ដោយ សុខុម
បាងកក: ម៉ាកយីហោ ឬ ប៊្រែនសណ្ឋាគារអន្តរជាតិដ៏ល្បីល្បាញ Marriott International Inc កាលពីថ្ងៃអង្គារ ទី១៥ កុម្ភៈ បានប្រកាសផែនការពង្រីកអាជីវកម្មទ្រង់ទ្រាយធំទូទាំងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយមានបំណងបើកដំណើរការសាខាទី១.០០០របស់ខ្លួនក្នុងតំបន់នៅចុងឆ្នាំ២០២២ នេះ។
ក្រុមហ៊ុនបដិសណ្ឋារកិច្ចអាមេរិក មួយនេះបានចេញសេចក្តីថ្លែងការណ៍ថា ខ្លួនរំពឹងថានឹងបើកដំណើរការសណ្ឋាគារថ្មីរហូតដល់ទៅជិត១០០សាខាក្នុងតំបន់នៅឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន The Nation ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈ។
លោក Craig S Smith ប្រធានក្រុមហ៊ុន Marriott International បានគូសបញ្ជាក់ថា ក្រុមហ៊ុននឹងចុះកិច្ចព្រមព្រៀងអភិវឌ្ឍន៍ថ្មីចំនួន២ក្នុងមួយសប្ដាហ៍ៗ ដោយសរុបមានកិច្ចព្រមព្រៀងជាច្រើនក្នុងទីផ្សារចំនួន១៣ផ្សេងគ្នានៅទូទាំងតំបន់។
មហាយក្សចិន ឬ Greater China (រួមបញ្ចូលប្រទេសចិន ក្រុងហុងកុង ម៉ាកាវ និងកោះតៃវ៉ាន់) នៅតែជាក្បាលម៉ាស៊ីនសម្រាប់ជំរុញកំណើនរបស់ក្រុមហ៊ុន Marriot International ព្រោះវាគ្របដណ្ដប់ដល់ទៅជាងពាក់កណ្តាល នៃផែនការបើកដំណើរការសណ្ឋាគារប្រណីតរបស់ក្រុមហ៊ុននេះនៅអាស៊ី-ប៉ាស៊ីហ្វិក ក្នុងឆ្នាំ២០២២ នេះ។
នៅកូរ៉េខាងត្បូង ក្រុមហ៊ុននេះរំពឹងថានឹងបើកដំណើរការសាខាមួយដែលមានឈ្មោះថា JW Marriott Jeju Resort & Spa នៅខែឧសភា ឆ្នាំ២០២២។ ទន្ទឹមនេះក្រុមហ៊ុនក៏គ្រោងបើកដំណើរសាខាមួយមានឈ្មោះថា W Sydney ដែលជាសាខាទី៣ នៅប្រទេសអូស្ត្រាលី ផងដែរ។
ក្រៅពីនេះ ក្រុមហ៊ុនក៏គ្រោងអបអរសាទរការបើកដំណើរការសាខាថ្មី២នៅប្រទេសជប៉ុន និងប្រទេសវៀតណាម នៅក្នុងឆ្នាំ២០២២ នេះផងដែរ៕