អ្នកឧកញ៉ាសុខ គង់ បង្ហើបពីទំហំចំណាយ ផែនការអភិវឌ្ឈន៍និងរយៈពេលនៃការសាងសង់ទីក្រុងបូកគោថ្មី

0

ដោយៈជេស៊ីកា

កំពតៈ អ្នកឧកញ៉ាសុខ គង់ប្រធានក្រុមហ៊ុនសុខាអូតែលបាន និងកំពុ​ងចំណាយប្រាប់រាប់រយលានដុល្លារអាមេរិក ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានឋានសួគ៌បូកគោ និងទីក្រុងបូកគោថ្មី ដែលបច្ចុប្បន្នហេដ្ឋារចនាសម្ព័ន្ឋជាច្រើនបាន និងកំពុងសាងសង់យ៉ាងខ្វាត់ខ្វែងលើកំពូលភ្នំនេះ។

ក្នុងពេលអនុញ្ញាត្តឲ្យសហស្ថាបនិក និងជាអគ្គនាយកគេហទំព័រ Propertyarea.asia លោកយិន លាងគង់កាលពីសប្តាហ៍មុន អ្នកឧកញ៉ាសុខគង់បានលើកឡើងពីផែនការ និងពន្យល់ពីទស្សនវិស័យលើការអភិវឌ្ឍន៍ទីក្រុងនេះ។

សំណួរៈ តើរហូតមកទល់ពេលនេះ ទីក្រុងបូកគោថ្មីមានការអភិវឌ្ឍន៍យ៉ាងដូចម្តេច?

ចម្លើយៈ ទីក្រុងបូកគោថ្មីបាន និងកំពុងសាងសង់លំនៅដ្ឋានលើគំរោងធំៗចំនួន៣ ដែលបានលក់អស់មួយចំនួន និងកំពុងលក់បន្ត ដោយមានការចាប់អារម្មណ៍ច្រើន ពីអ្នកចង់បានផ្ទះលំហែរកាយ។ បច្ចុប្បន្នក្រុមហ៊ុនបានសាងសង់ផ្លូវថ្មីមួយខ្សែ ចេញពីតំបន់ស្រែ៥០០ទៅកាន់ផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៨ និងមួយខ្សែទៀតជាខ្នែងផ្លូវឆ្ពោះទៅកាន់កំពូលភ្នំបូកគោ ដែលស្ថិតនៅផ្នែកផ្សេងទៀត។

បច្ចុប្បន្នផ្លួវនេះ បានឈូសឆាយបានជាង៨គីឡូម៉ែត្ររួចហើយ ប៉ុន្តែមិនទាន់ដឹងចប់នៅពេលណាទេ វាអាស្រ័យលើទំហំទុនដែលយើងមាន។ ផ្លូវដ៏សំខាន់នេះមានប្រវែង១២៧គីឡូម៉ែត្រ ដែលវានឹងជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងជួយសេដ្ឋកិច្ចជាតិ ពិសេសអ្នកចង់មកលេងកំសាន្តនៅទីក្រុងបូកគោ អាចមកតាមផ្លូវជាតិលេខ៤ ហើយបើកត្រង់តាមផ្លូវនេះ មកកាន់ទីក្រុងបូកគោតែម្តង។

សំណួរៈ តើទីក្រុងនេះមានលក្ខណៈពិសេសផ្នែកភូមិសាស្រ្ត និងអាកា​សធាតុដូចម្តេច?

ច​ម្លើយៈ ទីក្រុងបូកគោ ដែលបានរកឃើញដោយជនជាតិបារាំង ជាភ្នំដ៏ខ្ពស់ និងមានលក្ខណៈពិសេសជាងគេនៅកម្ពុជា ដោយសារភ្នំនេះមានកំពស់ជាង១០០០ម៉ែត្រ ដែលផ្តល់នូវទិដ្ឋភាពស្រស់ត្រកាល ព្រៃឈើត្រូវបានអភិរ័ក្ស ព្រោះវាជាតំបន់ឧទ្យានជាតិ។

លក្ខខ័ណ្ឌអាកាសធាតុនេះ មានសីតុណ្ហភាពជាមធ្យម១៧ ទី១៨អង្សារសេ នៅពេលរាត្រី ដែលខ្យល់អាកាសបែបនេះ ត្រូវបានអ្នកជំនាញស្រាវជ្រាវផ្នែកសុខភាពបានឲ្យដឹងថា “ខ្យល់អាកាសនៅភ្នំបូកគោ អាចជួយសុខភាពមនុស្សបានយ៉ាងប្រសើរ ពិសេសអាចជួយអ្នកមានជម្ងឺសួតបានទៀតផង”។

ទីក្រុងបូកគោ ដែលគ្របដណ្តប់លើផ្ទៃដី៣០,០០០ហិកតានេះ នឹងក្លាយជាទីតាំងមួយ ទាក់ទាញការវិនិយោគពីសំណាក់ អ្នកវិនិយោគជាតិ អន្តរជាតិ ជាពិសេសនឹងរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា បានយ៉ាងប្រសើរ ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

សំណួរៈ តើទីក្រុងបូកគោមានទំហំប៉ុន្មានហិកតា ហើយរហូតមកទល់ពេលនេះ ក្រុមហ៊ុនបានចំណាយប្រាក់អស់ប៉ុន្មានហើយ?

ចម្លើយៈ ទីក្រុងបូកគោមានផ្ទៃដី ៣០,០០០ហិកតា សម្រាប់អភិវឌ្ឍន៍បាន ក្នុងចំណោមផ្ទៃដី១៤០,០០០ហិកតា ដែលស្ថិតក្នុងឧទ្យានជាតិមួយនេះ។ បើគិតពីការអភិវឌ្ឍន៍តាំងពីដើមដំបូង រាប់ទាំងសណ្ឋាគារ កាស៊ីណូ ផ្លូវឡើងភ្នំ និងហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតក្រុមហ៊ុន បានវិនិយោគអស់ទឹកប្រាក់ចន្លោះពី៤០០ ទៅ៥០០លានដុល្លាររួចហើយ។

សំណួរៈ តើក្រុមហ៊ុនគ្រោងចំណាយប្រាក់ប៉ុន្មានលានដុល្លារ ដើម្បីវិនិយោគទីក្រុងបូកគោថ្មី?

ចម្លើយៈ ទំហំទីក្រុងបូកគោថ្មីនេះធំណាស់ ដែលយើងចំណាយប្រាក់ពី១០ទៅ២០ពាន់លានដុល្លារ មិនគ្រប់ទេ ព្រោះវាត្រូវចំណាយច្រើនណាស់ ដើម្បីបង្កើតទីក្រុងថ្មីមួយបាន និងមានមនុស្សមករស់នៅច្រើន។

ការអភិវឌ្ឍន៍ទីក្រុងនេះ មានរយៈពេលមិនតិចជាង៥០ឆ្នាំឡើយ ឬអាចយូរជាងនេះ ទើបអាចបញ្ចប់បានតាមផែនការ។

សំណួរៈ តើទីក្រុងនេះ មានលក្ខណៈពិសេសដូចម្តេច តើក្រុមហ៊ុនជួលដីពីរដ្ឋ ហើយជនបរទេសអាចមានសិទ្ឋជួលបន្តដែរឬទេ?

ចម្លើយៈ ទីក្រុងថ្មីនេះ ក្រុមហ៊ុនបានជួលពីរដ្ឋាភិបាល ហើយមានកាលផុតកំណត់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២១០៩ ខាងមុខ មានន័យថា វាមានសុពលភាពរយៈពេល៨៧ឆ្នាំទៀត។

សម្រាប់ជនជាតិខ្មែរ និងជនបរទេស ដែលចង់វិនិយោគគម្រោងផ្សេងៗលើទីក្រុងនេះ អាចចចារជាមួយក្រុមហ៊ុនដើម្បីជួលបន្តបាន តាមកិច្ចសន្យាជាមួយក្រុមហ៊ុន ដែលបានទទួលសិទ្ឋសម្បទានជួល ពីរដ្ឋាភិបាលកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here