ដោយ៖ គង់ សូរិយា
ភ្នំពេញ៖ ព្រលានយន្តហោះអន្តរជាតិថ្មីមួយទៀត ស្ថិតនៅដែនមហាសាគរកម្ពុជា បាននិងកំពុងសាងសង់យ៉ាងសកម្មហើយនាពេលនេះ ដែលនេះជាមូលដ្ឋាននៃការរីកចម្រើននៃសេដ្ឋកិច្ច សង្គមកម្ពុជា។
អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ិន ចាន់សិរីវុត្ថាបានថ្លែងឲ្យដឹងនាព្រឹកថ្ងៃទី១៤ វិច្ឆិកានេះថា ភាគីក្រុមហ៊ុនសាងសង់ព្រលានយន្តហោះនេះ បានមកជួបជាមួយមន្ត្រីជំនាញ និងមន្ត្រីជាន់ខ្ពស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលចំនួនពីរលើកមកហើយ ដើម្បីបង្ហាញពីគំរោងរបស់ពួកគេ និងសកម្មភាពនៃការចាប់ផ្តើមគំរោងនេះ។ លោកបន្តថា ព្រលានយន្តហោះនេះសាងសង់លឿន ឬយឺតអាស្រ័យលើល្បឿន នៃការអភិវឌ្ឍន៍រមណីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ពួកគេនៅក្នុងស្រុកថ្មបាំង និបុទុមសាគរក្នុងខេត្តកោះកុង។
-->
ក្រុមហ៊ុន Tianjin Union Development Group បានទទួលដីសម្បទានពីរដ្ឋាភិបាលជាង ៥ម៉ឺនហិកតា ដែលគ្របដណ្តប់ស្រុកស្រុកពីររបស់ខេត្តកោះកុង ជាអ្នកសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មីនេះ។ ក្រុមហ៊ុននេះគ្រោងបោះទុនវិនិយោគប្រមាណ ៥០០០លានដុល្លារអាមេរិក។

លោក ស៊ិន ចាន់សិរីវុត្ថា បានបន្តថា សកម្មភាពឈូសឆាយទីតាំងសាងសង់ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ បានចាប់ផ្តើមតាំងពីដើមឆ្នាំនេះ ប៉ុន្តែសកម្មភា ពហាក់មានភាពយឺតៗ ដោយសាររដូវភ្លៀង ប៉ុន្តែនៅពេលបញ្ចប់រដូវភ្លៀងសកម្មភាពនៃការសាងសង់នឹងត្រូវពន្លឿនហើយ។
ទោះជាយ៉ាងណាតាមព៌តមានរបស់ក្រុមហ៊ុននេះ នាពេលកន្លងមកបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាបានអនុម័ត នូវគំរោងសាងសង់ព្រលានយន្តហោះអន្តរជាតិថ្មី ដែលវិនិយោគដោយក្រុមហ៊ុន Tianjin Union Development Group ជាក្រុមហ៊ុនដែលបាន និងកំពុងវិនិយោគលើរមណីយដ្ឋានទេសចរណ៍លំដាប់អន្តរជាតិនៅខេត្តកោះកុង។
តំណាងក្រុមហ៊ុន Tainjin Union Development Group លោកស្រី ប៊ែលឡា ហ្សាង ធ្លាប់បានមានប្រសាសន៍ឲ្យដឹងថា ការធ្វើផែមការសាងសង់ព្រលានយន្តហោះលំដាប់អន្តរជាតិនេះ បានបញ្ចប់ហើយ និងកំពុងត្រៀមរៀបចំផែនការដើម្បីធ្វើការសាងសង់។ ព្រលានយន្តហោះនេះ អាចទទួលអ្នកដំណើរបាន ១០លាននាក់ក្នុងមួយឆ្នាំ និងអាចចុះចតយន្តហោះខ្នាតធំ Boeing A380 ហើយក្រុមហ៊ុនបានធ្វើការសិក្សាពីភូមិសាស្ត្រ និងកំណត់ទីតាំងសម្រាប់ព្រលានយន្តហោះនេះរួចហើយ។

តាមព័ត៌មានរបស់ក្រុមហ៊ុនដដែលនេះបានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនបាននិងកំពុងដំណើរការគំរោងរមណីយដ្ឋាន លំដាប់ប្រណីតនៅខេត្តកោះកុងរួចហើយ ដែលរួមមានសណ្ឋាគារលំដាប់ផ្កាយ៥ភោជនីយដ្ឋាន ទីលានវាយកូនហ្គោលលំដាប់អន្តរជាតិជាដើម។
ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជាលោកហូ វណ្ឌីបានថ្លែងថា ការមានព្រលានយន្តហោះថ្មីមួយទៀត នឹងហុចសក្តានុពលសម្រាប់វិស័យអាកាសចរណ៍នៅកម្ពុជា ជាពិសេសផ្តល់ឲ្យមានជម្រើសកាន់តែច្រើនថែមទៀត សម្រាប់ក្រុមហ៊ុនអាកាសចរណ៍នានា ដែលអាចហោះហើរត្រង់មកកម្ពុជា ហើយប្រសិនជាព្រលានថ្មីនេះមានស្តង់ដាអន្តរជាតិ វានឹងអាចទាក់ទាញក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសថៃ និងខេត្តរបស់ថៃដែលជាប់នឹងកម្ពុជា អាចភ្ជាប់បណ្តាញហោះហើរទៅវិញទៅមក។

លោកបន្តថា “ខ្ញុំស្វាគមន៍គំរោងវិនិយោគដ៏ល្អនេះ ដែលវានឹងជួយជំរុញកំនើនសេដ្ឋកិច្ច និងទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជា កាន់តែច្រើនថែមទៀត។
ការវិនិយោគនេះជាផ្នែកមួយនៃវិថីសូត្រ ខ្សែក្រវ៉ាត់មួយ ផ្លូវមួយរបស់ប្រទេសចិន មកកម្ពុជា ដែលរដ្ឋាភិបាលប្រទេសទាំងពីរ បានគាំទ្រគ្នាទៅវិញទៅមក ហើយកម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរណ៍ចិន២លាននាក់នៅឆ្នាំ២០២០ខាងមុខនេះ៕