ដោយៈជេស៊ីកា
ភ្នំពេញៈ ក្រុមហ៊ុនអចលនទ្រព្យលំដាប់់យក្សឈ្មោះ Frasers Hospitality នៃប្រទេសសិង្ហបុរី បានឈានជើងចូលទីផ្សារកម្ពុជា ដោយត្រៀមអភិវឌ្ឍន៍សាងសង់ គម្រោងអគារអាផាតម៉ិនចំនួន៣កន្លែង នៅទីក្រុងភ្នំពេញ។
យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបានចេញផ្សាយកាលពីពេលថ្មីនេះបានឲ្យដឹងថា គម្រោងទី១របស់ក្រុមហ៊ុននេះ គឺការសាងសង់អគារ Capri by Fraser ដែលមាន៨៨យូនីត ដោយនឹងបើកដំណើរការនៅខែតុលា ឆ្នាំ២០២២ចុងឆ្នាំនេះ។
ចំណែកគម្រោងទី២ គឺក្រុមហ៊ុននេះនឹងសាងសង់អគារCapri by Fraser មួយទៀត មានចំនួន៧៨យូនីត ដែលគំរោងនេះនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២៤។
ដោយឡែក នៅឆ្នាំ២០២៦ អគារអាផាតម៉ិន Fraser Residence Sen Sok ដែលមានចំនួនរហូតដល់២០០យូនីត ក៏នឹងបញ្ចប់ការសាងសង់ និងបើកដំណើរការផងដែរ។
លោកស្រី Tonya Khong ប្រធានផ្នែកអាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុន Frasers Hospitality បានលើកឡើងថា ក្នុងមួយទស្សវត្សរ៍ចុងក្រោយនេះ រាជធានីភ្នំពេញ បានវិវត្តន៍ទៅជាទីក្រុងដែលរីកចម្រើន និងប្រកបដោយភាពរស់រវើក។
លោកស្រីបន្ថែមថា “គួបផ្សំជាមួយនឹងកំនើនសេដ្ឋកិច្ច ដែលមានមនុស្សវ័យក្មេងច្រើន និងវិធានការស្តារសេដ្ឋកិច្ច ពីវិបត្តិកូវីដក៏មានប្រសិទ្ធភាព ក្រុមហ៊ុនជឿជាក់ ក្នុងការនាំចូលម៉ាកយីហោ បដិសណ្ឋារកិច្ច Frasers មកកម្ពុជា”។
គំរោងអចលនទ្រព្យទាំង៣ នឹងត្រៀមខ្លួនជាស្រេច ដើម្បីសម្រួលដល់ការវិលត្រឡប់នៃអ្នកដំណើរ ពិសេសព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ ២០២៣ និង RCEP ជាដើម។
ក្រុមហ៊ុន Frasers Hospitality សមាជិកនៃក្រុមហ៊ុន Frasers Property Group។
ក្រុមហ៊ុន Frasers Property គឺក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសសិង្ហបុរី ដែលអភិវឌ្ឍ កាន់កាប់ និងគ្រប់គ្រងអចលនទ្រព្យនៅទូទាំងពិភពលោក៕