ផ្លូវជាតិថ្មីមួយខ្សែប្រវែង ១២៧គីឡូម៉ែត្រ កំពុងសាងសង់ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ និងទីក្រុងបូកគោថ្មី

0

ដោយៈជេស៊ីកា

កំពត ព្រះសីហនុៈ ក្រុមហ៊ុនសុខាអូតែលបាន និងកំពុងសាងសង់់ផ្កួវជាតិមួយខ្សែតភ្ជាប់ ពីតំបន់វាលស្រែ៥០០លើខ្នងភ្នំបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ និងបំបែកទៅកាន់តំបន់យាយម៉ៅ ស្ថិតនៅលើកំពូលភ្នំដែលជាតំបន់សាងសង់ទីក្រុងបូកគោថ្មី។

លោកពៅ វណ្ណថា ប្រធានវិស្វករគ្រប់គ្រងការដ្ឋានគំរោងសាងសង់ផ្លូវជាតិ ដែលវិនិយោគដោយក្រុមហ៊ុនសុខាអូតែល បានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី១៧ កុម្ភៈកន្លងមកថា បច្ចុប្បន្នការត្រួសត្រាយសាងសង់ផ្លូវនេះ សម្រេចបាន ៧គីឡូម៉ែត្រហើយ លើប្រវែងផ្លូវដែលគ្រោងសាងសង់ប្រវែង ១២៧គីឡូម៉ែត្រ។

លោកបន្តថា “ផ្លួវដ៏សំខាន់នេះ នឹងត្រូវសាងសង់ទំហំទទឹង១៤ម៉ែត្រ ដែលនឹងប្រើប្រាស់បេតុងចាក់ខាងក្រោម និងចាក់កៅស៊ូពីខាងលើ”។ លោកបន្តថា “ផ្លូវដ៏សំខាន់នេះ នឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមផ្លួវជាតិលេខ៤ អាចចូលលេងកំសាន្តលើភ្នំបូកគោ និងអាចធ្វើដំណើរទៅកាន់ក្រុងកំពត ដោយមិនចាំបាច់ឆ្លងតាមផ្លូវជាតិលេខ៣ ចេញពីតំបន់វាលរេញ មកកាន់ផ្លូវជាតិលេខ៣ទៀតនោះទេ”។

លោកពៅ វណ្ណថាបានបន្តថា បើគិតពីកាស៊ីណូឋានសួគ៌បូកគោនាពេលបច្ចុប្បន្ន ឆ្ពោះទៅផ្លូវជាតិលេខ៤ ដែលចេញនៅចំណុចគីឡូលេខ១៥៨ មានប្រវែង៨០គីឡូម៉ែត្រ ប៉ុន្តែផ្លូវនេះនឹងត្រូវបំបែក ទៅតំបន់លោកយាយម៉ៅនៅចំណុចពាក់កណ្តាលភ្នំបូកគោ ដែលមានប្រវែង៤៧កីឡូម៉ែត្របន្ថែមទៀត”។

អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែល បានមានប្រសាសន៍ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយគេហទំព័រ Propertyarea.asia នៅថ្ងៃដដែលថា ការសាងសង់ផ្លូវសំខាន់នេះ ដំបូងឡើយលោកគ្រោងប្រើប្រាស់លុយកម្ចីពីប្រទេសចិន ប៉ុន្តែក្រោយមកក្រុមហ៊ុន សម្រេចចិត្តសាងសង់ដោយខ្លួនឯង ប៉ុន្តែល្បឿននៃការសាងសង់ផ្លូវនេះ លឿនឬយឺតអាស្រ័យលើទំហំសាច់ប្រាក់របស់ក្រុមហ៊ុន។

អ្នកឧកញ៉ាបានបន្តថា “ការសាងសង់ទីក្រុងបូកគោ ដែលមានទំហំ៣០០០០ហិកតានេះ ចំណាយច្រើនណាស់ វាត្រូវការថវិកាលើសពី១០ទៅ២០ពាន់លានដុល្លារ ទើបអាចធ្វើឲ្យទីក្រុងនេះអាចបញ្ចប់តាមផែនការ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here