តើអូមីក្រុងនឹង​ប៉ះពាល់​ខ្លាំង​ដល់​​សេដ្ឋកិច្ចអចលនទ្រព្យកម្ពុជាឆ្នាំ២០២២ ដែរ ឬទេ?

0

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ ដើមឆ្នាំ២០២២នេះ អ្នកវិនិយោគ ក្នុងស្រុកក៏ដូចជាអ្នកជំនាញ និងសេដ្ឋវិទូជាច្រើនហាក់មានក្ដី រំពឹងខ្ពស់ចំពោះសេដ្ឋកិច្ចរបស់កម្ពុជា ដោយរំពឹងថាសកម្មភាពសេដ្ឋកិច្ច និងការវិនិយោគនឹងអាចមានដំណើរការល្អប្រសើរឡើងវិញ បន្ទាប់ពីរងផលប៉ះពាល់អស់រយៈពេល២ឆ្នាំកន្លងមក។ ប៉ុន្តែ នៅ​ដើម​ខែកុម្ភៈ២០២២នេះ ស្រាប់តែមេរោគបំប្លែងថ្មី​អូមីក្រុងបាននិងកំពុងរាលដាលក្នុងសហគមន៍សារជាថ្មី។ តើមេរោគនេះមានឥទ្ធិពលយ៉ាងណាចំពោះសេដ្ឋកិច្ចនិងអចលនទ្រព្យកម្ពុជាក្នុងឆ្នាំនេះ?

លោកស្រី អាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានមានប្រសាសន៍តាមទូរសព្ទឱ្យដឹងថា ការរាលដាលនៃមេរោគកូវីដ១៩ប្រភេទថ្មីនេះ នឹងនៅតែជាការចោទចំពោះសេដ្ឋកិច្ចនិងសកម្មភាពនៃការវិនិយោគលើអចលនទ្រព្យ ពីព្រោះថាស្ថានភាពនេះ វាមិនមែនមានតែក្នុងប្រទេសកម្ពុជា តែវាជាបញ្ហាទាំងមូលរបស់ពិភពលោក។

លោកស្រីបន្តថា ស្ថានភាពកូវីដ១៩ដែលនៅតែមិនទាន់ច្បាស់លាស់ម្ដងឡើងម្ដងចុះ នឹងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចនិងកសម្មភាពនៃការវិនិយោគគ្រាន់តែមិនអាចប៉ាន់ស្មានថាប៉ះពាល់តិចឬធំ ប៉ុន្តែក្នុងស្ថានភាពនេះ ក៏នៅតែមានការវិនិយោគពីសំណាក់វិនិយោគិនក្នុងស្រុក ក៏ដូចជាអាជីវករកម្ពុជាជាច្រើនក៏បានចាប់ផ្ដើមធ្វើសកម្មភាពរកស៊ីប្រចាំថ្ងៃដែរ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាវិញក៏បាននិយាយថា សម្រាប់លោកគិតថា អូមីក្រុងថ្វីត្បិតតែវាមានចំនួនឆ្លងច្រើនពិតមែន តែវាងាយស្រួលក្នុងការព្យាបាល ដោយដល់មកពេលនេះមិនទាន់មានអ្នកជំងឺឆ្លងកូវីដ១៩ប្រភេទថ្មីៗនេះស្លាប់នៅឡើយទេ។ ប្រទេសជាច្រើន គេកំពុងរៀបចំដាក់ជំងឺនេះជាជំងឺផ្ដាសាយធម្មតា ដែលអាចទិញថ្នាំ នៅតាមឱសថស្ថានដើម្បីព្យាបាល ដូច្នេះលោកយល់ថាអ្នកវិនិយោគនៅតែបន្តសកម្មភាពវិនិយោគដដែល ។

លោកបន្តថា អ្វីដែលពិសេសនោះ ប្រជាពលរដ្ឋកម្ពុជាភាគច្រើនបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩រួចហើយទាំងដូសមូលដ្ឋាននិងដូសជំរុញទី៣និងទី៤ ហើយបើសិនជាតំបន់ណាដែលបានចាក់វ៉ាក់សាំងរួចរាល់តំបន់នោះ នឹងទទួលបានការវិនិយោគនិងអាជីវកម្មច្រើនជាងគេ ។ ម្យ៉ាងទៀត ការចូលរួមពីប្រជាពលរដ្ឋកម្ពុជាពិតជាមានសារសំខាន់ណាស់ក្នុងការទប់ស្កាត់និងកាត់ផ្ដាច់ពីមេរោគកូវីដ១៩ ហើយនឹងអាចជំរុញឱ្យសកម្មភាពការវិនិយោគក្នុងប្រទេសមានកំណើនឡើងវិញ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here