ដោយៈ គង់ សូរិយា
សៀមរាបៈ ក្រុមហ៊ុនជប៉ុនធំមួយឈ្មោះ UR Linkage Co Ltd បានបង្ហាញផែនការសិក្សាចង់វិនិយោគបង្កើត គម្រោងលំនៅឋានតម្លៃសមរម្យស្ដង់ដាជប៉ុនសរុប២០០០ខ្នង នៅក្នុងខេត្តសៀមរាប។
គម្រោងនេះ ត្រូវបានលើកបង្ហាញនៅក្នុងវេទិការដ្ឋ-ឯកជនលើកទី៣ ស្តីពីការអភិវឌ្ឍនគរូបនីយកម្មកម្ពុជា-ជប៉ុនកាលពីពេលថ្មីៗនេះ។
គម្រោងនេះ មានឈ្មោះថា Sakura Angkor ហើយបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ដែលជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន និងកម្ពុជា ក្រោមយោបល់ពីលោកប៉ែន សុផល រដ្ឋលេខាធីការ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
លោក Yoshimura Hiroyuki តំណាងក្រុមហ៊ុន UR Linkage Co Ltd របស់ប្រទេសជប៉ុន បានឱ្យដឹងថា គម្រោងនេះ បែងចែកជា៣ដំណាក់កាល ក្រោមផែនការវិនិយោគក្នុងរយៈពេល៥ឆ្នាំ។
ដំណាក់កាលទី១ មានលំនៅដ្ឋានចំនួន ៧០០យូនីត ដំណាក់កាលទី ២ ៨០០យូនីត និងដំណាក់កាលទី៣ ៥០០យូនីត។ គ្រប់ដំណាក់កាលនឹងប្រើប្រាស់បច្ចេកវិទ្យាវៃឆ្លាត ទំនើបចុងក្រោយរបស់ប្រទេសជប៉ុន ទិសដៅដើម្បីផ្ដល់នូវសហគមគ្រប់ជ្រុងជ្រោយ និងស្រួលរស់នៅដល់ប្រជាពលរដ្ឋខ្មែរ។
តាមផែនការ លំនៅឋានក្នុងគម្រោងនឹងលក់ក្នុងតម្លៃពី ៦ ទៅ ៧ ម៉ឺនដុល្លារក្នុង១ខ្នង ដើម្បីបើកឱកាសឱ្យប្រជាជន ចំណូលមធ្យមអាចមានលទ្ឋភាពទិញបាន៕