ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ ស្រុកទឹកឈូបាននិងកំពុងទាក់ទាញខ្លាំងទៅលើការអភិវឌ្ឍអភិវឌ្ឍន៍ជាដីឡូតិ៍និងលំនៅឋានលំហែកាយ ពីសំណាក់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិជាច្រើន ដោយសារមានការគាំទ្រខ្លាំងពីប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលមធ្យមឡើងទៅ ក្នុងនោះពលរដ្ឋនៅភ្នំពេញជាអតិថិជនគោលដៅ។
លោក ជិន ណារិន នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Sunshine Kampot Real Estate បានឱ្យដឹងថា ស្រុកទឹកឈូជាស្រុកមួយ ដែលមានសក្ដានុពលខ្ពស់ក្នុងការទាក់ទាញការអភិវឌ្ឍលើតំបន់លំនៅឋានលំហែកាយ ដោយសារស្រុកទឹកឈូជាតំបន់ដែលសំបូរព្រែក សំបូរភ្នំ ព្រៃ និងមានទីតាំងនៅជិតក្រុងកំពត ទីរួមខេត្តកំពត។ ជាពិសេសទឹកឈូជាស្រុកមួយ ដែលជាប់នឹងក្រុងថ្មីរបស់កំពត គឺក្រុងបូកគោ និងមានរមណីយដ្ឋានទេសចរណ៍ច្រើនផងដែរ។
លោកបន្តថា បច្ចុប្បន្ននេះ មានគម្រោងអភិវឌ្ឍន៍តំបន់នៅឋានជាច្រើនបានចូលទៅអភិវឌ្ឍន៍តែក៏មានគម្រោងខ្លះទាក់ទាញខ្លាំងនិងគម្រោងខ្លះមិនសូវទាក់តែយ៉ាងណាក៏មានការគាំទ្រច្រើនពីអតិថិជននានាពីបណ្ដាខេត្តក្នុងនោះប្រជាពលរដ្ឋមកពីភ្នំពេញ បានទិញគម្រោងលំនៅឋានលំហែកាយច្រើនជាងគេ។
លោក ជិន ណារិន បានបន្ថែមថា ថ្វីត្បិតតែមានគម្រោងអភិវឌ្ឍន៍លើលំនៅឋានលំហែកាយច្រើនពិតមែនក្នុងស្រុកនេះ តែតម្លៃដីធ្លីនៅក្នុងស្រុកនេះមិនមានការឡើងថ្លៃខ្ពស់នោះទេ នៅរក្សាភាពទ្រឹងដដែល។
បើតាមលោក កែវ សុជាតិ ប្រធានសាខានៃក្រុមហ៊ុន KW Cambodia ប្រចាំខេត្តកំពតបានឱ្យដឹងថា កំពតជាខេត្តមួយដែលជាគោលដៅអភិវឌ្ឍន៍របស់រដ្ឋាភិបាល ដោយមានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានចាប់ផ្ដើមសាងសង់នៅក្នុងខេត្តកំពត ដូចជា ផ្លូវជាតិលេខ៤៣ជាដើម។ មួយវិញទៀតការអភិវឌ្ឍផ្លូវជាតិលេខ៣ ដែលតភ្ជាប់ពីភ្នំពេញ ទៅកាន់ខេត្តកំពតក៏បានធ្វើឱ្យភ្ញៀវទេសចរចូលទៅកាន់ខេត្តនេះ កាន់តែច្រើន ជំរុញឱ្យមានតម្រូវការលើការអភិវឌ្ឍលំនៅឋានបែបលំហែក៏កាន់តែខ្ពស់។
លោកថា ”កាលពីចុងឆ្នាំ២០២១ សកម្មភាពទិញលក់ទៅលើគម្រោងដីឡូតិ៍លំហែកាយក្នុងខេត្តកំពតឃើញថាមានច្រើន តែមកដល់ដើមឆ្នាំនេះ ការទិញលក់ហាក់បានថមថយបន្តិចដែលទាក់ទងនឹងកូវីដ១៩ប្រភេទអូមីក្រុង។ យ៉ាងណាក្ដីយើងរំពឹងថានៅក្នុងពេលអនាគត ការអភិវឌ្ឍលំនៅឋានលំហែកាយក្នុងខេត្តនឹងកាន់តែមានសន្ទុះបន្ថែមទៀត”។
លោក ខូល័រ តាន់ អ្នកអភិវឌ្ឍន៍គម្រោងដីឡូត៏និងផ្ទះលំហែបូកគោលែនដ៏ ក៏បានឱ្យដឹងថា កំពតមានតំបន់រមណីយដ្ឋានច្រើន ដែលទាក់ទាញទេសចរជាតិនិងអន្តរជាតិចូលទៅសម្រាកនិងកម្សាន្ត ហើយកំពតក៏មានទីតាំងមិនឆ្ងាយពីភ្នំពេញ ជាពិសេសផ្លូវក៏ទើបសាងសង់និងមានភាពងាយស្រួលក្នុងការធ្វើដំណើរដែលធ្វើឱ្យសក្ដានុពលនៃខេត្តនេះកាន់តែទាក់ទាញទៅលើគម្រោងអភិវឌ្ឍន៍តំបន់លំហែកាយ។
លោក អ៊ិន ស៊ីថា អគ្គនាយកនៃក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅឋានលំហែកាយ Forest Harmony បានឱ្យដឹងថា នៅពេលអនាគត ការអភិវឌ្ឍលំនៅឋានលំហែកាយនៅកម្ពុជានឹងក្លាយជាផ្នែកមួយនៃអចលនទ្រព្យដែលមានការពេញនិយមកាន់តែខ្លាំង ហើយតំបន់ដែលមានរមណីយដ្ឋានច្រើននឹងមានការទាក់ទាញកាន់តែខ្លាំងទៅលើការអភិវឌ្ឍផ្នែកនេះ៕