ការផ្គត់ផ្គង់ខុនដូនៅទីក្រុងបាងកកនឹងកើនឡើងក្នុងរង្វង់៣៣ភាគរយ

0

ដោយៈស្រីលិះ

បាងកកៈ ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេមួយនៅប្រទេសថៃបានព្យាករណ៍ថា ការផ្គត់ផ្គង់ខុនដូនៅទីក្រុងបាងកក នឹងកើនឡើងនៅឆ្នាំនេះ ដោយសារស្ថានភាព ជំងឺកូវីដ-១៩ មានភាពប្រសើរឡើង។

ក្រុមហ៊ុនColliers International Thailand ព្យាករណ៍ថា នឹងកើនឡើង៣៣.៧ភាគរយ ដែលការផ្គត់ផ្គង់ខុនដូកើនរហូត ដល់៣៣,៥៦៩យូនីតខុនដូថ្មីក្នុងឆ្នាំ២០២២ បន្ទាប់ពីការផ្គត់ផ្គង់បានធ្លាក់ចុះ ដល់កម្រិតទាបបំផុតក្នុងរយៈពេល១៣ឆ្នាំចុងក្រោយនេះ។

លោក Phattarachai Taweewong នាយកស្រាវជ្រាវរបស់ក្រុមហ៊ុន Collier បាននិយាយថា ខុនដូថ្មីភាគច្រើន នឹងស្ថិតនៅខាងក្រៅទីក្រុងបាងកក ជាមួយនឹងតម្លៃចន្លោះពី៧០,០០០ ទៅ១២០,០០០បាត ក្នុងមួយម៉ែត្រការ៉េ។

កាលពីឆ្នាំមុន ភាគច្រើននៃខុនដូថ្មី (៥៧.៤ ភាគរយ) មានទីតាំងនៅសង្កាត់ខាងក្រៅ ទីក្រុងបាងកកនៃ Huai Khwang, Chatuchak និង Phasi Charoen។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ បានផ្តោតលើការសាងសង់ថ្មីនៅក្រៅទីក្រុងបាងកក ជាមួយនឹងតម្លៃលក់ក្រោម៥០,០០០ បាត ក្នុងមួយម៉ែត្រការ៉េ។

ទោះជាយ៉ាងណាក៏ដោយ ការបិទការដ្ឋានសាងសង់ និងការហាមឃាត់ការដឹកជញ្ជូនកម្មករ ដោយសារតែការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានរំខានដល់ការសាងសង់ ដែលមានន័យថា អ្នកអភិវឌ្ឍន៍ខុនដូមិនបានបំពេ​ញតាមកាលកំណត់ប្រគល់ជូនអតិថិជនរបស់ខ្លួន។

លោកColliers បាននិយាយថា ការធ្លាក់ចុះនៃតម្រូវការបរទេស និងការផ្គត់ផ្គង់ ដែលនៅសេសសល់ ក៏បានជំរុញការអភិវឌ្ឍន៍ខុនដូថ្មីនៅទីក្រុងបាងកកកាលពីឆ្នាំមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here