ដោយៈស៊ីវ ម៉េង
កំពតៈ ទីក្រុងបូកគោថ្មី ដែលមានផ្ទៃដីទំហំ៣០,០០០ហហិកតាបាននិងកំពុងសម្រេចបានវឌ្ឍនភាពបណ្តើរៗ ដោយបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបាននិងកំពុងសាងសង់ ហើយបុរីជាច្រើនគំរោងកំពុងលក់ជូនអតិថិជន។
អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ឲ្យឲ្យក្រុមអ្នកសារព៌តមានដឹង កាលពីចុងសប្តាហ៍មុនថា យើងបាននិងកំពុងកសាងទីក្រុងថ្មីនេះ ដើម្បីជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប៉ុន្តែទំហំចំណាយមានច្រើនណាស់ ដែលទុនវិនិយោគពី១០ទៅ២០ពាន់លានដុល្លារ មិនគ្រប់នោះទេ ហេតុនេះក្រុមហ៊ុនសូមស្នើរដ្ឋាភិបាល បន្តគាំទ្រឲ្យកាន់តតែខ្លាំងក្លាថែមទៀត ដើម្បីក្រុមហ៊ុនមានទឹកចិត្ត ពង្រីកការវិនិយោគកាន់តតែលឿនថែមមួយកម្រិតទៀត។
អ្នកឧកញ៉ាបានបន្តថា “បើគ្រាន់តែលុយសំរាប់ចាយ សម្រាប់ការដើរកំសាន្តនៅក្រៅប្រទេសខ្ញុំមានហើយ។ ខ្ញុំមានលុយគ្រប់គ្រាន់សំរាប់ការចូលនិវត្តន៍ ខ្ញុំមិនចាំបាច់ហត់ទេ ព្រោះខ្ញុំចាស់ហើយ ប៉ុន្តែខ្ញុំចង់ទុកមរតកដល់អ្នកជំនាន់ក្រោយ និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិជាមួយរដ្ឋាភិបាល”។ អ្នកឧកញ៉ាបន្តថា “យើងត្រូវចំណាយច្រើនណាស់ ពិសេសលើការសាងសង់ផ្លូវជាតិ ដែលតភ្ជាប់ពីក្រុងបូកគោ ទៅកាន់ផ្លូវជាតិលេខ៤ និងតភ្ជាប់ទៅតំបន់យាយម៉ៅពេជ្រនិល ហេតុនេះក្រុមហ៊ុនសូមស្នើឲ្យរដ្ឋាភិបាលបន្តគាំទ្រឲ្យបានកាន់តែខ្លាំងងក្លាថែមទៀត។
អ្នកឧកញ៉ាសុខ គង់ក៏ចង់បានការចូលមកវិនិយោគពីអ្នកវិនិយោគជាតិ ពិសេសអ្នកវិនិយោគអន្តរជាតិ ដើម្បីធ្វើឲ្យទីក្រុងនេះមានការរីកចម្រើនយ៉ាងឆាប់រហ័ស និងសម្រេចបានតាមផែនការមេរបស់ក្រុមហ៊ុន ហើយជនបរទេសក៏មានសិទ្ឋជួលដីបន្តនៅលើភ្នំបូកគោ ពីក្រុមហ៊ុនសុខាអូតែល និងអាចផ្ទេរឈ្មោះទៅរូបវ័ន្តបុគ្គល ឬនិតិបុគ្គល ដែលជួលបន្តនោះនៅក្នុងវិញ្ញាបនបត្រសម្គាល់សិទ្ឋជួលអចិន្រ្តយ៍។
ជាមួយនឹងសកម្មភាពសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ ពិសេសផ្លូវថ្មីមួយខ្សែចេញពីទទីក្រុងនេះ តភ្ជាប់ទៅកាន់ផ្លូវជាតិលេខ៤ និងទៅកាន់តំបន់យាយម៉ៅ ពេជ្រ និលប្រវែង១២០គីឡូម៉ែត្រ សម្រេចសាងសង់បានជាង៨គីឡូម៉ែត្រហើយ ខណៈបបុរីចំនួនបី ដែលមានផ្ទៃដីរាប់រយហិកតាបាននិងកំពុងលក់ជូនអតិថិជនយ៉ាងជោគជ័យផងដែរ៕