ដោយ៖ វឌ្ឍនៈ
ភ្នំពេញ៖ វិស័យសំណង់និងអចលនទ្រព្យកម្ពុជាបាននិងកំពុងចូលរួមយ៉ាងធំដល់សេដ្ឋកិច្ច ហើយក្នុងពេលដែលកម្ពុជាបានជួបប្រទះនឹងវិបត្តិយ៉ាងណាក្ដីក៏វិស័យសំណង់និងអចលនទ្រព្យនៅតែបន្តដំណើរការទៅមុខដោយរលូន។ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលបានជំរុញឱ្យវិនិយោគិនបន្តដាក់ទុនវិនិយោគបន្ថែមទៀត ដើម្បីចូលរួមកាន់តែធំក្នុងសេដ្ឋកិច្ចជាតិ។
លោក ផាន់ ផល្លា រដ្ឋាលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ក្នុងវេទិកាសេដ្ឋកិច្ចកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ថា ក្នុងឆ្នាំ២០២១កន្លងទៅ ឥណទានបុគ្គលបានកើនឡើងខ្ពស់ ដែលបានជួយដល់វិស័យលក់រាយ និងវិស័យអចលនទ្រព្យនិងសំណង់ ដោយបុគ្គលមួយចំនួនបានយកឥណទានមកប្រើប្រាស់ក្នុងការទិញអចលនទ្រព្យក្នុងប្រទេសកម្ពុជា ដែលធ្វើឱ្យវិស័យនេះកាន់តែមានទំនុកចិត្តដល់ការអភិវឌ្ឍរបស់វិនិយោគិន។
លោក វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ផងដែរថាវិស័យសំណង់ និងអចលនទ្រព្យគឺជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់ ដូច្នេះវិស័យដែលជួយដល់សេដ្ឋកិច្ចយើងគួរតែថែរក្សានិងចូលរួមអភិវឌ្ឍន៍បន្តទៀត។
លោកថា ”រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដល់វិស័យនេះដែរ ដោយយើងមានវិធានការជាច្រើនសម្រាប់ទ្រទ្រង់ ដល់ការរីកចម្រើននៃវិស័យនេះ និងការទប់ស្កាត់នូវបញ្ហាជាច្រើនដែលនឹងបង្កពីវិស័យអចលនទ្រព្យ”។
លោកបន្តថា មិនមែនតែប្រទេសកម្ពុជាទេ ដែលវិស័យអចលនទ្រព្យគឺជាជន្ទល់ដ៏សំខាន់ក្នុងសេដ្ឋកិច្ច តែមានប្រទេសជាច្រើនទៀត វិស័យអចលនទ្រព្យបានចូលរួមនិងដើរតួនាទីសំខាន់ក្នុងសេដ្ឋកិច្ចរបស់គេដូចជាថៃ ហុងកុង និងប្រទេសក្នុងតំបន់ជាច្រើន។ ដោយឡែកកម្ពុជាបានធ្វើកំណែទម្រង់មួយចំនួនទៅលើវិស័យអចលនទ្រព្យ ដីធ្លីនៅកម្ពុជាដូចជាអត្រានៃការយកពន្ធអាករដីធ្លីមិនប្រើប្រាស់ និងពន្ធមួយចំនួនទៀតផងដែរ។
ក្នុងឆ្នាំ២០២១ វិស័យសំណង់់ស្រូបទាញបានទុនវិនិយោគប្រមាណ៥,៣៣ពាន់លានដុល្លារអាមេរិក ដែលមានគម្រោងវិនិយោគសរុបប្រមាណ៤.៣០៣គម្រោង ធៀបនឹងឆ្នាំ២០២០មានការថមថយតិច តែសម្រាប់តួលេខក៏ឃើញថាមានភាពល្អប្រសើរ ក្នុងពេលឆ្នាំ២០២១មានការបិទខ្ទប់តំបន់មួយចំនួន៕