ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារឯកភាព ក្នុងការសម្រេចជ្រើសរើសយក ទីតាំងសំរាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ។

ដោយៈគង់ ម៉ាលីនណា
ភ្នំពេញៈ សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារឯកភាព ក្នុងការសម្រេចជ្រើសរើសយក ទីតាំងសំរាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េរួចហើយ។

នេះបើតាមលិខិតមួយដែលមានបោះត្រា និងចុះហត្ថលេខាដោយលោកបណ្ឌិតសភាចារ្យអូន ព័ន្ឋមុនីរ័ត្នឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងចំណារឯកភាពសរសេរអក្សរដៃ ដែលគេស្គាល់ថា ជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងលិខិតខាងលើ ដែលបង្ហាញត្រឹមសចក្តីសន្ឋិដ្ឋាន បានបង្ហាញថា តាមការវិភាគលំអិត និងសិក្សាលើកត្តាចំបងសំខាន់ៗរួមមាន ស្ថានភាពចរាចរណ៍ប្រចាំថ្ងៃ ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ ទាំងទិដ្ឋភាពបច្ចេកទេស-ហិរញ្ញវត្ថុ និងផលប៉ះពាល់សង្គម និងសេដ្ឋកិច្ចបរិស្ថាន ព្រមទាំងការគិតគូរផងដែរ នូវការទាក់ទាញវិស័យទេសចរណ៍ ជាពិសេសកត្តាសោភ័ណភាព(Landmark) និងការលើកនូវសម្រស់ក្រុងភ្នំពេញ ក្រុមហ៊ុនកុងសុលតង់ បានផ្តល់នូវអនុសាសន៍ជារួមថា ជម្រើសទីតាំងទី២ (ផ្សាររាត្រីអរិយក្សត្រ) គឺជាជម្រើសសមស្រប និងល្អជាងជម្រើសទី១ សម្រាប់សាងសង់ស្ពានមិត្តភាពកម្ពុជា កូរ៉េ។
លិខិតដដែលបានបន្តថា ចំពោះប្រភេទស្ពានអាស្រ័យ ទៅតាមការសម្រេចរបស់ភាគីកម្ពុជា ក្នុងការជ្រើសរើសយកមួយ ក្នុងចំណោមជម្រើសទាំង៦បានសិក្សាខាងលើ។
លិខិតដែលមានចំណារបស់សម្តេចតេជោ បោះត្រានិងចុះហត្ថលេខាដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្នបានបន្តថា “ក្នុងន័យនេះ ខ្ញុំសូមគោរពស្នើសុំការសម្រេចដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោនាយករដ្ឋមន្រ្តីអនុញ្ញាត្តឲ្យក្រុមការងារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណៈការ និងដឹកជញ្ជូនចចាជាមួយស្ថាប័នពាក់ព័ន្ឋរបស់ភាគីកូរ៉េ សម្រេចយកជម្រើសសាងសង់ស្ពានមិត្តកម្ពុជា សាធារណៈរដ្ឋកូរ៉េនៅទីតាំងទី២ (ផ្សាររាត្រី អរិយក្សត្រ) ដោយសង់ស្ពានប្រភេទខ្សែកាបយោងខ្ពស់ទាំងពីរតែម្តង។
តាមរយៈលិខិតនេះ គឺសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានចារឯកភាពរួចហើយ។
អ្នកឧកញ៉ាសុខ គង់ ប្រធានក្រុមហ៊ុនសុខាអូតែលបានមានប្រសាសន៍ប្រាប់គេហទំព័រ Propertyarea.asia កាលពីថ្ងៃទី១ មិនាថា លោកបានដឹងព៌តមាននេះហើយ ដោយតាមរយៈមន្រ្តីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ប្រាប់លោកថា គំរោងសាងសង់ស្ពាននេះ គឺមិនប៉ះពាល់ដល់ដី និងសណ្ឋា គាររបស់ក្រុមហ៊ុនសុខាអូតែលនោះទេ ពោលគឺស្ពាននេះនឹងតភ្ជាប់ជាមួយផ្លូវដែលមានស្រាប់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណៈការ និងដឹកជញ្ជូន លោកវ៉ាស៊ីម សូរិយាបានមានប្រសាសន៍ឲ្យដឹងថា តាមប្រភពពីមន្រ្តី ចំណារខាងលើនេះ ពិតជាចំណាររបស់សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាពិតមែន ហើយព៌តមានលំអិតពីទីតាំងស្ពាននេះ លោកបានដឹងព៌តមានខ្លះៗ ប៉ុន្តែការសម្រេចបែបណា លោកមិនមានព៌តមានលំអិតនោះទេ៕