ដោយៈគង់ សូរិយា
ភ្នំពេញៈ ការអភិវឌ្ឍដីធ្លីបាន និងកំពុងរាលដាលទៅតាន់តំបន់ជាយក្រុងភ្នំពេញជាបន្តបន្ទាប់ ក្នុងនោះអ្នកអភិវឌ្ឍន៍ ក៏បានជ្រើសរើសយកស្រុកសាមគ្គីមានជ័យនៃខេត្តកំពង់ឆ្នាំង ជាតំបន់សម្រាប់អភិវឌ្ឍន៍ដីឡូត៏ លំនៅឋាន និងដីឡូត៏លំហែកាយជាដើម។
អគ្គនាយកក្រុមហ៊ុនស៊ីឌីលែន ឯ ក លោក Thomas ដែលបានវិនិយោគដីធ្លី នៅជាប់សាលាស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា កត្តាដែលជំរុញឱ្យលោកចាប់ផ្ដើមអភិវឌ្ឍន៍ដីធ្លីនៅក្នុងតំបន់មួយនេះ ដោយលោកមើលឃើញថាកត្តាសំខាន់ៗមួយចំនួន ក្នុងនោះវាជាតំបន់ ដែលមានរមណីយដ្ឋានប្រវត្តិសាស្ត្រគឺភ្នំឧត្តុង ឬភ្នំពេញព្រះរាជ្យទ្រព្យ ជាតំបន់ដែលមិនឆ្ងាយពីភ្នំពេញ ជាពិសេសនោះផ្លូវជាតិលេខ៥ តភ្ជាប់ពីភ្នំពេញក៏កំពុងត្រូវបានអភិវឌ្ឍន៍ ហើយពេលសាងសង់ចប់១០០ភាគរយនៅពេលខាងមុខ វានឹងជួយសម្រួលដល់អ្នកធ្វើដំណើរពីភ្នំពេញ ក្នុងមកមើលគម្រោងដីធ្លីទិញ ទិញដើម្បីអភិវឌ្ឍន៍ឬទុកយកចំណេញនៅពេលខាងមុខជាដើម ។
លោកបន្តថា “ផ្លូវជាតិលេខ៥ជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់មួយ ហើយនៅពេលផ្លូវនេះ សាងសង់រួចរាល់១០០ភាគរយ លោកជឿជាក់ថាតម្លៃដីធ្លីនៅតាមបណ្ដោយផ្លូវជាតិលេខ៥ នឹងមានការកើនឡើងខ្ពស់បន្ថែមទៀត”។ លោកបន្តថា ដោយឡែកស្រុកសាមគ្គីមានជ័យ ដែលកំពុងមានការអភិវឌ្ឍដីធ្លីយ៉ាងមមាញឹកនោះ ក៏ជាស្រុកមួយដែលមានព្រំប្រទល់ជាប់ នឹងផ្លូវ៥១ ហើយដូចបានដឹងផ្លូវ៥១ វាជាផ្លូវមួយដែលតភ្ជាប់ទៅផ្លូវសំខាន់ៗ ទៅកាន់ខេត្តកំពត ខេត្តកោះកុង ក្រុងព្រះសីហនុ ជាដើម។
លោកបានបន្តថា “ស្រុកសាមគ្គីមានជ័យ ប្រៀបបីដូចជាកូនក្រមុំមួយ ដែលកំពុងតែងខ្លួន បង្អួតសម្រស់ ប្រៀបដូចជាវិស័យអចលនទ្រព្យក្នុងខេត្តនេះនឹងទទួលបានភាពរីកចម្រើន និងទាក់ទាញការវិនិយោគកាន់តែច្រើននាពេលអនាគត”។
ចំណែកលោកហ៊ិន រស់អ្នកអភិវឌ្ឍន៍ដីឡូត៏លំហែនៅក្នុងស្រុកសាមគ្គីមានជ័យមួយរូបក៏បានឱ្យដឹងថា ថ្វីត្បិតតែស្រុកនេះ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង តែទីតាំងមិនឆ្ងាយពីភ្នំពេញនោះទេ ។ អ្វីដែលពិសេសនៅពេលផ្លូវជាតិលេខ៥សាងសង់រួច វានឹងកាន់តែងាយស្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋពីភ្នំពេញ ទៅកាន់ស្រុកសាមគ្គីមានជ័យ ហើយប្រើពេលាកាន់តែខ្លីផងដែរ ។
បើតាមអ្នកជំនាញ នៃវិស័យអចលនទ្រព្យបានបង្ហាញ ពីទស្សនផងដែរថា ចង់វិនិយោគលើវិស័យដីធ្លីទទួលបានផលចំណេញ មិនគួរវិនិយោគនៅជិតភ្នំពេញពេកទេ ពីព្រោះថាដីនៅក្នុងក្រុង ឬនៅជិតក្រុងភ្នំពេញវាបានឡើងថ្លៃដល់កម្រិតមួយ ដែលអាចឡើងតិចតួចឬមិនឡើងថ្លៃសោះ។
ម្យ៉ាងទៀត ការទិញដីនៅជិតក្រុង ឬនៅក្នុងក្រុងគេសម្រាប់អភិវឌ្ឍន៍ជាអគារ ឬអចលនទ្រព្យណាដែលមានតម្លៃខ្ពស់ ចំណែកនៅជាយក្រុង គេទុកសម្រាប់វិនិយោគទិញដើម្បីចំណេញ៕