ក្រុមហ៊ុនអចលនទ្រព្យហុងកុងធំមួយកំពុងឈានជើងមកវិនិយោគក្នុងខេត្តព្រះសីហនុ

0

ដោយ៖ សុផារី

ខេត្តព្រះសីហនុ ៖ ក្រុមហ៊ុន SUNWAH ដែលជាក្រុមហ៊ុនអចលនទ្រព្យហុងកុងធំមួយ គ្រោងវិនិយោគលើវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុនាពេលខាងមុខនេះ ខណៈបច្ចុប្បន្នតំណាងក្រុមហ៊ុន បាននិងកំពុងចុះស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តនេះ។

ក្នុងជំនួបសំដែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ លោក Jason Choi នាយកក្រុមហ៊ុន SUNWAH បានថ្លែងអំគុណលោកអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យប្រតិភូរបស់លោកចូលជួបសម្តែងការគួរសម និងស្វែងយល់ពីសក្តានុពលវិនិយោគនៅខេត្តព្រះសីហនុ។

លោកមានប្រសាសន៍ថា កន្លងមក ក្រុមហ៊ុន SUNWAH បានធ្វើការវិនិយោគលើអចលនទ្រព្យ នៅលើពិភពលោកដែលមានសាខានៅហុងកុង ចិន វៀតណាម ជប៉ុន កាណាដា ដោយក្រុមហ៊ុនមានគោលបំណងវិនិយោគអចលនទ្រព្យនៅខេត្តព្រះសីហនុ ដែលជាឱកាសដ៏ល្អមួយ និងជាការបើកទំព័រថ្មីផងដែរ។

លោកអភិបាលខេត្ត បានស្វាគមន៍ចំពោះក្រុមហ៊ុន SUNWAH ដែលចង់វិនិយោគ លើវិស័យអចលនទ្រព្យ នៅខេត្តព្រះសីហនុ ស្របពេលដែលខេត្ត បានធ្វើការអភិវឌ្ឍអគារខ្ពស់ជាច្រើន ទោះបីជារយៈពេលពីរឆ្នាំកន្លងមក ខេត្តព្រះសីហនុរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩ តែខេត្តរបស់យើង នៅតែមានការវិនិយោគលើអចលនទ្រព្យជាបន្តបន្ទាប់។

លោកអភិបាលខេត្ត បានបន្តថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយប្រែក្លាយខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងជាទីក្រុងហិរញ្ញវត្ថុ។ រាជរដ្ឋាភិបាល បានបង្កើតក្រុមការងារអន្តរក្រសួងរៀបចំគ្រប់គ្រងដីធ្លី និងកំពុងប្រមូលព័ត៌មានដីធ្លីសំដៅប្រែក្លាយខេត្តព្រះសីហនុ ជាខេត្តស្នាក់នៅ ទេសចរណ៍ វិនិយោគ និងអចលនទ្រព្យ។

ទន្ទឹមនោះខេត្ដព្រះសីហនុ មានសក្តានុពល ដូចជា អាកាសយានដ្ឋានអន្តរជាតិ មានផ្លូវរត់រហូត ៣៣០០ម៉ែត្រ ស្ថានីយ៍អ្នកដំណើរអាចទទួលភ្ញៀវ ៣លាននាក់ក្នុងមួយឆ្នាំ និងកសាងស្ថានីយ៍ចេញដំណើរកម្រិតអន្តរជាតិ។

ក្រៅពីនេះ ខេត្តមានកំពង់ផែអន្តរជាតិទឹកជ្រៅ រាជរដ្ឋាភិបាលកម្ពុជា បានសហការជាមួយរដ្ឋាភិបាលជប៉ុន ដើម្បីអភិវឌ្ឍកំពង់ផែទឹកជ្រៅជំហានទីមួយ និងទីពីរនៅឆ្នាំ២០២៥ អាចឱ្យនាវាដែលមានជម្រៅទឹក១៣,៥០ម៉ែត្រ អាចចូលចតបាន ដែលធ្វើឱ្យតម្លៃដឹកជញ្ជូនអាចប្រកួតប្រជែង។ ខេត្តក៏មានផ្លូវល្បឿនលឿន ដែលអាចបើកឱ្យដំណើរការនៅខែកក្កដា ឆ្នាំ២០២២ខាងមុខ ដែលជាសក្តានុពលគាំទ្រដល់ការអភិវឌ្ឍខេត្តព្រះសីហនុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here