ដោយ៖វឌ្ឍនៈ
ភ្នំពេញ ៖ នៅក្នុងវិបត្តិនៃជំងឺកូវីដ១៩ វិស័យជាច្រើនឬអាចនិយាយបានថាស្ទើរតែទាំងអស់បានជួបប្រទះនឹងបញ្ហាប្រឈម ក្នុងនោះវិស័យអចលនទ្រព្យក៏បានជួបប្រទះនូវបញ្ហាប្រឈមមួយចំនួនដែរ ដែលធ្វើឱ្យតម្រូវការមានការថមថយ ការទិញលក់មានការធ្លាក់ចុះ ដែលជាជម្រើសសម្រាប់អ្នកស្វែងរកអចលនទ្រព្យ ។
លោកច្រឹក សុខនីមប្រធានសមាគមអ្នកវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា នៅ
ក្នុងវិបត្តិនៃជំងឺកូវីដ១៩ ចរន្តនៃការទិញលក់អចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាមិនសូវមានកំណើនខ្ពស់នោះទេ ប៉ុន្តែសកម្មភាពនៃការទិញលក់នៅតែបន្តមានដដែល ។
លោកបន្តថា អ្នកទិញអចលនទ្រព្យនៅក្នុងអំឡុងពេលនេះ មានជម្រើសច្រើនក្នុងការជ្រើសរើសយកអចលនទ្រព្យណាដែលល្អៗ ហើយរបៀបនៃការទូទាត់ប្រាក់ក៏ត្រូវតែមានវិធីល្អ ដើម្បីសម្រួលដល់អ្នកទិញ ។ នៅក្នុងបរិបទសម័យកូវីដ១៩នេះ ការទិញលក់មួយចំនួនធំដែលទទួលបានជោគជ័យ គឺការផ្ដល់នូវដំណោះស្រាយផ្នែកហិរញ្ញវត្ថុ តាមរយៈការណែនាំឱ្យពួកគាត់ទទួលបាននូវប្រាក់កម្ចី ឬមួយតាមភ្នាក់ងារនេះពួកគាត់ធ្វើការងារយ៉ាងជិតស្និទ្ធជាមួយនឹងប្រព័ន្ធធនាគារ ដែលអាចធ្វើការទិញលក់ជាបណ្ដោះអាសន្ននៅក្នុងបរិបទណាមួយ ។មួយវិញទៀត អ្នកដែលចូលលក់អចលនទ្រព្យនៅក្នុងបរិបទនេះ គឺត្រូវជាអ្នកដែលមានបណ្ដាញទំនាក់ទំនងល្អ ផ្ដល់ព័ត៌មានទៅអតិថិជនដែលចំគោលដៅ ដែលអាចទទួលបានការគាំទ្រត្រលប់មកវិញពីអតិថិជនរបស់ពួកគាត់ ។
លោកឡុង គឹមសួគ៌ អ្នកជំនាញនៃវិស័យអចលនទ្រព្យមួយរូប នៅកម្ពុជា ក៏បានលើកឡើងផងដែរថា នៅក្នុងបរិបទនៃកូវីដ១៩ និងជាបរិបទនៃវិបត្តិ យើងមើលឃើញថាការអភិវឌ្ឍអចលនទ្រព្យ ជាពិសេសលំនៅឋាន នៅតែបន្ត ហើយលំនៅឋានណាដែលអភិវឌ្ឍន៍បានល្អ នៅទីតាំងមានសក្ដានុពល និងជាលំនៅឋានដែលទាក់ទាញនិងតែទទួលបានការគាំទ្រពីអតិថិជន និង លក់ដាច់ជាបន្តបន្ទាប់ ដូច្នេះហើយនៅក្នុងបរិបទនេះ អ្នកអភិវឌ្ឍន៍គួរតែមានការច្នៃប្រឌិតថ្មីៗ ដើម្បីជំរុញការលក់របស់ខ្លួន ។
លោកបន្តថា ម្យ៉ាងទៀតនៅក្នុងបរិបទនេះ អ្នកអភិវឌ្ឍន៍ក៏បានសម្រួលដល់លក្ខខណ្ឌនៃការបង់ប្រាក់សម្រាប់អតិថិជន ដែលធ្វើឱ្យអតិថិជននៅតែមានលទ្ធភាព ក្នុងការទិញលំនៅឋានសម្រាប់ស្នាក់នៅ ។ ការអភិវឌ្ឍលំនៅឋានក្នុងបរិបទនេះ អាចសម្រាប់ផ្គត់ផ្គង់នៅក្នុងពេលបច្ចុប្បន្ននិងមួយចំនួនអាចជាការអភិវឌ្ឍនិងទុកសម្រាប់ផ្គត់ផ្គង់នៅពេលអនាគត ពោលគឺនៅពេលចប់វិបត្តិ ៕