អ្នកជំនាញៈសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនប៉ះពាល់ដល់វិស័យអចលនទ្រព្យកម្ពុជាទេ

0

ដោយៈគង់ សូរិយា

ភ្នំពេញៈ អ្នកជំនាញបានលើកឡើងថា វិបត្តិសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយ ក្រែនមិនប៉ះពាល់អ្វីធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច និងវិស័យអចលទ្រព្យនៅកម្ពុជាទេ។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទ កាលពីថ្ងៃទី១ មិនាកន្លងមកថា ទំហំនៃវិបត្តិនេះ អាចជះផលប៉ះពាល់ខ្លះដល់វិស័យទេស​ចរណ៍ និងវិនិយោគិនរុស្ស៊ីនៅកម្ពុជាតិចតួចផងដែរ ប៉ុន្តែវាមិនមានបញ្ហាធ្ងន់ធ្ងរ​នោះទេ។

លោកបន្តថា “បច្ចុប្បន្ននេះ យើងមិនទាន់រកឃើញសញ្ញាណាមួយ បង្កផលប៉ះពាល់ពីសង្រ្គាមនេះ មកលើកម្ពុជាច្រើននោះទេ ពិសេសលើវិស័​យអចលនទ្រព្យ”។លោកបន្តថា “ការដាក់ទ័ណ្ឌកម្មលើរុស្ស៊ី ពីអាមេរិកនិងលោកខាងលិច មកលើរុស្ស៊ី មិនធ្វើឲ្យរុស្ស៊ីដួលរលំនោះទេ ព្រោះនេះជា ទ័ណ្ឌកម្មលើកទី១០១ហើយ”។

លោកច្រឹក សុខនីម បានបន្តថា ការវិនិយោគពីរុស្ស៊ី ក៏ដូចជាពីប្រទេសចិន និងអ្នកវិនិយោគចិនថ្មីៗ មិនទាន់មានចូលមកច្រើននៅឡើយទេ គឺមានខ្លះៗ ប៉ុន្តែពួកគេមិនទាន់យកលុយមកវិនិយោគ​ច្រើន នៅកម្ពុជានៅឡើយទេ។

លោកបណ្ឌិតគី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានមានប្រសាសន៍ថា បើសិនជាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនមិនអាចបញ្ចប់នៅពេលឆាប់ៗនេះទេ ផលប៉ះពាល់មកកម្ពុជាប្រាកដជាមានជាពិសេស គឺការនាំចេញរបស់កម្ពុជាទៅកាន់អឺរ៉ុប លើផលិតផលវាយនភ័ណ្ឌ សម្លៀកបំពាក់ និងស្បែកជើង ដោយសារតែ ផលិតផលនេះភាគច្រើនបាននាំចេញទៅកាន់ប្រទេសអឺរ៉ុប។

លោកបណ្ឌិតបន្តថា “ការបញ្ជាទិញទំនិញរបស់កម្ពុជា ពីសំណាក់បណ្ដាប្រទេសអឺរ៉ុប បច្ចុប្បន្ននេះ មានប្រមាណ៨ពាន់លានដុល្លារអាមេរិក ហើយបើសិនជាបណ្ដាប្រទេសទាំងនោះ ជាប់ពាក់ព័ន្ធនឹងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឱ្យបាត់បង់ ការបញ្ជាទិញយ៉ាងហោចណាស់ពាក់ក ណ្ដា​ល ឬប្រមាណ៤ពាន់លានទៅ៥ពាន់លានដុល្លារអាមេរិក”។

លោកកបណ្ឌិតបន្ថែមថា យ៉ាងណាក្ដីសេដ្ឋកិច្ចកម្ពុជា ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងការនាំចេញរបស់ខ្លួនមួយចំនួនផងដែរ ជាក់ស្ដែងកម្ពុជាមិនមែននាំចេញ តែផលិតផលវាយនភណ្ឌ ទៅកាន់ប្រទេសអឺរ៉ុបមួយមុខទេ តែកម្ពុជាបានចេញផលិតផលវាយនភណ្ឌ និងសម្ភារៈផ្សេងទៀត ទៅបណ្ដាប្រទេសក្រៅពីអឺរ៉ុប ហើយសង្គ្រាមរុស្ស៊ី និងអ៊ុយក្រែនវាប៉ះពាល់ដល់ប្រទេ​សជិតៗតំបន់នោះ តែកម្ពុជាក៏អាចនាំចេញទំនិញរបស់ខ្លួនទៅកាន់ប្រទេសឆ្ងាយពីតំបន់សង្គ្រាមបានដែរ ដូចជាទៅបារាំង អាល្លឺម៉ង់ជាដើម។

លោកបណ្ឌិតបញ្ជាក់ថា ទន្ទឹមនឹងវិបត្តិនៃសង្គ្រាមនេះដែរ ក៏មានបណ្ដាប្រទេសមួយចំនួនមិនរងផលប៉ះពាល់និងមានការងើបឡើងនៃសេដ្ឋកិច្ចរបស់ខ្លួនវិញ និងធ្វើឱ្យតម្រូវការទំនិញពីកម្ពុជាកាន់តែច្រើនឡើង ដូច្នេះកម្ពុជាអាចបង្កើនការនាំចេញបន្ថែមទៅកាន់ប្រទេសទាំងនោះដូចជាសហរដ្ឋអាមេរិកជាដើម ៕

LEAVE A REPLY

Please enter your comment!
Please enter your name here