បុរីកីឡាទី២នឹងលេចរូបរាងនៅឆ្នាំក្រោយ ត្រៀមបម្រើដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម

0

ដោយ៖ វឌ្ឍនៈ

ភ្នំពេញ ៖ ភូមិកីឡដ្ឋានឬបុរីកីឡាទី២ ដែលអភិវឌ្ឍន៍នៅជិតនឹងពហុកីឡដ្ឋានមរតកតេជោ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនវើលដ៏ប្រ៊ីជគ្រុប បាននិងកំពុងសាងសង់យ៉ាងញាប់ដៃញាប់ជើងដើម្បីឱ្យផែនការបានសម្រេចទៅតាមការគ្រោងទុក ពោលគឺនៅមុនព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៏ប្រ៊ីជគ្រុប បានមានប្រសាសន៍ថា ពីមុនយើងស្គាល់តែបុរីកីឡាចាស់ តែនៅពេលខាងមុខនេះ យើងនឹងមានបុរីកីឡាមួយទៀតដែលទំនើបសម្រាប់គាំទ្រដល់ការប្រកួតកីឡានានា។ បុរីកីឡាថ្មីមួយនេះមានទីតាំងនៅក្បែរនឹងពហុកីឡដ្ឋានជាតិមរតកតេជោផ្ទាល់តែម្ដង។

អ្នកឧកញ៉ាបន្តថា នៅប្រទេសធំៗជាច្រើន នៅពេលដែលមានព្រឹត្តិការណ៍ប្រកួតកីឡាដូចជាស៊ីហ្គេមជាដើម គេតែងតែធ្វើបុរីកីឡាសម្រាប់ត្រៀមទទួលកីឡាករនិងប្រតិភូកីឡាមកចូលរួមប្រកួត ហើយក្នុងនាមជាអ្នកអភិវវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា ក៏សម្រេចបណ្ដាក់ទុនវិនិយោគបុរីកីឡានេះដើម្បីគាំទ្រដល់ការប្រកួតកីឡាស៊ីហ្គេម ដើម្បីកម្ពុជាទទួលបានអត្ថប្រយោជន៍ពីការធ្វើជាម្ចាស់ផ្ទះនូវព្រឹត្តិការណ៍កីឡាស៊ីហ្គេម។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតកីឡាស៊ីហ្គេមគឺត្រូវការចំណាយខ្ពស់ ទាំងការស្នាក់នៅ និងហូបចុករបស់កីឡាករ និងប្រតិភូកីឡា។ ការចូលរួមរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ភូមិកីឡដ្ឋាន (បុរីកីឡា) នៅក្បែរនឹងពហុកីឡដ្ឋាននេះគឺជាការចូលរួមចំណែកមួយសម្រាប់ការចូលរួមជំរុញឱ្យការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមរបស់កម្ពុជាកាន់តែមានភាពរលូន។

ភូមិកីឡដ្ឋានវើលដ៏ប្រ៊ីជ នៅប៉ែកខាងជើងរាជធានីភ្នំពេញក៏នឹងទាក់ទាញការវិនិយោគលើអចលនទ្រព្យ បន្ថែមទៀតទៅកាន់តំបន់នោះផងដែរ ជាក់ស្ដែងក្នុងពេលបច្ចុប្បន្ននេះ តំបន់ប៉ែកខាងជើងជាពិសេសទីក្រុងជ្រោយចង្វារនិងផ្លូវជាតិលេខ៦កំពុងទាក់ទាញនូវការបណ្ដាក់ទុនវិនិយោគលំនៅឋានដ៏ទាក់ទាញក្នុងនោះភាគច្រើនជាលំនៅឋានដែលមានតម្លៃខ្ពស់ៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here