ដោយ សុខុម
បាងកក: ទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ ប្រហែលជាមិនអាចវិលត្រលប់ទៅរកកម្រិតមុនពេលផ្ទុះវិបត្តិកូវីដ-២៩ រហូតដល់ឆ្នាំ២០២៤។ នេះបើយោងតាមក្រុមសិក្សាស្រាវជ្រាវនៃធនាគារលំនៅដ្ឋានរដ្ឋថៃ Government Housing Bank បានលើកឡើងកាលពីថ្ងៃសុក្រ ទី១៨ កុម្ភៈ។
ស្ថានភាពនេះគឺដោយសារសេដ្ឋកិច្ចស្ទុះងើបឡើងយឺតជាងការរំពឹងទុក ក្នុងពេលកំពុងផ្ទុះការរីករាលដាលវីរុសបំប្លែងខ្លួនថ្មីអូមីក្រុង និងអតិផរណាកាន់តែខ្ពស់។
កាលពីខែវិច្ឆិកា ចុងឆ្នាំ២០២១ មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារ Government Housing Bank បានព្យាករថា ទីផ្សារអចលនទ្រព្យនឹងវិលទៅរកភាពប្រក្រតីវិញនៅក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានការបន្ធូរបន្ថយវិធានស្ដីពីឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) ដើម្បីស្តារវិស័យដ៏សំខាន់នេះដែលគ្របដណ្ដប់ប្រមាណ១០%នៃផលិតផលក្នុងស្រុកសរុប (GDP) និងផ្តល់ការងារដល់មនុស្ស២,៨លាននាក់។
ប៉ុន្តែជាអកុសល ការផ្ទុះឡើងនូវវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង កាលពីចុងឆ្នាំ២០២១ បានធ្វើឱ្យសកម្មភាពក្នុងទីផ្សារធ្លាក់ចុះ។ នេះបើយោងតាមការលើកឡើងរបស់លោក Vichai Viratkapan ប្រធានមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យនៃធនាគារខាងលើនេះ។
លោកបានបន្ថែមទៀតថា “ការកើនឡើងនូវអតិផរណាក៏កំពុងធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល និងលទ្ធភាពចាយវាយរបស់ប្រជាជនផងដែរ”។ អតិផរណាបានហក់ឡើងដល់កម្រិតខ្ពស់ ៣,២៣%កាលពីខែមករា ដើមឆ្នាំនេះ។
លោកអះអាងថា វិស័យអចលនទ្រព្យបានដាំក្បាលចុះដល់បាត ប៉ុន្តែបានស្ទុះងើបឡើងវិញដោយសារការបន្ធូរបន្ថយវិធាននានា ព្រមទាំងការដាក់ចេញវិធានការជាច្រើនពីសំណាក់រដ្ឋាភិបាល។ ហើយតាមការរំពឹងទុក ចំនួនផ្ទះ និងអាផាតម៉ិនទើបសាងសង់ថ្មីៗនឹងកើនឡើង៣៥%ឈានដល់១០៥.០០០ខ្នង/យូនីតនៅឆ្នាំនេះ។
លោក Vichai Viratkapan បានគូសបញ្ជាក់ថា ប៉ុន្តែតម្រូវការពីសំណាក់អ្នកទិញបរទេសនឹងនៅមានកម្រិតទាបនៅឆ្នាំនេះដោយសារការរីករាលដាលវីរុសកូវីដ-១៩៕ Bangkok Post៕