កត្តាសំខាន់ៗចំនួនពីរ​រួមចំណែក​ធ្វើឱ្យទីផ្សារលំនៅឋានបន្តរីកចម្រើនក្នុង​ឆ្នាំ២០២២នេះ​

0

ដោយ៖ វឌ្ឍនៈ​

ភ្នំពេញ ៖ ការសាងសង់លំនៅឋានក្នុងប្រទេសកម្ពុជាគេឃើញថានៅតែមានភាពល្អប្រសើរ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ជាច្រើននៅតែអនុវត្តន៍គម្រោងរបស់ខ្លួនក្នុងឆ្នាំ២០២១កន្លងទៅនិងឆ្នាំ២០២២នេះ។ កត្តាមួយចំនួនដែលមើលឃើញថាបានធ្វើទីផ្សារនៅតែមានភាពស្ថិតស្ថេររួមមានការផ្ដល់កម្ចីទៅលើអចលនទ្រព្យពីធនាគារ និងកំណើននៃប្រាក់ចំណូលរបស់យុវជនកម្ពុជាកាន់តែច្រើនឡើងជាដើម។

យោងតាមការសិក្សារបស់ក្រុមហ៊ុនអចលនទ្រព្យកម្ពុជាជាច្រើនបានបង្ហាញថា ស្ថិតនៅក្នុងវិបត្តិនៃកូវីដ១៩យ៉ាងនេះ តែបណ្ដាធនាគារពាណិជ្ជធំៗ នៅតែបន្តផ្ដល់កម្ចីទៅដល់អតិថិជនក្នុងទិញអចលនទ្រព្យដូចជាការផ្ដល់កម្ចីសម្រាប់ទិញលំនៅឋានជាដើម។

ការសិក្សារបស់ក្រុមហ៊ុន Century 21 Zillion Holding បានបង្ហាញថាក្នុងឆ្នាំ២០២០កម្ចីសម្រាប់ទិញផ្ទះពីប្រព័ន្ធធនាគារមានតែជាង៥ពាន់លានដុល្លារអាមេរិក តែគិតត្រឹមដំណាច់ឆ្នាំ ២០២១ កម្ចីទិញផ្ទះបានកើនឡើងដល់៦,៤ពាន់លានដុល្លារអាមេរិកដែលមានកំណើនជិត៣០ភាគរយ ។ កំណើននៃកម្ចីក្នុងវិស័យអចលនទ្រព្យនេះបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីទំនុកចិត្តរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុចំពោះទីផ្សារអចលនទ្រព្យនៅកម្ពុជា។

លោក ឡុង គឹមសួគ៌ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូបបានបញ្ជាក់ថា ទីផ្សារលំនៅឋានក្នុងប្រទេសកម្ពុជា ថ្វីត្បិតតែមានបញ្ហាមែន តែវាមិនប៉ះពាល់ធ្ងន់រហូតដល់ផ្អាកគម្រោងទាំងស្រុងនោះទេ។ ម្ចាស់គម្រោងខ្លះនៅតែបន្តគ្រាន់តែចំនួននៃការអនុវត្តបានថយចុះ ជាមួយបរិមាណផ្ទះដែលត្រូវសាងសង់ជាដើម។

លោកបន្ត ការផ្ដល់កម្ចីពីធនាគារនិងការសម្រួលលក្ខខណ្ឌនៃការបង់រំលស់ផ្ទះពីម្ចាស់គម្រោងបានធ្វើឱ្យការសាងសង់និងការផ្គត់ផ្គង់នៅក្នុងប្រទេសនៅតែបន្តរីកចម្រើន ហើយកំណើននៃប្រាក់ចំណូលរបស់ពលរដ្ឋជាពិសេសយុវជនដែលទើបរៀបការហើយច្រើន គឺមានតម្រូវការផ្ទះសម្រាប់ស្នាក់នៅក្នុងនោះដែរ ការសាងសង់លំនៅឋានតម្លៃសមរម្យក៏មានអាទិភាពក្នុងទីផ្សារដែរ។

គម្រោងអភិវឌ្ឍន៍លំនៅឋានក្នុងរាជធានីភ្នំពេញ ត្រូវបានមើលឃើញថាមានការរីកទៅកាន់តំបន់ជាយក្រុង ដោយសារតែតំបន់ជាយក្រុងតម្លៃនៅទាប ដែលអាចឱ្យវិនិយោគិនអាចទិញដីសង់ផ្ទះលក់បានចំណេញតែបើសិនជានៅកណ្ដាលក្រុងវិញ តម្លៃដីខ្ពស់មិនអាចទិញហើយសង់ផ្ទះជាន់ផ្ទាល់ដីនោះទេ។ ភាគច្រើនអ្នកទិញដីកណ្ដាលក្រុងគឺទុកអភិវឌ្ឍន៍ជាអគារខ្ពស់ៗ ជាអគារការិយាល័យ អគារខុនដូ អាផាត់មិនជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here