វៀតណាមបញ្ចេញលទ្ធផលស្ទង់មតិឆ្នាំ២០២២ ដែលឆ្លុះបញ្ចាំងពីទំនោររបស់អ្នកទិញអចលនទ្រព្យ

0

ដោយៈសុខុម

ហាណូយៈ គេហទំព័រជួញដូរអចលនទ្រព្យឈានមុខគេ នៅវៀតណាម Batdongsan.com បានចេញផ្សាយលទ្ធផល នៃការស្ទង់មតិមួយកា​លពីថ្ងៃសុក្រ សប្ដាហ៍មុនដែលបង្ហាញថា អ្នកទិញលំនៅដ្ឋានក្នុងប្រទេសវៀតណាម មានទំនោរស្វែងរកទិញផ្ទះដែលធំទូលាយ និងមានធម្មជាតិបៃតង។

លទ្ធផលនៃការស្ទង់មតិសម្រាប់ឆមាសទី១ ដើមឆ្នាំ២០២២ នេះបង្ហាញថា ចំនួន៦១%នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេចង់រស់នៅជិតតំបន់ ដែលមានធម្មជាតិបៃតង។ ចំណែកឯ៤៥%ទៀតឆ្លើយថា ពួកគេកំពុងសម្លឹងរកឱកាសផ្លាស់ ទៅរស់នៅតំបន់ជាយក្រុង និងតំបន់ដែលមិនសូវមានមនុស្សអ៊ូអរខ្លាំងពេក។ នេះបើយោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃច័ន្ទ ទី២៨ កុម្ភៈ។

ដោយផ្អែកលើការស្ទង់មតិតាមអ៊ីនធឺណិត ដែលធ្វើឡើងទៅលើមនុស្សជាង១.០០០នាក់នៅទូទាំងប្រទេស កាលពីដំណាច់ឆ្នាំ២០២១ ការសិក្សានេះ បានធ្វើការវាស់ស្ទង់អារម្មណ៍ និងទំនោររបស់អ្នកទិញ ព្រមទាំងអ្នកលក់នៅក្នុងទីផ្សារអចលនទ្រព្យ និងក្ដីរំពឹងចំពោះអនាគតនា។

លក្ខខណ្ឌអំណោយផលចម្បងៗ ដែលអ្នកទិញស្វែងរក គឺតំបន់ដែលមានកន្លែងកម្សាន្ត សាលារៀន ដើមឈើ និងសេវាដឹកជញ្ជូនសាធារណៈ។ ប្ដីប្រពន្ធវ័យចំណាស់ជនជាតិវៀតណាម ជាច្រើនមានប្រាក់ចំណូលខ្ពស់ និងពួកគេចង់បានលក្ខខណ្ឌអំណោយផលទាំងនេះ។

ចំនួន៥២%នៃអ្នក ដែលត្រូវបានស្ទង់មតិយល់ឃើញថា តម្លៃអចលនទ្រព្យហាក់ខ្ពស់ពេក ប៉ុ​ន្តែប្រជាជន៧២% និយាយថា ពួកគេត្រូវការទិញអចលនទ្រព្យ ហើយយល់ថា តម្លៃអចលនទ្រព្យបានធ្លាក់ចុះ ដោយសារវិបត្តិកូវីដ-១៩។

ទន្ទឹមនឹងនេះ៣១%រំពឹងថា តម្លៃអចលនទ្រព្យនឹងបន្តហក់ឡើងជាង១០%ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ លោក Nguyễn Quốc Anh នាយកគេហទំព័រ Batdongsan.com បានលើកឡើងថា នេះជាមូលហេតុដែលជនជាតិវៀតណាម ជាច្រើនចូលចិត្តវិនិយោគលើអចលនទ្រព្យ។

ជាមួយគ្នានេះផងដែរ ៩២%នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេមានគម្រោងទិញអចលនទ្រព្យនាពេលអនាគត។

ជាងពាក់កណ្តាល នៃអ្នកដែលត្រូវបានស្ទង់មតិឆ្លើយថា ពួកគេកំពុងស្វែងរកទិញផ្ទះ ក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ដោយទីក្រុងហូជីមិញ និងក្រុងហាណូយ សុទ្ធតែជាទីតាំងដ៏ទាក់ទាញបំផុតពីរ សម្រាប់អ្នកទិញ បន្ទាប់មកគឺបណ្ដាទីក្រុង និងខេត្តក្បែរៗនោះ។

ការសិក្សាអំពីអារម្មណ៍ និងទំនោររបស់អ្នកទិញអចលនទ្រព្យប្រចាំឆមាសនេះ នឹងធ្វើការវាស់ស្ទង់ទំនុកចិត្ត និងការរំពឹងទុករបស់អ្នកទិញ៕ Vietnam News៕

LEAVE A REPLY

Please enter your comment!
Please enter your name here