ដោយៈ គង់ សូរិយា
ភ្នំពេញៈ សមាគមវិនិយោគិនខ្មែរ-អន្តរជាតិ ដឹកនាំដោយលោកប៊ី សុក្របណ្ឌិត អគ្គនាយកក្រុមហ៊ុន LSCG និងអគ្គនាយកគេហទំព័រ Propertyarea.asia បានចុះសិក្សាពីដំណើរការអភិវឌ្ឍន៍ ទីក្រុងកោះនរា ដើម្បីសហការក្នុងការលក់ដីធ្លីលើទីក្រុងរណបនេះ។
ទីក្រុងរណបកោះនរាទំហំ១២៥ហិកតា បាននិងកំពុងជិតបញ្ចប់់ការចាក់ខ្សាច់បំពេញ១០០ភាគរយហើយ រហូតមកទល់ពេលនេះ ខណៈក្រុមហ៊ុនជាច្រើនបានទិញដីលើគំរោងនេះ និងគ្រោងសាងសង់លំនៅដ្ឋាន មជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ខ្លួននាពេលឆាប់ៗនេះ។
រីនាយកផ្នែកលក់នៃគំរោងទីក្រុងរណបកោះនរា អ្នកស្រីវី ណាវីបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី១៨ កុម្ភៈនេះថា ទីក្រុងរណបកោះនរាបាននិងកំពុងវិវត្តន៍ទៅមុខយ៉ាងសកម្ម ដែលរហូតមកទល់ពេលនេះការស្ថាបនាស្ពានឆ្លងពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងកោះនរា ការចាក់ខ្សាច់និងរៀបចំហេដ្ឋារចនាសម្ព័ន្ឋដទៃទៀត កំពូងសម្រេចបានតាមផែនការ។
អ្នកនាងបន្តថា “បច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងផ្តល់សិទ្ឋមួយចំនួនដល់ក្រុមហ៊ុនអចលនទ្រព្យជាតិ និងអន្តរជាតិ ដើម្បីសហការលក់ដីនៅទីក្រុងរណបថ្មីនេះ”។
ក្នុងដំណើរទស្សនកិច្ចចុះសិក្សា ស្វែងយល់ពីទីក្រុងរណបកោះនរា លោកប៊ី សុខបណ្ឌិតបានចាប់អារម្មណ៍ ក្នុងការសហការលក់គំរោងនេះ និង មានផែនការអភិវឌ្ឍន៍គំរោងណាមួយ នៅទីក្រុងកោះនរានាពេលខាងមុខនេះ ព្រោះគំរោងនេះមានទីតាំងដ៏ល្អ ជាប់ជាមួយដងទន្លេមេគង្គ និងទន្លេបីផ្សេងទៀត ដែលអំណៅយផលដល់ការអភិវឌ្ឍ និងការរស់នៅប្រកបដោយបរិយាកាសយ៉ាងមនោរម្យ។
ចំណែកលោកលី សុខឆាយអគ្គនាយកក្រុមហ៊ុន LSCG បានមានប្រសាសន៍ឲ្យដឹងផងដែរថា ទីក្រុងកោះនរា ដែលអភភិវឌ្ឈន៍ដោយក្រុមហ៊ុន OCIC បាននិងកំពុងទាក់ទាញ ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ប្រជាពលរដ្ឋក្នុងស្រុក និងអ្នកវិនិយោគអន្តរជាតិ ដែលបានមើលឃើញឱកាសទទួលបានផលចំណេញពីដីធ្លី ក៏ដូចជារៀបចំផែនការអភិវឌ្ឍន៍នាពេលអនាគត។
ជាមួយគ្នានេះ លោកយិន លាងគង់សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រ Propertyarea.asia បានមានប្រសាសន៍ឲ្យដឹងផងដែរថា តាម រយៈការតាមដានដំណើរវិវត្តន៍ និងផ្សព្វផ្សាយព៌តមានឈានមុខគេលើវិស័យអចលនទ្រព្យ សេដ្ឋកិច្ច ទាំងគំរោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល និងវិស័យឯកជន យើងបាននិងកំពុងមើលឃើញពីសក្តានុពល ដែលអ្នកវិនិយោគអាចរកបានផលចំណេញលឿន ពីការវិនិយោគដីធ្លី និងគំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មនានា។
លោកបន្តថា “គេហទំព័រ Propertyarea.asia កន្លងមក បានផ្សព្វផ្សាយពីវឌ្ឍនភាព គំរោងរបស់ក្រុមហ៊ុន OCIC ជាច្រើន ដែលក្រុមហ៊ុននេះបានរួមចំណែកក្នុងការអភិវឌ្ឍន៍៍ប្រទេសជាតិ ជាមួយរាជរដ្ឋាភិបាលយ៉ាងសកម្ម”៕