ដោយៈសុខុម
វៀងចន្ទន៍: រដ្ឋាភិបាលឡាវ កំពុងបង្កើនកម្មវិធីអភិវឌ្ឍន៍ផ្លូវថ្នល់ក្នុងបណ្ដាខេត្តរបស់ខ្លួន ដើម្បីសម្រួលដល់ការធ្វើដំណើរ និងសម្រេចគោលដៅប្រែក្លាយខ្លួនពីប្រទេសគ្មានច្រកសមុទ្រ (Landlocked Country) ទៅជាប្រទេសតភ្ជាប់តាមផ្លូវគោក (Land-linked Country)។ នេះបើយោងតាមសារព័ត៌មាន Laotian Times ចុះផ្សាយកាលពីថ្ងៃអង្គារ ទី០១ មីនា។
សារព័ត៌មានឡាវ Vientiane Times បានចុះផ្សាយថា ក្រសួងសាធារណការ និងដឹកជញ្ជូន បានវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ លើការស្ថាបនាផ្លូវហាយវ៉េថ្មីៗ និងការជួសជុលកែលម្អផ្លូវហាយវ៉េ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដើម្បីបង្កើនការតភ្ជាប់ក្នុងស្រុក និងជាអន្តរជាតិ។
អនុរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក Lan Seng-Aphone កាលពីពេលថ្មីៗនេះ បានធ្វើការសង្ខេបអំពីការងារ ដែលសម្រេចបានពីឆ្នាំ២០១៩-២០២១ ដែលមានដូចខាងក្រោម។
រវាងស្រុក Naxaithong និងស្រុក Phonhong ក្នុងខេត្តវៀងចន្ទន៍ កំណាត់ផ្លូវជាតិលេខ១៣ បែកខាងជើង ត្រូវបានកែជួសជុលកែលម្អ និងសម្រេចបាន៥៤,៦៤% ខណៈដែលកំណាត់ផ្លូវជាតិលេខ១៣ ប៉ែកខាងត្បូង នៅចន្លោះពីបង្គោលគីឡូម៉ែត្រ៧១ និងបង្គោលគីឡូម៉ែត្រ៣៤៦ ក៏កំពុងស្ថិតក្រោមការជួសជុលកែលម្អដែរ។
ជាមួយគ្នានេះ ក្រសួងបានធ្វើការសិក្សាសមិទ្ធលទ្ធភាព សម្រាប់ការជួសជុលកែលម្អផ្លូវជាតិលេខ៨ ជាមួយជំនួយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) និងផ្លូវជាតិលេខ១២ ជាមួយជំនួយមូលនិធិពីទីភ្នាក់ងារសហប្រតិបត្តិការ អភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជិតខាង (NEDA) របស់ប្រទេសថៃ។
យោងតាមលោក Lan Seng-Aphone ឱ្យដឹងថា ផ្លូវចំនួន៤ខ្សែត្រូវបានជួសជុលកែលម្អ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ។
ផ្លូវលេខ៦ រវាងក្រុង Viengxay និង Namsoiy និងផ្លូវលេខ៦ រវាងក្រុង Hanglong និង Sobbao ក្នុងខេត្ត Huaphan កំពុងត្រូវបានជួសជុលកែលម្អ ហើយទទួលបានថវិកាមួយផ្នែក ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
ទន្ទឹមនឹងនេះ ផ្លូវលេខ៤B ពីស្រុក Hongsa ក្នុងខេត្ត Xayaboury ឆ្ពោះទៅ Xiengman ក្នុងខេត្ត Luang Prabang ក៏ត្រូវបានជួសជុលកែលម្អផងដែរជាមួយជំនួយមូលនិធិពីប្រទេសថៃ ខណៈខេត្ត Savannakhet ក៏នឹងជួសជុលកែលម្អផ្លូវលេខ២.៦៣១៣ ពីស្រុក Thapangthong ឆ្ពោះទៅស្រុក Toumlan ក្នុងខេត្ត Salavanh ក្រោមជំនួយពីប្រទេសចិន។
ផ្លូវលេខ៤B ពីស្រុក Hongsa ក្នុងខេត្ត Xayaboury ទៅតំបន់ Xiengman ក្នុងខេត្ត Luang Prabang ក៏ត្រូវបានជួសជុលកែលម្អផងដែរជាមួយនឹងមូលនិធិរបស់ NEDA។
សារព័ត៌មានចិន China Daily បានចុះផ្សាយថា ប្រទេសចិន តាមរយៈក្រុមហ៊ុន China North Industries Group Corporation Limited (NORINCO) របស់ខ្លួនបានចាប់ផ្តើមជួសជុល កែលម្អផ្លូវលេខ២.៦៣១៣ ពីស្រុក Thapangthong ក្នុងខេត្ត Savannakhet ឆ្ពោះទៅស្រុក Toumlan ក្នុងខេត្ត Salavanh កាលពីឆ្នាំ២០១៨។
ទន្ទឹមនឹងនេះ ស្ពាននានាត្រូវបានសាងសង់ ឬជួសជុលក្នុងខេត្តមួយចំនួនរួមទាំងស្ពានមិត្តភាពឡាវ-ថៃ ទី៥ តភ្ជាប់ Paksan ក្នុងខេត្ត Bolikhamxay ជាមួយខេត្ត Bueng Kan ប្រទេសថៃ ផងដែរ ហើយវានឹងក្លាយជាច្រករបៀង ដឹកជញ្ជូនដ៏សំខាន់មួយ ដែលតភ្ជាប់ប្រទេសថៃ និងទីក្រុងជាច្រើនរបស់វៀតណាម តាមរយៈប្រទេសឡាវ។
សារព័ត៌មានឡាវ Vientiane Times បានចុះផ្សាយថា ក្រសួងនឹងបន្តធ្វើការជួសជុលកែលម្អ បណ្តាញផ្លូវថ្នល់ ដើម្បីលើកកម្ពស់ការតភ្ជាប់ថ្នាក់តំបន់។ នេះនឹងរួមបញ្ចូលទាំងការជួសជុល កែលម្អផ្លូវជាតិមួយចំនួនរួមទាំងផ្លូវជាតិលេខ៩ ដែលតភ្ជាប់ពីទីក្រុង Kaysone Phomvihane ឆ្ពោះទៅស្រុក Xeno នៅតាមព្រំដែនឡាវ-វៀតណាម ផងដែរ៕ Laotian Times៕