ដោយៈស៊ីវ ម៉េង
ភ្នំពេញៈ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) លោកច្រឹក សុខនីម បានបង្ហើបពីការវិនិយោគដីធ្លី ដែលមិនបង្កហានិភ័យដល់ការជាប់គាំង។
លោកបានមានប្រសាសន៍ឲ្យដឹង កាលពីដើមសប្តាហ៍នេះថា ធម្មតាការវិនិយោគដីធ្លី ដែលជ្រើសរើសបានទីតាំងល្អ ពិតជាផ្តល់ផលចំណេញ មិនថាការវិនិយោគនៅភ្នំពេញ និងតាមបណ្តាខេត្តមានសក្តានុពលសេដ្ឋកិច្ច ដូចជា ខេត្តសៀមរាប កំពត កែប មណ្ឌលគិរីជាដើម ប៉ុន្តែការវិនិយោគដែលល្អជាងគេ គឺនៅជាយក្រុងភ្នំពេញ។
លោកបានបន្តថា “ការវិនិយោគដីធ្លីនៅតាមបណ្តាខេត្ត អាចមានការជាប់គាំងរយៈពេលវែង បើសិនជាកត្តាសេដ្ឋកិច្ចមិនអំណោយផល ពិសេសទិញនៅទីតាំង ដែលគ្មានសក្តានុពល”។ លោកបន្តថា “ផ្ទុយទៅវិញ ការវិនិយោគ ដែលមិនសូវមានហានិភ័យ គួរវិនិយោគនៅតំបន់ជាយរាជធានីភ្នំពេញ ព្រោះទីតាំងនេះបើយើងរើសបានដីល្អ តម្លៃសមរម្យងាយស្រួលលក់ចេញ និងមានឱកាសចំណេញច្រើន”។
លោកច្រឹក សុខនីមបានបន្តថា ការឡើងតម្លៃដីធ្លីនៅតំបន់ជាយក្រុង ដោយសារមានប្រជាជនរស់នៅច្រើន មានហេដ្ឋារចនាសម្ព័ន្ឋងាយស្រូលក្នុងការតភ្ជាប់ ពិសេសការបន្តពង្រីករាជធានីភ្នំពេញ នាពេលខាងមុខ។លោកបន្តថា កត្តាទាំងអស់នេះហើយ ដែលធ្វើឲ្យតម្លៃដីធ្លីបន្តកើនឡើង ហើយបើការវិនិយោគឈរលើមូលដ្ឋានច្បាប់ មិនប្រថុយប្រថាន និងជ្រើសរើសទីតាំងបានល្អ ការវិនិយោគដីធ្លីនៅតែមានឱកាសចំណេញខ្ពស់ ហើយដីធ្លីនឹងបន្តឡើងថ្លៃរយៈពេលវែងបន្តទៀត៕