អាល្លឺម៉ង់ ផ្អាកផ្ដល់អាជ្ញាប័ណ្ណដំណើរការគម្រោង Nord Stream 2 ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់រុស្ស៊ី

0

ដោយៈ សុខុម

ក្រុងឡុងដ៍: លោកខាងលិចបានប្រកាសកាលពីថ្ងៃអង្គារ ទី២២ កុម្ភៈ ថា ខ្លួនត្រៀមខ្លួនជាស្រេច ដើម្បីដាក់គំនាបលើឧស្សាហកម្ម ថាមពលដ៏ធំរបស់រុស្ស៊ី ទោះបីជាមានហានិភ័យប៉ះពាល់ដល់ខ្លួនក៏ដោយចុះ បន្ទាប់ពីក្រុងមូស្គូ បានបញ្ជាឱ្យកងទ័ពចូលលុកលុយផ្នែកខ្លះ នៃទឹកដីអ៊ុយក្រែន ភាគខាងកើត។

ជាការឆ្លើយតបទៅនឹងរុស្ស៊ី ដែលបញ្ជាឱ្យទ័ពចូលលុកលុយទឹកដីអ៊ុយក្រែន ភាគខាងកើតកាលពីថ្ងៃច័ន្ទ ទី២១ កុម្ភៈ អាល្លឺម៉ង់ បានប្រកាសថា ខ្លួននឹងផ្អាកផ្ដល់អាជ្ញាប័ណ្ណដំណើរការ គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 ដែលជាដង្ហើមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសរុស្ស៊ី។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសពីក្រុងបែរឡាំង ថា “ទាក់ទិននឹងស្ថានការណ៍វិវឌ្ឍន៍ចុងក្រោយ យើងចាំបាច់ត្រូវធ្វើការវាយតម្លៃស្ថានការណ៍ឡើងវិញផងដែរ ទាក់ទិនគម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2។ ស្តាប់ទៅវាហាក់ដូចមានលក្ខណៈបច្ចេកវិទ្យាពេក ប៉ុន្តែវាជាវិធានការរដ្ឋបាលដ៏ចាំបាច់ ដែលត្រូវធ្វើឡើងដើម្បីបញ្ឈប់ការផ្ដល់អាជ្ញាប័ណ្ណដំណើរការបំពង់បញ្ជូនឧស្ម័ន”។

គម្រោងបំពង់បញ្ជូនឧស្ម័ន ដែលមានប្រវែងដល់ទៅជាង១.២០០គីឡូម៉ែត្រនេះ ត្រូវបានកសាងបញ្ចប់ជាស្ថាព រកាលពីខែកញ្ញា ឆ្នាំ២០២១ ប៉ុន្តែមិនទាន់ទទួលបានអាជ្ញាប័ណ្ណ ដំណើរការផ្ដាច់ព្រ័ត្រពីក្រុមនិយតករអាល្លឺម៉ង់នៅឡើយ។ បើគ្មានអាជ្ញាប័ណ្ណដំណើរការដូចបានរៀបរាប់ពីខាងលើទេ ឧស្ម័នធម្មជាតិមិនអាចបញ្ជូនតាមបំពង់នេះ ឆ្លងកាត់សមុទ្របាល់ទិក (Baltic Sea) ពីប្រទេសរុស្ស៊ី ឆ្ពោះទៅកាន់ប្រទេសអាល្លឺម៉ង់បានឡើយ។

សហរដ្ឋអាមេរិក អង់គ្លេស អ៊ុយក្រែន និងប្រទេសមួយចំនួនទៀតនៃសហភាពអឺរ៉ុប បានប្រឆាំងជំទាស់ នឹងគម្រោងបំពង់បញ្ជូនឧស្ម័ននេះ ចាប់តាំងពីគម្រោងនេះ ត្រូវបានប្រកាសក្នុងឆ្នាំ២០១៥មកម៉្លេះ ដោយបានព្រមានថា គម្រោងនេះនឹងធ្វើឱ្យរដ្ឋាភិបាលក្រុងមូស្គូ (រុស្ស៊ី) មានឥទ្ធិពលកាន់តែខ្លាំងនៅទ្វីបអឺរ៉ុប។

គម្រោងបំពង់បញ្ជូនឧស្ម័ន Nord Stream 2 អាចបញ្ជូនឧស្ម័នបានរហូតដល់ទៅ៥៥ពាន់លានម៉ែត្រគូបក្នុងមួយឆ្នាំៗ។ ចំនួននោះគឺច្រើនជាង៥០% នៃតម្រូវការប្រើប្រាស់ឧស្ម័នប្រចាំឆ្នាំរបស់អាល្លឺម៉ង់ ហើយអាចមានតម្លៃរហូតដល់ទៅ១៥ពាន់លានដុល្លារអាមេរិក សម្រាប់ Gazprom ជាក្រុមហ៊ុនរដ្ឋរបស់រុស្ស៊ី ដែលគ្រប់គ្រងបំពង់បញ្ជូនឧស្ម័ននេះ។

ក្នុងនាមជាអតិថិជនឧស្ម័នដ៏ធំបំផុតរបស់រុស្ស៊ី ប្រទេសអាល្លឺម៉ង់ បានព្យាយាមបញ្ចៀសគម្រោង Nord Stream 2 ឱ្យចេញផុតពីនយោបាយពិភពលោករហូតមក។ ទោះជាយ៉ាងណា រដ្ឋាភិបាលក្រុងបែរឡាំង ពេលនេះយល់ថា ខ្លួនកាន់តែពិបាកការពារគម្រោងនេះ តទៅទៀតណាស់ ខណៈបណ្ដាសម្ព័ន្ធមិត្តរបស់ខ្លួន រួមគ្នាជជែកដេញដោល ដើម្បីរិះរកវិធីដាក់ទណ្ឌ​កម្មរដ្ឋាភិបាលក្រុងមូស្គូ ប្រសិនបើរុស្ស៊ី បញ្ជាឱ្យកងទ័ពចូលឈ្លានពានទឹកដីអ៊ុយក្រែន។

ក្រុមហ៊ុន Gazprom គឺជាម្ចាស់ភាគហ៊ុនតែមួយគត់ ក្នុងគម្រោង Nord Stream 2 ប៉ុន្តែ៥០%នៃប្រភពហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍគម្រោងនេះ គឺទទួលបានពីក្រុមហ៊ុនថាមពលអឺរ៉ុបចំនួន៥ រួមមានទាំងក្រុមហ៊ុន Wintershall និងក្រុមហ៊ុន Uniper របស់អាល្លឺម៉ង់ ផងដែរ។ អ្នកជួយគាំទ្រផ្នែកហិរញ្ញវត្ថុផ្សេងទៀតៗរួមមានក្រុមហ៊ុន Shell របស់អង់គ្លេសក្រុមហ៊ុន Engie របស់បារាំង និងក្រុមហ៊ុន OMV របស់អូទ្រីស៕ CNN៕

LEAVE A REPLY

Please enter your comment!
Please enter your name here