ដោយៈសុខុម
ប្រទេសឡាវៈ ពេលនេះប្រទេសឡាវ កំពុងសម្រុកសាងសង់ឡើងវិញនូវកោះ Moung Khoun ដ៏ពិសិដ្ឋនៅកណ្ដាលទន្លេមេគង្គ ស្ថិតក្នុងភូមិសា ស្ត្រស្រុក Chomphet ខេត្តហ្លួងព្រះបាង បន្ទាប់ពីកោះនេះបានលិចបាត់ទៅក្រោមផ្ទៃទឹក ក្រោយការសាងសង់ទំនប់សាយ៉ាប៊ូរី (Xayaboury Dam)។
លោក Soukan Bounyong ប្រធានរណសិរ្សភិវឌ្ឍន៍ខេត្ត និងជាប្រធានគម្រោងសាងសង់កោះនេះ បានចុះពិនិត្យមើលការងារសាងសង់នៅដើមសប្តាហ៍នេះ ហើយឃើញថា ការងារសាងសង់សម្រេចបាន៩០%ហើយ។ នេះបើយោងតាមសារព័ត៌មានឡាវ Laotian times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី៣ មីនា។
លោក Soukan Bounyong បានបញ្ជាក់ថា កោះកណ្ដាលទន្លេមេគង្គ ដែលសាងសង់ឡើងវិញនេះ នឹងមានបណ្តោយ៣៣០ម៉ែត្រ និងទទឹង៥០ម៉ែត្រ។ មុនពេលសាងសង់ទំនប់វារីអគ្គិសនីសាយ៉ាប៊ូរី កោះនេះធ្លាប់ជាទីតាំងវប្បធម៌ និងសាសនាដ៏សំខាន់មួយសម្រាប់ប្រជាជនមូលដ្ឋាន។
តាមប្រពៃណី កោះនេះត្រូវបានប្រជាជនប្រើប្រាស់ ជាកន្លែងសម្រាប់សង់ចេតិយខ្សាច់ និងបាញ់រ៉ុក្កែតឫស្សី (Bamboo Rocket) អំឡុងបុណ្យចូលឆ្នាំថ្មី។
ទោះជាយ៉ាងណា ទំនប់សាយ៉ាប៊ូរី បានធ្វើឱ្យប៉ះពាល់ដល់កម្រិតទឹកក្នុងទន្លេដែលធ្វើឱ្យកោះនេះ លិចបាត់ទៅក្រោមផ្ទៃទឹក។
សារព័ត៌មានឡាវ Lao Post បានចុះផ្សាយថា បច្ចុប្បន្នកោះនេះកំពុងត្រូវបានសាងសង់ឡើងវិញ ដោយក្រុមហ៊ុន CH Karnchang (ប្រទេសថៃ) ហើយការងារសម្រេចបាន៩០%ហើយ ក្រោយចាប់ផ្ដើមការសាងសង់កាលពីឆ្នាំមុន។ ផ្អែកតាមការរំពឹងទុក គម្រោងនេះនឹងបញ្ចប់ជាស្ថាពរនៅខែមីនា នេះ។
លោក Soukan Bounyong បានជំរុញឱ្យរដ្ឋបាលខេត្តហ្លួងព្រះបាង និង Chomphet កែលម្អសោភ័ណភាពទេសភាពតាមដងទន្លេមេគង្គ ធ្វើយ៉ាងណាឱ្យមានរបៀបរៀបរយ ហើយត្រៀមផែនការរក្សាឱ្យកោះនេះ នៅតែមានសោភ័ណភាពប្រកបដោយនិរន្តរភាព៕ Laotian Times៕