ដោយ៖ សុផារី
ភ្នំពេញ ៖ លោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលទ្រព្យ CPL និងជាអ្នកជំនាញក្នុងវិស័យអចលនទ្រព្យមួយរូបក្នុងប្រទេសកម្ពុជា បានមានប្រសាសន៍ថា សម្រាប់អ្នកមានលុយកាក់តែងតែចង់ចំណាយក្នុងការទិញរបស់របរនានា ដើម្បីឱ្យមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្ត នៅក្នុងជីវិត។ ទ្រព្យទាំង៥ ប្រភេទនោះមានដូចខាងក្រោម៖

-->
១. ផ្ទះ: នៅពេលដែលយើងអាចទិញផ្ទះមួយ រស់នៅដោយសេចក្តីសុខនិងសុភមង្គល។ ក្នុងករណីចង់លក់ចេញវិញ ក្នុងរយៈពេល១០ទៅ២០ឆ្នាំ ទ្រព្យនោះនឹងឡើងតម្លៃខ្ពស់ ដែលពេលខ្លះតម្លៃឡើងខ្ពស់សឹងមិនគួរឱ្យជឿ។
២. អចលនវត្ថុសម្រាប់ជួល: ក្នុងករណីយើងមានផ្ទះសម្រាប់រស់នៅស្រាប់ហើយ បើយើងទិញអចលនវត្ថុសម្រាប់ជួល នោះយើងនឹងទទួលបានប្រាក់ចំណូល ទោះបីមិនប្រកបការងារ ក៏ប្រាក់ចំណូលពីអចលនវត្ថុនោះនៅបន្តជាប្រចាំ។ អចលនវត្ថុដែលអាចដាក់ជួលនេះក៏នឹងផ្តល់ភាពងាយស្រួលនៅពេលដែលយើងចូលនិវត្តន៍ផងដែរ។
៣. ប័ណ្ណសន្យាធានារ៉ាប់រងអាយុជីវិត: យើងអាចបែងចែកប្រាក់ចំណូលមួយផ្នែក ដើម្បីទិញប័ណ្ណធានារ៉ាប់រងអាយុជីវិត ក្នុងរយៈពេលមួយច្បាស់លាស់ ដែលអាចផ្តល់នូវប្រាក់ចំណូលទាំងដុលនិង សុវត្ថិភាពក្នុងការវិនិយោគផងដែរ។
៤. ទិញអ្វីដែលធ្វើឱ្យអ្នកស្ងប់ចិត្ត: នៅក្នុងជីវិតម្នាក់ៗ តែងតែមានរឿងកើតឡើងដែលយើងមើលមិនឃើញ ប៉ុន្តែយើងត្រូវគិតសន្សំប្រាក់មួយចំនួនទុកក្នុងករណីដែលកើតឡើងជាយថាហេតុណាមួយ យើងត្រូវមានលុយគ្រប់គ្រាន់ក្នុងការចំណាយ។
៥. ការទិញឬវិនិយោគលើអាជីវកម្មផ្សេង: យើងត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលលើអាជីវកម្មណាមួយដែលនាំឱ្យយើងទទួលបានប្រាក់ចំណេញ នៅពេលយើងវិនិយោគ៕