ដោយៈលក្ខិណា
ភ្នំពេញៈ វិនិយោគិនអចលនទ្រព្យ ក្នុងប្រទេសកម្ពុជាមួយរូបលោកសាយ សុខហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial បានឱ្យដឹងថា ឆាប់ៗនេះអឺរ៉ុបនឹងចូលមកកម្ពុជា ដើម្បីស្វែងរកការវិនិយោគលើផ្ទះលំហែកាយនិង រីសត ក្នុងបណ្ដាខេត្តនានា។
លោកបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីថ្ងៃទី១៨ កុម្ភៈកន្លងមកថា បច្ចុប្បន្ននេះមានក្រុមហ៊ុនមកពីអឺរ៉ុបមួយ បានមកសិក្សាពីសក្ដានុពល នៃការវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានស្វែងរកក្រុមហ៊ុននិងដៃគូជាច្រើនទៀត ក្នុងការរួមគ្នាបណ្ដាក់ទុនវិនិយោគ។ កម្ពុជាក៏មានសក្ដានុពលជាច្រើន សម្រាប់វិនិយោគិនមកពីអឺរ៉ុប ដូចជា ពីប្រទេសព័រទុយហ្កាល់ និងប្រទេសកាណាដាជាដើម។
លោកបន្តថា “កម្ពុជាមានក្នុងនោះបណ្ដាខេត្ត និងរាជធានីជាច្រើន មានសក្តានុពលលើធនធានធម្មជាតិ ទីតាំងល្អ សម្រាប់វិនិយោគិនមិនថាមកពីអឺរ៉ុប ឬមកពីបណ្ដាប្រទេសនានា”។
ចំណែកលោកវ៉ា វីរៈ នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Century 21 Fortuna ក៏បានឱ្យដឹងផងដែរថា វិនិយោគិនពីអឺរ៉ុបបានមកដល់កម្ពុជា និងបានសម្រេចចាប់ដៃ ជាមួយក្រុមហ៊ុនអចលនទ្រព្យនៅកម្ពុ ជាជាច្រើន ដើម្បីសិក្សាពីការវិនិយោគលើអចលនទ្រព្យ។ ក្រោយពីកិច្ចសហការជាមួយគ្នានេះហើយ កម្ពុជានឹងទទួលបានវិនិយោគិន បន្តបន្ទាប់ទៀតចូលមកកម្ពុជា ជាពិសេសវិនិយោគិនមកពីអឺរ៉ុប។ ទន្ទឹមនឹងនេះដែរ អឺរ៉ុបក៏ស្វែងរកវិនិយោគិនកម្ពុជាទៅសិក្សា និងវិនិយោគនៅក្នុងប្រទេសខ្លួនផងដែរ ។
ចំណែកលោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជាបានមានប្រសាសន៍ មេរោគអូមីក្រុងមិនមែនជាបញ្ហានៃការវិនិយោគរបស់វិនិយោគិនក្នុងស្រុក ឬមកពីបរទេសនោះទេ។ អ្វីដែលសំខាន់កម្ពុជាបានចាក់វ៉ាក់សាំង ជូនប្រជាជនរបស់ខ្លួនបានច្រើន ទោះបីជាឆ្លងមេរោគកូវីដ១៩ ប្រភេទអូមីក្រុងនេះក៏ឆាប់ជា ជាក់ស្ដែងយើងឃើញស្រាប់ហើយ អ្នកឆ្លងកូវីដ១៩អូមីក្រុង មិនទាន់មានអ្នកណាមានលក្ខណៈធ្ងន់ធ្ងរឬឈានដល់ស្លាប់ឡើយ។
លោកបន្តថា ប្រទេសជាច្រើនគេស្ទើរតែចាត់ទុកមេរោគនេះ ជាជំងឺផ្ដាសាយធម្មតា និងអាចរកទិញថ្នាំនៅតាមឱសថស្ថាននានា ដើម្បីព្យាបាលនិងការពារខ្លួនឯង ដូច្នេះការវិនិយោគ និងការធ្វើអាជីវកម្មក៏ឃើញថា នៅតែបន្តដំណើរទៅមុខជាធម្មតា៕