ដោយៈវឌ្ឍនៈ
ភ្នំពេញៈ នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ គេសង្កេតឃើញថាមានអចលនទ្រព្យ៤ប្រភេទ ដែលវិនិយោគិនមានការចាប់អារម្មណ៍ និងបានបណ្ដាក់ទុនវិនិយោគច្រើនជាង។
នៅថ្ងៃនេះយើងនឹងលើកយកពីប្រភេទ នៃអចលនទ្រព្យទាំង៤ប្រភេទមកជម្រាបអ្នកអានឱ្យបានយល់ដឹងបន្ថែមទៀត ។
១. អចលនទ្រព្យលំនៅឋាន
អចលនទ្រព្យប្រភេទនេះ សំដៅដល់ប្រភេទសំណង់ទាំងឡាយណា ដែល មានលក្ខណៈគ្រួសារដូចជាផ្ទះដីឡូត៍ ខុនដូ និង អាផាត់មិនជាដើម ។អចលនទ្រព្យប្រភេទនេះ គឺកំពុងទទួលបានការពេញនិយមខ្លាំង នៅក្នុងប្រទេសកម្ពុជា លើការអភិវឌ្ឍន៍រួមទាំងប្រភេទលំនៅឋាន ដែលមានតម្លៃទាប និងមធ្យមរហូតដល់អចលនទ្រព្យដែលមានតម្លៃខ្ពស់ៗ។
២. អចលនទ្រព្យពាណិជ្ជកម្ម
អចលនទ្រព្យនេះ គឺសំដៅដល់ប្រភេទសំណង់ណា ដែលបង្កើតឡើង សម្រាប់ រកប្រភពចំណូលឬសម្រាប់រកស៊ីនានា ។ ឧទាហរណ៍ជាក់ស្តែងដូចជាផ្សារទំនើប មជ្ឈមណ្ឌលកំសាន្ត មន្ទីរពេទ្យ គ្លីនិកបុរី និងសណ្ឋាគារជាដើម ។អចលនទ្រព្យប្រភេទគឺមានតម្លៃខ្ព ស់ជាងអចលនទ្រព្យប្រភេទ ផ្សេងទៀត សូម្បីតែផ្ទះនៅក្នុងតំបន់ពាណិជ្ជកម្ម ក៏លក់បានថ្លៃជាងផ្ទះដែលស្ថិតនៅក្នុងតំបន់លំនៅឋាន គឺមិនមានអាជីវកម្មសំបូរបែប។
៣. អចលនទ្រព្យឧស្សាហកម្ម
អចលនទ្រព្យស្ថិតនៅក្នុងប្រភេទនេះ គឺសំដៅដល់អចលនទ្រព្យណា ដែល បង្កើតមកសម្រាប់ធ្វើជាឃ្លាំង ដាក់ទំនិញឬក៏រោងចក្រទូទៅ ។តំបន់ឧស្សាហកម្ម ត្រូវបានគេចាត់ទុកជាតំបន់ ដែលសំបូរអ្នកមានចំណូលទាបនិងមធ្យមរស់នៅច្រើន។
៤. ដីធ្លី
អចលនទ្រព្យក៏កំពុងមានការវិនិយោគច្រើន ពីសំណាក់វិនិយោគិនជាតិនិងអន្តរជាតិ ផងដែរ ។ វាសំដៅដល់ដីធ្លីទាំងមូលដូចជា ដីស្រែ ដីឡូត៍ ដីទំនេរ ( រាប់ទាំងដីមិនទាន់អភិវឌ្ឍនិងកំពុងអភិវឌ្ឍ ) ឬក៏ដី កសិដ្ឋាន ។
អ្នកជំនាញនៃវិស័យអចលនទ្រព្យបានផ្ដល់ជាយោបល់ និងការយល់ឃើញថា ដីធ្លីជាអចលនទ្រព្យដែលគួរវិនិយោគ ដើម្បីទទួលបានប្រាក់ចំណេញនៅពេលអនាគត ហើយទិញដីទុកចំណេញក្នុងតម្លៃទាប និងលក់វិញក្នុងតម្លៃខ្ពស់ គឺជាឱកាសក្នុងការសាងភាពមានបាន។ ម្យ៉ាងទៀតបើចង់វិនិយោគដីធ្លី កុំរកទីតាំងនៅជិតៗក្រុង គួររកទីតាំងដែលនៅឆ្ងាយៗពីក្រុង ៕