៊ុន R&F Korea។ គម្រោងនេះដែលបច្ចុប្បន្នសាងសង់សម្រេចបាន៧៥% ដោយនៅដល់តែ២៥%ទៀតនឹងបញ្ចប់ជាស្ថាពរ គ្រោងនឹងរួមបញ្ចូលកាស៊ីណូ សម្រាប់តែជនបរទេស បន្ទ​ប់សណ្ឋាគារចំនួន៧៥១បន្ទប់ សាលមហោស្រពមួយ និងសាលសន្និ​សីទមួយផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here