វិស័យអចលនទ្រព្យជួបភាពមិនច្បាស់លាស់ជាថ្មី ខណៈជំងឺកូវីដអូមីក្រុងបន្តរាលដាល

0

ដោយៈវឌ្ឍនៈ

ភ្នំពេញៈ ដើម្បីឆ្នាំ២០២២នេះ ជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទអូមីក្រុងបានចាប់ផ្ដើមរាលដាល នៅលើពិភពលោករួមទាំងកម្ពុជាផងដែរ ដែលធ្វើឱ្យវិនិយោគិន ក្នុងវិស័យអចលនទ្រព្យនៅតែបន្តរារែក និងមិនទាន់ដាក់ទុនធំៗ ក្នុងវិស័យនេះនៅឡើយ។

អ្នកជំនាញ នៃវិស័យអចលនទ្រព្យបានមើលឃើញថា ក្នុងស្ថានភាពបែបនេះ ការវិនិយោគអចលនទ្រព្យ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈមួយចំនួនបន្តមានសុទិដ្ឋិនិយមដដែល។

អ្នកស្រីអាន សុធីតា អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia បានឱ្យដឹងកាលពីថ្ងងៃទី១៨ កុម្ភៈកន្លងមកថា ក្នុងស្ថានភាពនៃការរាលដាល នៃមេរោគកូវីដ១៩ប្រភេទអូមីក្រុងនេះ ការវិនិយោគអចល​នទ្រព្យ នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ ព្រោះថាការរាលដាលមិនដឹងថា មានទ្រង់ទ្រាយធំប៉ុណ្ណា ហើយនឹងបញ្ចប់យ៉ាងម៉េចដែរ។

លោកស្រីបន្តថា “ស្ថានភាពអចលនទ្រព្យក្នុងឆ្នាំ២០២២នេះ ពិបាកនឹងថាអាចមានកំណើនណាស់ ព្រោះក្នុងដើមឆ្នាំនេះ វិនិយោគិនបរទេសនៅតែមិនទាន់អាចចូលមក ដើម្បីស្វែងរកកការបណ្ដាក់ទុនវិនិយោគ ដូចមុនស្ថានភាពកូវីដ១៩នៅឡើយ”។

ចំណែកលោកពៅ លីដា អគ្គនាយកនៃក្រុមហ៊ុនអចលនទ្រព្យ LD Property Investment ក៏បានឱ្យដឹងថា ក្នុងស្ថានភាព មិនទាន់ច្បា​ស់លាស់ នៃការរីករាលដាលអូមីក្រុងបែបនេះ វិនិយោគិនអចលនទ្រព្យថ្មីថ្មោង បើអាចសូមរក្សាភាពស្ងៀមស្ងាត់ និងកុំទាន់បណ្ដាក់ទុនវិនិយោគសិន ហើ​យត្រូវសិក្សាច្បាស់លាស់ជាមុនសិន ពីព្រោះថាក្រៅពីមេរោគរាតត្បាតកូវីដ១៩ ក៏មានច្បាប់វិនិយោកលើអចលនទ្រព្យ ដែលវិនិយោគិនថ្មីថ្មោងគួរសិក្សាស្វែងយល់បន្ថែមស៊ីជម្រៅ មុននឹងបណ្ដាក់ទុនវិនិយោគ ។

លោកបន្តថា “ទោះបីជាយ៉ាងណាក្ដី ក៏វិនិយោគិនអចលនទ្រព្យដែលមានបទពិសោធន៍ និងទុនគ្រប់គ្រាន់នៅតែបន្តអភិវឌ្ឍន៍ ជាមួយនឹងសុទិ​ដ្ឋិនិយមខ្ពស់ចំពោះសេដ្ឋកិច្ចកម្ពុជា”។

លោកពៅ លីដា បានបន្តថា នៅតាមបណ្ដាខេត្តនានាក៏ឃើញថាវិនិយោគិន ចាប់ផ្ដើមមានសកម្មភាពឡើងវិញ ជាពិសេសក្រោយពេលរដ្ឋាភិបាលប្រកាសបើកប្រទេស តាំងពីអំឡុងចុងឆ្នាំ២០២១កន្លងទៅ៕

LEAVE A REPLY

Please enter your comment!
Please enter your name here