ដោយៈជេស៊ីកា
ភ្នំពេញៈ ស្របពេលការរៀបចំហេដ្ឋារចនាសម្ព័ន្ឋជិតបញ្ចប់ ចរន្តទិញលក់ដីនៅទីក្រុងកោះនរា និងសកម្មភាពសាងសង់ បានកើតឡើងបណ្តើរៗហើយ។
តើតម្លៃដីនៅទីក្រុងរណប ដែលមានទំហំ១២៥ហិកតានេះ មានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េហើយ? អ្នកស្រី វី ណាវីប្រធាននាយកដ្ឋានផ្នែកលក់នៃគំរោងទីក្រុងរណបកោះពេជ្រ និងទីក្រុងរណបកោះនរាបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា បច្ចុប្បន្នអ្នកឧកញ៉ាពុង ឃាវសែ បានចាប់ផ្តើមអនុញ្ញាត្តឲ្យក្រុមហ៊ុនជាតិ អន្តរជាតិសហការលក់ដីនៅទីក្រុងរណបកោះនរា ដែលបាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ឋនានា។
អ្នកស្រីបន្តថា ដីនៅលើទីក្រុងរណបកោះនរា បានដាក់លក់ក្នុងតម្លៃ២៨០០ដុល្លារ សម្រាប់ផ្លូវខាងក្នុង និងដីបែរមុខទៅកាន់ទន្លេចតុមុខនិងទន្លេមេគង្គ មានតម្លៃ៣៨០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែតម្លៃនេះក៏ស្ថិតនៅក្នុងការជជែកជាក់ស្តែងផងដែរ។
អ្នកស្រី វី ណាវីបានបន្តឲ្យដឹងទៀតថា គំរោងទីក្រុងកោះនរា ត្រូវបានអភិវឌ្ឍន៍ជាទីក្រុងឆ្លាតវៃ ដោយប្រព័ន្ឋបណ្តាញអគ្គិសនីទាំងអស់ ត្រូវបានកប់ក្រោមដី បណ្តាញទឹកស្អាត ទឹកលូ និងបណ្តាញហេដ្ឋារចនាសម្ព័័ន្ឋជាច្រើនទៀត ត្រូវបានរៀបចំរួចរាល់ហើយ។
ទីក្រុងកោះនរា ត្រូវបានវិនិយោគដោយក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនលំដាប់យក្សក្នុងស្រុកមួយ។ ក្រុមហ៊ុននេះ បានវិនិយោគគំរោងធំៗជាច្រើននៅកម្ពុជា រួមមាន ទីក្រុងរណបកោះពេជ្រ ទីក្រុងរណបជ្រោយចង្វារ ទីក្រុងបុរីទេសចរណ៍ ខេត្តសៀមរាប បុរីជ្រោយបាសាក់ ព្រលានយន្តហោះអន្តរជាតិតេជោក្រុងតាខ្មៅជាដើម៕