គំរោងរបស់មហាសេដ្ឋីហ្វីលីពីនលើទីក្រុងកោះពេជ្រតម្លៃជាង១៣០០លានដុល្លានៅតែមិនទាន់មានភាពច្បាស់លាស់

0

ដោយៈជេស៊ីកា

ភ្នំពេញៈ គំរោងសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម របស់មហាសេដ្ឋីហ្វីលីពីន ស្ថិតនៅលើទីក្រុងកោះពេជ្រ កំពុងតែបន្តពន្យាពេលសាងសង់នៅឡើយ។

អ្នកស្រីវី ណាវីប្រធាននាយកដ្ឋានផ្នែកលក់គំរោងអភិវឌ្ឍន៍ទីក្រុងកោះពេជ្រ និងទីក្រុងកោះនរា នៃក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី១៨ កុម្ភៈនេះថា រហូតមកទល់ពេលនេះ ក្រុមហ៊ុនបានឌីសាញផែនការមេ របស់គំរោងនេះបញ្ចប់ហើយ ប៉ុន្តែការសាងសង់មិនទាន់បានចាប់ផ្តើមនៅឡើយទេ។

អ្នកស្រីបានបន្តថា “គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មBOCនេះ ជាកម្មសិទ្ឋរបស់មហាសេដ្ឋីហ្វីលីពីន ប៉ុន្តែការសាងសង់មិនទាន់កំណត់ពេលជាក់លាក់ទេ”។អ្នកស្រីបន្តថា “គំរោងនេះ កំពុងស្ថិតនៅក្នុងការរង់ចាំមើលស្ថានភាពទីផ្សារជាក់ស្តែង”។

គំរោងមជ្ឈមណ្ឌលពាណិជ្ជកម្មBOCនេះ ស្ថិតនៅទីតាំងអតីតផ្សាររាត្រី កន្លែងកុមារមកកំសាន្តកាលពីមុន ដែលពេលនេះមានតែគ្រឿងចក្របញ្ឈរច្រូងច្រាង និងបិទរបងចោលនៅឡើយ។

បើតាមការឲ្យដឹងពីលោកទូច សំណាងអគ្គនាយករងក្រុមហ៊ុនOCICបានមានប្រសាសន៍ឲ្យដឹងនាពេលកន្លងមកថា ក្រុមហ៊ុនខាងលើនេះ គ្រោ​ងសាងសង់អគារខ្ពស់ ដែលមានកំពស់ជាង៤០០ម៉ែត្រ ប៉ុន្តែការសាងសង់ចាប់ផ្តើមនៅពេលណា លោកមិនទាន់ច្បាស់នៅឡើយទេ អាស្រ័យលើការ​សម្រេចចិត្តរបស់ក្រុមហ៊ុន។

លោកបន្តថា គំរោងនេះ នឹងក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មប្រើប្រាស់ចម្រុះ រួមមាន សណ្ឋាគារ អាផាតម៉ិន ការិយាល័យ សណ្ឋាគារលំដាប់ផ្កាយ៥ជាដើម៕

LEAVE A REPLY

Please enter your comment!
Please enter your name here