ដោយៈសុខុម
ប៉េកាំង: ការស្ទាបស្ទង់មួយដែលធ្វើឡើង ដោយទីភ្នាក់ងារព័ត៌មាន Reuters បានបង្ហាញថា ក្រោយរងភាពរង្គោះរង្គើយ៉ាងខ្លាំង ដោយសារវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ក្នុងចំណោមបណ្ដាក្រុមហ៊ុនអភិវឌ្ឍន៍ ទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន នឹងងើបឡើងវិញនៅចុងឆ្នាំ២០២២ នៅពេលដែលគោលនយោបាយជំរុញលើកទឹកចិត្តអ្នកទិញ បានរម្ងាប់ភាពជ្រួលច្របល់ក្នុងទីផ្សារ។
វិស័យអចលនទ្រព្យ ធ្លាប់តែជាសសរស្តម្ភ នៃភាពរឹងមាំសម្រាប់សេដ្ឋកិច្ចចិន ដែលជាសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោក ប៉ុន្តែបានដាំក្បាលចុះយ៉ាងខ្លាំងក្នុងឆ្នាំ២០២១ និងជាប់ផុងយ៉ាងជ្រៅក្នុងបំណុល នៅពេលរ ដ្ឋាភិបាលក្រុងប៉េកាំង បានចាប់ផ្ដើមយុទ្ធនាការរឹតបន្តឹងវិស័យនេះ ហើយជាលទ្ធផល បានធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ ជួបវិបត្តិសាច់ប្រាក់ធ្ងន់ធ្ងរ ដោយគម្រោងលំនៅដ្ឋាននានា ត្រូវជាប់គាំងពាក់កណ្ដាលទី ការលក់ធ្លាក់ចុះខ្លាំង និងខកខានទូទាត់សងថ្លៃមូលបត្របំណុល អន្តរជាតិជាបន្តបន្ទាប់។
ក្រៅពីវិស័យអចលនទ្រព្យរបស់ខ្លួន កំពុងដាំក្បាលចុះយ៉ាងឆាប់រហ័ស ប្រទេសចិន ក៏ប្រឈមមុខនឹងការផ្ទុះឡើង នូវវីរុសកូវីដ-១៩ ញឹកញាប់ ដែលអាចប៉ះពាល់ដល់ទិន្នផលរោងចក្រ និងការប្រើប្រាស់ផងដែរ។
យោងតាមការស្ទាបស្ទង់ ដែលទីភ្នាក់ងារព័ត៌មាន Reuters ធ្វើឡើងទៅលើអ្នកវិភាគ និងអ្នកជំនាញសេដ្ឋកិច្ចចំនួន១៧រូប នៅចន្លោះថ្ងៃទី១៦ ដល់ថ្ងៃទី២៣ ខែកុម្ភៈ បង្ហាញថា តម្លៃផ្ទះជាមធ្យមត្រូវបានប៉ាន់ប្រមាណថានឹងធ្លាក់ចុះ១,០%នៅក្នុងឆមាសទី១ឆ្នាំនេះ។ ការប៉ាន់ប្រមាណនេះមិនមានការផ្លាស់ប្តូរឡើយ បើធៀបនឹងការស្ទង់មតិរបស់ Reuters ដែលបានធ្វើឡើងក្នុងខែវិច្ឆិកា។
សម្រាប់ឆ្នាំ២០២២ ទាំងមូល តម្លៃផ្ទះក្នុងទីផ្សារអចលនទ្រព្យចិន ត្រូវបានរំពឹងថានឹងហក់ឡើង២,០%។
ដើម្បីស្រោចស្រង់វិស័យអចលនទ្រព្យរបស់ខ្លួន រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជាច្រើន ដើម្បីជំរុញការលក់ និងរម្ងាប់ការជ្រួលច្របល់ក្នុងទីផ្សារ រួមទាំងការអនុញ្ញាតឱ្យក្រុមហ៊ុនអភិវឌ្ឍន៍ ប្រើប្រាស់លុយបានពីការលក់ Presale ក្នុងគម្រោងលំនៅដ្ឋានរបស់ខ្លួន ងាយស្រួលជាងមុន ការតម្រូវឱ្យអ្នកទិញផ្ទះដំបូងបង់ប្រាក់មុន (Down Payment) តិចជាងមុន និងការអនុញ្ញាតឱ្យធនាគារពាណិជ្ជនានា បញ្ចុះអត្រាការប្រាក់សម្រាប់ឥណទានគេហដ្ឋាន (កម្ចីទិញផ្ទះ) ផងដែរ៕ Reuters៕