ដោយៈ សហការី
ក្រចេះ ៖ ក្រុមហ៊ុន លី ហូរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯក (បុរី វិមានភ្នំពេញ) បានបើកការដ្ឋានសាងសង់ផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្មលើទំហំផ្ទៃដីជំហានដំបូង លើទំហំដីប្រមាណ៧ហិចតា ដែលរួមមានផ្ទះអាជីវកម្មប្រមាណ៥០៧ខ្នងផ្ទះ និងអគារពាណិជ្ជកម្មចំនួន៧ ដែលជាកម្លាំងចលករមួយ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ទីរួមស្រុកស្នួល ខេត្តក្រចេះ។
អ្នកឧកញ៉ា លី ហួរអគ្គនាយកបុរីវិមានភ្នំពេញបានមានប្រសាសន៍ក្នុងពិធីបើកសម្ភោធគំរោងនៅព្រឹកថ្ងៃទី២ មិនានេះថា “ថ្ងៃនេះ ក្នុងនាមខ្ញុំជា ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហូរ ឌីវេឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) មានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណជាអនេកចំពោះ វត្តមានរបស់ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក-លោកស្រី អ្នកនាង កញ្ញា ថ្នាក់ដឹកនាំ និងបុគ្គលិក ដែលបានចូលរួម ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ បុរី វិមានភ្នំពេញ គម្រោងទី១៦នៅថ្ងៃនេះ។
អ្នកឧកញ៉ាបានបញ្ជាក់ថា ក្រុមហ៊ុន លី ហួរ ឌីវឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) ធ្លាប់តែចូលរួមអភិវឌ្ឍន៍ និងកែប្រែតំបន់មួយចំនួននៅរាជធានីភ្នំពេញ ខេត្តកណ្តាល ឱ្យមានសភាពអ៊ូអរ និងក្លាយជាតំបន់ពោរពេញទៅដោយការធ្វើអាជីវកម្ម និងពាណិជ្ជកម្ម។ ដោយឡែកថ្ងៃនេះ បើទោះបីជាមានការរាតត្បាគជម្ងឺកូវីដ-១៩ ជាសកលប្រមាណជាងពីរឆ្នាំកន្លងមកក៏ដោយ ក្រុមហ៊ុននៅតែមានសន្ទុះនៃការរីកចម្រើនទៅមុខ ដែលអនុញ្ញាតឱ្យក្រុមហ៊ុន បន្តបោះជំហានវិនិយោគមក អភិវឌ្ឍន៍នៅភូមិភាគឦសាន ទីរួមស្រុកស្នួល ខេត្តក្រចេះ ដើម្បីប្រែក្លាយតំបន់នេះ ជាទីប្រជុំជនពោរពេញទៅដោយផ្ទះពាណិជ្ជកម្ម និងអគារពាណិជ្ជកម្ម ជាតំបន់ដែលមានសក្តានុពល។
ក្រុមហ៊ុន លី ហូរ ឌី វឡុបម៉ិន វិមានភ្នំពេញ ឯ.ក (បុរី វិមានភ្នំពេញ) ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ អគារលំនៅឋាន បានចាប់ផ្តើមដំណើរការតាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្នមានរយៈពេល ១១ ឆ្នាំហើយ បង្កើតបានចំនួន១៦គម្រោង ដែលបានសាងសង់នូវប្រភេទផ្ទះ និងអគារជាច្រើន មាន ដូចជា៖ អគារពាណិជ្ជកម្ម ផ្ទះពាណិជ្ជកម្ម ភូមិគ្រឹះ ផ្ទះវិឡាទោល ផ្ទះវីឡាភ្លោះ ផ្ទះវីឡាកូនកាត់ និងផ្ទះ ល្វែង សម្រាប់លក់ជូនប្រជាពលរដ្ឋគ្រប់កម្រិតជីវភាព។
កត្តាដែលធ្វើឱ្យក្រុមហ៊ុន អាចបោះទុនវិនិយោគអភិវឌ្ឍន៍សាងសង់អគារលំនៅឋាន បានរហូតមកដល់បច្ចុប្បន្ននេះ គឺដោយសារតែក្រុមហ៊ុន បានយកចិត្តទុកដាក់លើគុណភាពសេវាកម្ម គុណភាពសំណង់ ទីតាំងអភិវឌ្ឍន៍ និងលក្ខខណ្ឌបង់ប្រាក់ ងាយស្រួលស្របទៅតាមស្ថានភាពកម្រិតជីវភាពរបស់អតិថិជន និងទៅតាមប្រភេទម៉ូតផ្ទះ ហើយអ្វីដែលមិនអាចខ្វះបាន គឺប្រទេសមានសុខសន្តិភាព និងការគាំទ្រពីសំណាក់អតិថិជនជាច្រើន ដូច្នេះ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមថ្លែងអំណរគុណដល់អតិថិជន បុរីវិមានភ្នំពេញ ដែលតែងតែគាំទ្រលើ គុណភាពសំណង់របស់ក្រុមហ៊ុនមួយនេះ តាំងពីដើមរៀងមក៕