គម្រោងទីក្រុងឆ្លាតវៃមួយនៅកោះកុងតម្លៃ៦០០ពាន់លានដុល្លារនឹងអាចឱ្យមនុស្សរស់នៅពី៥លានទៅ៦លាននាក់

0

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ គម្រោងទីក្រុងឆ្លាតវៃមួយ ដែលបណ្ដាញសារព័ត៌មានជាច្រើនចុះផ្សាយពីទំហំទឹកប្រាក់វិនិយោគ រហូតដល់៦០០ពាន់លានដុល្លារអាមេរិកអាចឱ្យមនុស្សរស់នៅ រហូតដល់៥ទៅ៦លាននាក់នៅពេលគម្រោងនេះបានសាងសង់រួចរាល់។

គម្រោងវិនិយោគដ៏ធំនេះ ជាការវិនិយោគរបស់វិនិយោគិនមកពីអឺរ៉ុប មានទំហំដីរហូតដល់១២ម៉ឺនហិចតា សាងសង់ជាទីក្រុងឆ្លាតវៃនិងចាប់ផ្ដើ​មដំណើរការនៅរយៈពេល៥ឆ្នាំខាងមុខ ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Bilderberg Investment Group ចេញផ្សាយកាលពីដើមខែកុម្ភៈនេះ ។

លោកដេននីស អគ្គនាយកក្រុមហ៊ុន Bilderberg Investment Group  បានលើកឡើងពីកត្តាចម្បង ដែលធ្វើលោកជ្រើសរើស មកបណ្តាក់ទុននៅកម្ពុជា ពីព្រោះកម្ពុជាមានរដ្ឋាភិបាល ស្ថិរភាពខ្លាំងជាង៤០ឆ្នាំ ក្នុង ប្រវត្តិសាស្ត្រ ដែលវាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់អ្នកវិនិយោគដូចជា រូបលោកក្នុងការមកបណ្តាក់ទុននៅកម្ពុជា និងជាពិសេសកម្ពុជាជាប្រទេ​សមានសន្តិភាព, គ្មានអំពើហិង្សាដោយកាំភ្លើង និងគ្មានឧក្រិដ្ឋកម្មធំៗ​។

លោកបន្តថា “ការវិនិយោគនេះ ដោយសារខ្ញុំជឿជាក់លើសម្តេចតេជោ​ហ៊ុន សែនដែលសម្តេចបានដឹកនាំប្រទេស ទទួលបានសុខសន្តិភាព កំនើនសេដ្ឋកិច្ចល្អប្រសើរ ពិសេសស្ថេរភាពនយោបាយរយៈពេលវែង”។

លោកទុយ ប៉ោហេងប្រធានក្រុមហ៊ុនCentury 21 Zillion Holding ប្រចាំខេត្តកោះកុងបានឱ្យដឹងថា បើសិនជាគម្រោងនេះមានពិតមែន វាជារឿងល្អប្រសើរខ្លាំងណាស់ សម្រាប់ខេត្តកោះកុង ដែលលើកមុខមាត់ខេត្តនេះឱ្យមានការវិនិយោគបន្ថែមទៀត ប៉ុន្តែរហូតមកដល់នេះ នៅមិនទាន់មានព័ត៌មានផ្លូវការណាមួយ ពីការវិនិយោគនេះ នៅក្នុងខេត្តកោះកុងនៅឡើយទេ ។

លោកបន្តថា “ខេត្តកោះកុងមានដីទំនេរច្រើន សម្រាប់ទទួលគម្រោងវិនិយោគធំៗ ខណៈខេត្តក៏មានសក្ដានុពល សម្រាប់ការវិនិយោគដែរ ដូចជាផ្លូវថ្មីៗ ដែលទើបសាងសង់ក្នុងនោះមានផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៤ត្រង់ចំណុចស្រុកស្រែអំបិល ទៅកាន់ក្រុងខេមរៈភូមិន្ទ ផ្លូវជាតិលេខ១០តភ្ជាប់ ពីខេត្តបាត់ដំបង ពោធិ៍សាត់មកកាន់ខេត្តកោះកុង និងហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តផ្ទាល់ជាច្រើនខ្សែផងដែរ”។

លោកបន្ថែមថា យើងលឺព័ត៌មានពីការវិនិយោគរបស់អឺរ៉ុប នៅក្នុងខេត្តកោះកុង ទៅលើគម្រោងធំៗ ដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារអាមេរិក ដែលអាចបង្កើតការងារ ដល់ប្រជាពលរដ្ឋកម្ពុជារាប់ម៉ឺននាក់ផងដែរ ។

ទោះជាយ៉ាងណាក្ដី អភិបាលរងនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តកោះកុង លោកសុខ សុទ្ធី បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ខាងរដ្ឋបាលខេត្តមិនទាន់ទទួលបានលិខិត ឬឯកសារផ្លូវការណាមួយស្ដីពី ការវិនិយោគលើគម្រោង ទឹកប្រាក់៦០០ពាន់លានដុល្លារអាមេរិក របស់វិនិយោគិនអឺរ៉ុបនោះទេ ។

លោកបន្តថា “យើងលឺតែការចុះផ្សាយរបស់បណ្ដាញ សារព័ត៌មាននានាប៉ុណ្ណោះ តែយើងមិនឃើញមានការរៀបចំដី សម្រាប់ទុកវិនិយោគ ទីតាំងវិនិយោគក៏មិនទាន់ដឹងច្បាស់ថា នៅទីណានោះដែរ”។លោកបន្តថា “ យើងគ្រាន់តែបញ្ជាក់ថា មិនមានព័ត៌មានផ្លូវការ ពីការវិនិយោគរបស់អឺរ៉ុបនៅកោះកុងទំហំ៦០០ពាន់លានដុល្លារអាមេរិកឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here