អ្នកជំនាញៈអចលនទ្រព្យនៅក្នុងខេត្តបាត់ដំបងមានអតុល្យភាពរវាងការផ្គត់ផ្គង់និងតម្រូវការ

0

ដោយៈសុផារី

បាត់ដំបងៈ ខេត្តបាត់ដំបង ដែលធ្លាប់មានសកម្មភាពនៃដំណើរការអចលនទ្រព្យមមាញឹក ព្រោះជាខេត្តដែលមានទំហំដី និងទំហំសេដ្ឋកិច្ចធំលំដាប់លើៗមួយរបស់ប្រទេសកម្ពុជា ជាពិសេស មានព្រំប្រទល់ជាប់នឹងប្រទេសថៃ។

ក្នុងដើមឆ្នាំ២០២២នេះ អចលនទ្រព្យនៅក្នុងខេត្តបាត់ដំបង ត្រូវបានមើលឃើញថា នៅតែមានសកម្មភាពទៅមុខ តែមិនសូវជាមមាញឹកនោះទេ ព្រោះអតុល្យភាពនៃការផ្គត់ផ្គង់ និងតម្រូវការដីធ្លីនិងអចលនទ្រព្យ។

លោក ឆម ចំរើន សហស្ថាបនិក និងជាអនុប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន អេតសឹលូសិន រៀល អ៊ីស្ទេត ឯ.ក បានមានប្រសាសន៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះថា ចរន្តនៃការទិញលក់ដីធ្លីនៅក្នុងខេត្តបាត់ដំបងនៅតែមានសកម្មភាព តែមានលក្ខណៈតិចតួចណាស់ ព្រោះការផ្គត់ផ្គង់មានចំនួនច្រើនជាងតម្រូវការទិញដីធ្លី។

វិបត្តិកូវីដ១៩ បានជះឥទ្ធិពលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្ត ជាហេតុនាំឱ្យគាត់សម្រេចចិត្ត រក្សាសាច់ប្រាក់ទុកច្រើនជាងការទិញអចលនទ្រព្យនិងវិនិយោគ។

លោកបន្តថា “ចរន្តទិញលក់ដីធ្លីមិនសូវមានប៉ុន្មានទេ មានអ្នកលក់ តែមិនសូវមានអ្នកទិញឡើយ។ កូវីដ១៩ ចឹងគេទុកលុយច្រើនជាង”។

យ៉ាងណាក្តី សកម្មភាពនៃការអភិវឌ្ឍគម្រោងលំនៅឋាននានា មានការកើនឡើងជាបន្តបន្ទាប់ ហើយក៏មានគម្រោងថ្មីមួយចំនួនបានចាប់ផ្ដើមដំណើរផងដែរ តែការទិញលក់បានកម្រិតទាប។

លោកមើលឃើញថា នៅក្នុងខេត្តបាត់ដំបង តំបន់ដែលពេញនិយមនិងមានសកម្មភាពខ្លាំងក្លាបំផុតគឺ តំបន់នៅតាមព្រំដែន ស្រុកមួយចំនួននៅតាមព្រំដែន ដូចជា ស្រុកកំរៀង ស្រុកភ្នំព្រឹក ជាដើម ដោយសារសកម្មភាពសេដ្ឋកិច្ចនិងពាណិជ្ជកម្មនៅតាមព្រំដែន មានភាពមមាញឹកបំផុត។

លោកឆម ចំរើនបានបន្តថា តម្លៃដីធ្លីនៅក្នុងខេត្តបាត់ដំបង មានភាពខុសគ្នាទៅតាមទីតាំង និងផ្លូវដែលនៅជុំវិញ។ តម្លៃតាមតំបន់ តំបន់ណានៅក្បែរក្រុងទៅ រៀងគ្រាន់។ បើនៅឆ្ងាយ មិនទាន់កម្រើកណាស់ណាទេ”។

ទោះបីជាយ៉ាងណាក្តី លោកមើលឃើញពីការត្រៀមទុកនៃអ្នកវិនិយោគ ដែលនៅបន្តរង់ចាំឱកាសល្អប្រសើរឡើងវិញ ដើម្បីអភិវឌ្ឍទៅជាអ្វីផ្សេង។ ប៉ុន្តែការណ៍នេះត្រូវបានបង្អាក់ ដោយសារវត្តមាននៃមេរោគបំប្លែងថ្មីអូមីក្រុងមកក្នុងសហគមន៍ នៃប្រទេសកម្ពុជា និងខេត្តបាត់ដំបងផងដែរ។

លោកបន្ថែមថា “ប៉ុន្តែម្នាក់ៗត្រៀម ត្រៀមដីធ្វើការអភិវឌ្ឍ រង់ចាំស្ថានការណ៍មួយ ដែលល្អប្រសើរជាងនេះបន្តិច។ តែចៃដន្យអី អូមីក្រុងមកដល់ទៀត។ ចឹងបានប្រជាពលរដ្ឋនៅរក្សាទុកលុយនៅឡើយ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here