ដោយៈសុខុម
ហាណូយ: ក្រុមហ៊ុនផ្លូវដែកវៀតណាម Railways of Transport and Trade Joint Stock Company (Ratraco) បានប្រកាសថា ខ្លួននឹងដាក់ឱ្យដំណើរការបណ្ដាញផ្លូវដែក ដឹកជញ្ជូនទំនិញថ្មីមួយរវាងទីក្រុងដាណាង (Da Nang) និងអឺរ៉ុប នៅដើមខែនេះ។
យោងតាមសារព័ត៌មាន Vietnam News ចុះផ្សាយកាលពីថ្ងៃទី៤ មីនាបានឱ្យដឹងថា រថភ្លើងនេះនឹងដឹកជញ្ជូនទំនិញ ចំនួន២៣កុងតឺន័រ ដែលសុទ្ធតែជាគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន IKEA ដែលជាប្រែនគ្រឿងសង្ហារឹមដ៏ល្បីល្បាញរបស់ស៊ុយអែត។
រថភ្លើងនេះ នឹងឈប់សំចតនៅស្ថានីយផ្លូវដែកអន្តរជាតិ ដុងដាង (Đồng Đăng International Railway Station) នៃខេត្តព្រំដែនភាគខាងជើង Lang Sonto ជម្រះពន្ធគយ ដើម្បីឱ្យខ្លួនអាចបន្តដំណើរឆ្ពោះទៅកាន់ស្ថានីយផ្លូវដែកចឹងចូវ (Zhengzhou Railway Station) ក្នុងប្រទេសចិន មុនពេលភ្ជាប់រថភ្លើងអាស៊ី-អឺរ៉ុប ដើម្បីបន្តដំណើរទៅឱ្យដល់គោលដៅរបស់ខ្លួន។
គម្រោងដំណើរការបណ្ដាញផ្លូវដែកពីវៀតណាម ឆ្ពោះទៅអឺរ៉ុបនេះធ្វើឡើងបន្ទាប់ពីរថភ្លើងដឹកទំនិញមួយគ្រឿង បានចេញដំណើរពីក្រុងហាណូយ ឆ្ពោះទៅកាន់ប្រទេសបែលហ្ស៊ិក ជាលើកដំបូងកាលពីខែកក្កដា ឆ្នាំ២០២១ ដោយដឹកទូកុងតឺន័រទំនិញសម្លៀកបំពាក់ វាយនភ័ណ្ឌ និងស្បែកជើងស្បែក។
យោងតាមក្រុមហ៊ុនសាជីវកម្មផ្លូវដែកវៀតណាម (Việt Nam Railway Corporation) បានឱ្យដឹងថា សេវាដឹកជញ្ជូនទំនិញផ្លូវតាមដែកអន្តរជាតិ ទទួលបានកំណើនជាវិជ្ជមានកាលពីឆ្នាំ២០២១ និងនៅខែមករា ដើមឆ្នាំ២០២២ នេះ។
ទោះបីអំឡុងវិបត្តិកូវីដ-១៩ ក្ដី ក៏ទំនិញរហូតដល់ទៅជិត១,១៦លានតោនត្រូវបានដឹកជញ្ជូនតាមរថភ្លើង ក្នុងឆ្នាំ២០២១ ដោយកើនឡើង 34 ភាគរយបើធៀបនឹងឆ្នាំ២០២០៕ Vietnam News៕