ដោយៈ គង់ សូរិយា
ភ្នំពេញៈ ជាមួយនឹងផែនការដើម្បីប្រមូលទុន យកទៅសាងសង់ទីក្រុងបូកគោថ្មី អ្នកឧកញ៉ាសុខ គង់បានបង្ហើបនូវលក្ខខ័ណ្ឌពិសេសទាក់ទងនឹងតម្លៃដី និងសណ្ឋាគារទំហំ១៣ហិកតានៅតំបន់ជ្រោយចង្វារ។
សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានទទួលព៌តមាននេះមកចុះផ្សាយមុនគេ លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ដើមឡើយការចុះផ្សាយអត្ថបទនេះ គឺសណ្ឋាគារ និងដីនៅទីតាំងខាងលើ គឺលក់ក្នុងតម្លៃ៩០០លានដុល្លារ ប៉ុន្តែព៌តមាននេះ គឺលោកទទួលបានពីសាច់ញាតិរបស់លោកឧកញ៉ា ដែលអ្នកផ្តល់ព៌តមាននេះ បានក្តាប់ព៌តមានមិនច្បាស់។
-->
លោកបន្តថា “ក្រោយពេលខ្ញុំជួបអ្នកឧកញ៉ាផ្ទាល់ ទើបដឹងការពិតដែលគំរោងនេះ ដាក់លក់ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក”។ លោកបន្តថា “វាជាព៌តមាន ដែលមានការចាប់អារម្មណ៍ខ្លាំងណាស់ ពីអ្នកវិនិយោគជាតិ និងអន្តរជាតិ ពិសេសសាធារណៈជននានា”។

អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យដឹងថា ព៌តមាននេះ ជាព៌តមានពិត ប៉ុន្តែវាជាតម្លៃមួយ ដែលមានក្រុមហ៊ុនមួយចំនួនឲ្យតម្លៃបែបនេះ ហើយបច្ចុប្បន្នមានក្រុមហ៊ុនជាច្រើនកំពុងចាប់អារម្មណ៍ទិញគំរោងនេះ ប៉ុន្តែស្ថិតនៅក្នុងការចចានៅឡើយ។

អ្នកឧកញ៉ាបន្តថា “ការពិតខ្ញុំដាក់លក់គំរោងនេះ ក្នុងតម្លៃ១៥០០លានដុល្លារអាមេរិក ជាតម្លៃមួយអាចជួបជជែកចចារគ្នាបានបន្តទៀត”។ អ្នកឧកញ៉ាបានបន្តថា “ខ្ញុំលក់គម្រោងនេះ ដើម្បីយកទុនទៅវិនិយោគសាងសង់ទីក្រុងបូកគោថ្មី សម្រាប់អ្នកជំនាន់ក្រោយ ព្រោះទីក្រុងថ្មីនេះ ត្រូវចំណាយទុនច្រើនណាស់”។
អ្នកឧកញ៉ាសុខ គង់បានបន្តទៀតថា “តាមពិតខ្ញុំចាស់ហើយ ខ្ញុំមានលុយសំរាប់ដើរកំសាន្តនៅក្រៅប្រទេស ខ្ញុំមិនចាំបាច់ហត់ទេ តែខ្ញុំកសាងទីក្រុងបូកគោ ដើម្បីអ្នកជំនាន់ក្រោយ និងកសាងសេដ្ឋកិច្ចជាតិ”៕