ដោយៈវឌ្ឍនៈ
ភ្នំពេញៈការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺមានសារសំខាន់ណាស់ក្នុងការជំរុញកំណើនតម្លៃ និងហាងឆេងដីធ្លី នៅក្នុងប្រទេសកម្ពុជា ជាពិសេសការទាក់ទាញ ដល់ការវិនិយោគពីសំណាក់វិនិយោគិន ក្នុងនិងក្រៅប្រទេស លើការអភិវឌ្ឍអចលនទ្រព្យនានា។
ជាការកត់សម្គាល់ទីណា មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើន ទីនោះក៏ទទួលបានការវិនិយោគ និងអភិវឌ្ឍលើអចលនទ្រព្យដីធ្លីនិងសំណង់ជាដើម។
អគ្គនាយិកានៃក្រុមហ៊ុនអចលនទ្រព្យ PropNex Cambodia អ្នកស្រីអាន សុធីតាបានមានប្រសាសន៍ឲ្យដឹងនាព្រឹកថ្ងៃទី២៨ កុម្ភៈនេះថា នៅតំបន់ដែលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ គឺតែងតែទទួលបានការអភិវ ឌ្ឍ និងការវិនិយោគពីបណ្ដាវិនិយោគិនក្នុង និងក្រៅប្រទេស ក្នុងនោះ តំបន់ប៉ែកខាងត្បូងរាជធានីភ្នំពេញ យើងឃើញថាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធច្រើន ហើយក៏បានឃើញថាតំបន់នោះ មានការអភិវឌ្ឍទៅលើអចលនទ្រព្យជាច្រើនផងដែរ ដូចជាលំនៅឋាន ផ្សារទំនើបផងដែរ ។
លោកស្រីបន្តថា “នៅពេលមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរ ងាយស្រួលក្នុងការរស់នៅ និងប្រកបអាជីវកម្ម ដូច្នេះហើយទើបវិនិយោគិន តែងតែសម្លឹងមើលលើតំបន់នោះក្នុងការអភិវឌ្ឍលំនៅឋានសម្រាប់ផ្គត់ផ្គង់ជូនពលរដ្ឋ”។
រាជរដ្ឋាភិបាលបានបណ្ដាក់ទុន លើហេដ្ឋារចនាសម្ព័ន្ធក្នុងមួយឆ្នាំៗ ជាពិសេសលើផ្លូវថ្នល់ ស្ពាន ទូទាំងប្រទេស ជាពិសេសនៅបណ្ដាខេត្តដែលមានសក្ដានុពលមួយចំនួនក្នុងប្រទេសកម្ពុជា ក្នុងនោះដែរឃើញថា ខេត្តពីរបន្ទាប់ពីភ្នំពេញ ទទួលបានការអភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធ ផ្លូវជាច្រើនខ្សែរួមមាន ខេត្តព្រះសីហនុ និងខេត្តសៀមរាប។ ខេត្តទាំងពីរនេះ ចាត់ទុកជាពោលសេដ្ឋកិច្ចដ៏សំខាន់ បន្ទាប់ពីរាជធានីភ្នំពេញ ដោយមានការចាប់អារម្មណ៍ខ្លាំងពីវិនិយោគិនក្នុងនិងក្រៅប្រទេស ។
លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និង រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ថា ទោះបីជាកម្ពុជាជួបវិបត្តិនឹងស្ថានភាពកូវីដ១៩ក៏ដោយ ក៏កម្ពុជានៅតែបន្តអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ជាបន្តបន្ទាប់ ហើយជាលទ្ធផលនៅប៉ុន្មានថ្ងៃខាងមុខនេះ ផ្លូវជាតិលេខ៣ពីភ្នំពេញទៅកំពត នឹងត្រូវដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ហើយត្រៀមនឹងបើកការដ្ឋានសាងសង់ផ្លូវច្រើនខ្សែទៀត នៅពេលបន្តបន្ទាប់ ស្របតាមដំណើរការនៃការរីកចម្រើននៃសេដ្ឋកិច្ច៕